ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដុះស្លែ​នៅស្រុក​បារាយណ៍

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ ល្បែង​បញ្ជល់​មាន់​ និង​អាប៉ោង​យ៉ាង​ដុះស្លែ​កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នៅ​លើ​ទឹកដី​នៃ​ស្រុក​​បារាយណ៍​ គឺ​មាន​​រាប់​ឆ្នាំ​មក​ហើយ​ ដោយសារតែសមត្ថ​កិច្ច​ និង​អាជ្ញាធរ​​មួយ​ចំនួន​បាន​បើក​ភ្លើង​ខៀវ​ ទើប​ដំណើរ​ការ​បាន​ល្អ​​ឥត​ខ្ចោះ​មក​ទល់​បច្ចុប្បន្ន ។​ មេ​អាប៉ោង​ និង​ជា​ម្ចាស់​សង្វៀន​បញ្ជល់​មាន់​ដ៏​ល្បី​រន្ទឺ​នៅ​ស្រុក​បារាយណ៍​ ហើយ​ត្រូវ​បាន​អ្នក​ស្រុក​ស្គាល់​ស្ទើរ​គ្រប់​គ្នា​ឈ្មោះ​ ជ័យ​ ផល្លា ភេទ​ប្រុស អាយុ​៤៥ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​នាង​ល្អ​ ឃុំ​ទ្រៀល​ ស្រុក​បារាយណ៍​ ។

ខេត្ត​កំពង់​ធំ​ ៖ ល្បែង​បញ្ជល់​មាន់​ និង​អាប៉ោង​យ៉ាង​ដុះស្លែ​កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នៅ​លើ​ទឹកដី​នៃ​ស្រុក​​បារាយណ៍​ គឺ​មាន​​រាប់​ឆ្នាំ​មក​ហើយ​ ដោយសារតែសមត្ថ​កិច្ច​ និង​អាជ្ញាធរ​​មួយ​ចំនួន​បាន​បើក​ភ្លើង​ខៀវ​ ទើប​ដំណើរ​ការ​បាន​ល្អ​​ឥត​ខ្ចោះ​មក​ទល់​បច្ចុប្បន្ន ។​ មេ​អាប៉ោង​ និង​ជា​ម្ចាស់​សង្វៀន​បញ្ជល់​មាន់​ដ៏​ល្បី​រន្ទឺ​នៅ​ស្រុក​បារាយណ៍​ ហើយ​ត្រូវ​បាន​អ្នក​ស្រុក​ស្គាល់​ស្ទើរ​គ្រប់​គ្នា​ឈ្មោះ​ ជ័យ​ ផល្លា ភេទ​ប្រុស អាយុ​៤៥ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​នាង​ល្អ​ ឃុំ​ទ្រៀល​ ស្រុក​បារាយណ៍​ ។​

កន្លង​មក​នគរបាល​ កង​រាជ​អាវុធ​ហត្ថ​ធ្លាប់​ចុះ​បង្ក្រាប​ ព្រម​ទាំង​ធ្វើ​កិច្ច​សន្យា​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែរ​ បុ៉ន្តែ​​នៅតែ​មិន​ឈប់​ ។ លុះដល់​យូរៗ​ទៅ​ ក៏បាន​ស្គាល់​ចិត្ត​ថ្លើម​គ្នា​ជា​មួយ​សមត្ថ​កិច្ច​ និង​​អាជ្ញាធរ​ភូមិ​ ឃុំ​ ស្រុក​​ រហូត​ដល់​ពោះវៀន​បត់​ជន្ទៀស​ ខ្លះ​យល់​ព្រម​ទទួល​សំណែន​ពី​បន​ល្បែង​ខាង​លើ ទើប​អាច​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​រលូន ។​ កាល​ពី​ឆ្នាំ​២០១៣​ លោក​សឿន​ មុនីរ័ត្ន​ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កំពង់​ធំ បាន​ដឹក​នាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ម្តង​ដែរ​ តែ​លោក​ជ័យ ផល្លា​ នៅតែ​មិន​រាង​ចាល​ដដែល​​ នៅ​តែ​លួច​ប្រព្រឹត្ត​ដដែល​ ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ និង​ជះ​ឥទ្ធិ​ពល​អាក្រក់​យ៉ាងខ្លាំង​ដល់​គោល​នយោ​បាយ​ភូមិ-​ឃុំ​មានសុវត្ថិ​ភាព​ទាំង​៩​ចំណុច​ ។​

