ខេត្តកណ្ដាល ៖ នៅរដូវប្រាំងនេះ តាមបឹងអតីតឡូត៍នេសាទនិងកន្លែងអភិរក្សពូជត្រីជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រស្រុកស្អាង ស្រុកកោះធំ និងស្រុកលើកដែក មានបទល្មើសនេសាទគ្រប់ប្រភេទកំពុងកើតមានយ៉ាងអនាធិបតេយ្យ ដូចជាឆក់ ការដាក់សម្រាស់ធំៗ និងបូមបាច ចាប់ត្រីផ្ដាច់ពូជ កើតមានច្រើនស្អេកស្កះគួរឱ្យព្រួយបារម្ភជាខ្លាំង ខណៈអាជ្ញាធរនិងជំនាញជលផលហាក់ដូចជាមិនមានការយកចិត្តទុកដាក់បង្ក្រាបឡើយ ។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនេសាទត្រឹមត្រូវជាលក្ខណៈគ្រួសារបានប្រាប់ឱ្យដឹងថា ពួកគាត់មិនសប្បាយចិត្តសោះពេលទៅនេសាទត្រីតាមបឹងជាអតីតឡូត៍នេសាទក្នុងស្រុកស្អាង បានឃើញផ្ទាល់ភ្នែក មានក្រុមអ្នកឆក់ត្រី ច្រើនក្រុមកំពុងធ្វើសកម្មភាពឆក់យ៉ាងអនាធិបតេយ្យ ហាក់ដូចជាមិនខ្លាចអាជ្ញាធរនិងសមត្ថកិច្ចជំនាញឡើយ ។ ដូចជានៅចំណុចព្រំប្រទល់អតីតឡូត៍នេសាទលេខ៣និងលេខ៤ និងឡូត៍លេខ៥ស្ថិតក្នុងឃុំត្រើយស្លា និងឃុំប្រាសាទ ស្រុកស្អាង ។ ក្រៅពីបទល្មើសឆក់ត្រីនេះទៀតនៅមានការដាក់សម្រាស់រាប់រយកន្លែងនៅតាមកន្លែងទំនាប ដោយគេកាប់ដើមឈើប្រភេទព្រៃលិចទឹកដូចជា ដើមរាំង ដើមត្រស់ ដើមក្ដុលជាដើមយកមកធ្វើសម្រាស់ ហើយរហូតមកដល់ពេលនេះកំពុងប្រើមងក្រឡាញឹកមកហ៊ុំកៀរចាប់ត្រីផងដែរ ។
តាមសេចក្ដីរាយការណ៍បន្ថែមទៀតឱ្យដឹងថា នៅក្នុងភូមិសាស្ត្រឃុំលើកដែកស្រុកកោះធំចំណុចអតីតឡូត៍នេសាទលេខ៩ ក៏មានបទល្មើសនេសាទច្រើនណាស់ដែរ គេសង្កេតឃើញកើតមាននៅកន្លែងសហគមន៍នេសាទតែម្ដង ។ ពិសេសទៀតនោះសូម្បីតែកន្លែងអភិរក្សពូជត្រីក៏មានអ្នកចូលនេសាទដោយប្រើឧបករណ៍ខុសច្បាប់ផងដែរ ។ នៅតាមទីទំនាបក្បែរកន្លែងសហគមន៍នេសាទ មានដាក់សម្រាស់រាប់សិបកន្លែង សម្រាស់ទាំងនេះសុទ្ធតែកាប់ដើមឈើប្រភេទព្រៃលិចទឹកយកទៅដាក់ទាំងអស់ ។ ប្រជាពលរដ្ឋបានលើកឡើងថា បើថាបទល្មើសនេសាទប្រើឧបករណ៍ឆក់ត្រីទៅ គឺវាពិបាកក្នុងការបង្រ្កាបដេញប៉ផាប់ចាប់ពភីង ចុះសម្រាស់ដាក់នៅពេញផ្ទៃបឹងមិនពិបាកក្នុងការបង្ក្រាបនោះទេ ព្រោះពេលគេយកទៅដាក់នោះ មិនមែនដាក់មួយម៉ោងហើយលើកចេញឯណា ។ ចំណែកដល់ពេលកៀរចាប់យកត្រីវិញនោះក៏មិនមែនកៀរមួយម៉ោងហើយដែរគឺរយៈពេលមួយថ្ងៃ២ថ្ងៃ ទើបកៀរហើយ ប៉ុន្តែគ្មានជំនាញជលផលនិងអាជ្ញាធរ ពិសេសសហគមន៍នេសាទឡូត៍លេខ៩នេះតែម្ដង ដែលនៅជិតភ្នែកច្រមុះចេញទៅទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងនោះសោះ ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា សូម្បីតែសហគមន៍នេសាទឡូត៍លេខ៩ខ្លួនឯងនេះក៏បានព្រឹត្តបទល្មើសផងដែរដូចជា ដាក់សម្រាស់ និងប្រើមងក្រឡាញឹកធ្វើយ៉ចាប់ត្រីជាដើម ។ ប៉ុណ្ណឹងហើយក្រុមអ្នកនេសាទល្មើសច្បាប់ឯណាទៅខ្លាចបើសហគមន៍នេសាទមានតួនាទីបង្ក្រាប និងទប់ស្កាត់បទល្មើស បែរជាខ្លួនឯងបង្កើតបទល្មើសដោយខ្លួនឯងបែបហ្នឹង ។ តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា អតីតឡូត៍នេសាទលេខ១០និងលេខ១១ ស្រុកលើកដែកក៏មានបទល្មើសឆក់ត្រីនិងដាក់សម្រាស់ច្រើនស្អេកស្កះផងដែរ តែការបង្ក្រាបដូចជា មិនដែលឃើញជាលក្ខណៈធំដុំឡើយ ៕
ចែករំលែកព័តមាននេះ