លោក​ឧត្តម​សេនីយ៍​ត្រី​ ផាន់​ សុផេង ស្នង​ការ​ប៉ូលិស​ខេត្ត​ តែងតែ​មាន​ប្រសាសន៍​ផ្តាំ​ផ្ញើ​ និង​សំណូម​ពរ​យ៉ាង​ទទូច​ម្តង​ហើយ​ម្តងទៀត​ដល់​មន្ត្រី​នគរបាល​ទាំង​អស់​​គ្រប់​ក្រុង-​ស្រុក​ទូទាំង​ខេត្ត​ ត្រូវ​នាំគ្នា​អនុវត្ត​ឱ្យបាន​នូវ​គោល​នយោ​បាយ​ភូមិ-​ឃុំ​មាន​សុវត្ថិ​ភាព​របស់​ក្រសួង​មហា​​ផ្ទៃ​ ជាពិសេស​គឺ​ល្បែង​ស៊ីសង​គ្រប់​​ប្រភេទ​រួម​មាន​ បញ្ជល់​មាន់​ បៀ​ អាប៉ោង​ជា​ដើម ។​ល។​ បុ៉ន្តែ​ធម៌​ដែល​លោក​ស្នង​ការ​សូត្រ​នោះ​ ដូច​ឱ្យ​ពរ​ជ័យ​ទៅ​មេ​ល្បែង​ ជ័យ ផល្លា​ ឱ្យ​ទទួលបាន​ជោគ​ជ័យ​គ្រប់​គ្រា​ដូច្នោះ​ដែរ​ ។​ គួរ​​រំលឹក​ផង​ដែរ​ថា​ កន្លង​មក​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ធំ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន សែន​ ធ្លាប់​បាន​អញ្ជើញ​មក​ និង​មាន​ប្រសាសន៍ថា​ ទឹកដីស្រុក​បារាយណ៍​នេះ​​ល្បី​ថា សម្បូរ​ទៅ​ដោយ​សង្វៀន​បញ្ជល់​មាន់​ជាប់​លេខ​ទូ​ទាំង​ប្រទេស​ ។ល។ 

ក៏បុ៉ន្តែ​មន្ត្រី​ពាក់​ព័ន្ធ​នៅតែ​មុខ​ក្រាស់​ ​មិន​ចេះ​ឈឺ​ក្បាល​ហាល​ថ្ងៃ​ទៅ​នឹង​អនុសាសន៍​នោះ​ឡើយ ធ្វើ​ឱ្យ​សង្វៀន​បញ្ជល់​មាន់​ និង​ល្បែង​អាប៉ោង​ជា​ច្រើន​កន្លែង​កើត​មាន​នៅ​ស្រុក​បារាយណ៍​​ ​ប្រៀប​ដូច​ជា​ទុន​ទុក​សម្រាប់​ផ្ទះ​បាយ​ដូច្នោះ​ដែរ​ ។​ ជាក់​ស្តែង​ កាល​ពី​រសៀល​ថ្ងៃ​ទី​១០​ មីនា ​សកម្មភាព​បញ្ជល់​មាន់​ និង​លេង​អាប៉ោង​ ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​ពភ្លារ​ ឃុំ​ស្រឡៅ​ ស្រុក​បារាយណ៍​ មាន​បើក​លេង​គគ្រឹក​គគ្រេង​ និង​ត្រូវ​ម្ចាស់​សង្វៀន​ឈ្មោះ ជ័យ​ ផល្លា​ បាន​ជេរ​ប្រមាថ​ និង​ចាប់​​យក​កាមេរ៉ា​អ្នក​កាសែត​​មួយ​ក្រុម​ដែល​ទៅ​ថត​ ក្នុង​បំណង​កម្ទេច​ចោល​ទៀត​ផង​ តែ​រឿង​រ៉ាវ​នេះ​ត្រូវ​បាន​លោក​អភិបាល​ស្រុក​ និង​លោក​អធិការ​ប៉ូលិស​ចាត់​ឱ្យ​លោក​អធិការរង​ម្នាក់ដឹក​នាំ​កម្លាំង​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ ​ធ្វើ​ឱ្យ​អ្នក​លេង​រាប់​សិប​នាក់​ដាក់​មេ​ប្រូច​ហុយ​ដី​សំពោង​ទាំង​ថ្ងៃ និងបាន​ត្រឹម​តែ​​ដេញ​ឱ្យ​រុះ​រើ​ និង​ដុត​កម្ទេច​ចោល​សង្វៀន​បុ៉ណ្ណោះ ។

ចំណែក​កំពូល​មេ​ល្បែង​ មេ​សង្វៀន​ មិន​ត្រូវ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​អ្វី​តាម​ផ្លូវ​ច្បាប់​ទេ ​ដែល​សង្ស័យ​គឺ​សុទ្ធ​តែ​ម៉ូយ​ ឬ​គ្នា​ឯង​ ធ្លាប់​ស៊ី​ចុក​បុក​ទំពារ​ជា​មួយ​គ្នា ឬ​ពេល​រក​បាន​ចែក​គ្នា​រស់​ ។​ តាម​ប្រភព​ព័ត៌​មាន​សង្វៀន​បញ្ជល់​មាន់​​ដែល​មាន​នៅ​ក្នុង​ទឹកដី​ស្រុកបារាយណ៍​នេះ​ តែង​តែ​ផ្លាស់​ប្តូរ​កន្លែង​ជា​​និច្ច បើ​ចង់​ទៅ​ពិនិត្យ​ឱ្យ​ជាក់​នឹង​ភ្នែក​ ទាល់តែ​ទៅ​ដោយ​ស្ងាត់ៗ​ និង​លាក់​ការណ៍​បំផុត កុំ​ឱ្យ​សមត្ថ​កិច្ច​ ​និង​អាជ្ញាធរ​ដឹង​ ។ ​ប្រសិន​បើ​ទៅ​បង្ក្រាប​​ដោយ​ប្រកូក​ប្រកាស​ ច្បាស់​ជា​បែក​​ការណ៍​ដូច​បែក​ពាង​ប្រហុក​ និង​ទៅ​ចាប់​ខ្យល់​មិន​ខាន​ ៕​