ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដែលធ្លាប់លែងលះប្រពន្ធចំនួន២នាក់រួចទៅហើយ លុះបានប្រពន្ធទី៣ រស់នៅពុំចុះសម្រុងគ្នាទៀត ក៏សម្រេចចិត្តផឹកថ្នាំបាញ់កក់ ប៉ងបញ្ចប់ជីវិត ខណៈដែលប្រពន្ធទី៣ ចុះចោល និងសុំលែងលះគ្នាទៀត ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី១២ មីនា នៅផ្ទះបុរសរូបនេះ ក្នុងភូមិត្រពាំងរាំង ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ។
ទោះជាយ៉ាងណា បុរសនេះត្រូវក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ ។ បើតាមសម្តីប្អូនប្រុសបង្កើត ដែលយកបងមកមន្ទីរពេទ្យ និយាយថា បងប្រុសរបស់គេឈ្មោះ អាក់ ជឿន អាយុ៣២ឆ្នាំ មានប្រពន្ធឈ្មោះ តែម តឹម អាយុ៣០ឆ្នាំ និងមានកូនចំនួន៤នាក់ មានទីលំនៅក្នុងភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៍ ប៉ុន្តែពេលបានប្រពន្ធទី៣ ក៏មករស់នៅក្នុងភូមិត្រពាំងរាំង ។ ចំពោះមូលហេតុនៃការប៉ងសម្លាប់ខ្លួននេះ ត្រូវបានលោកមេភូមិត្រពាំងរាំង និយាយថា មកពីមានជម្លោះជាមួយប្រពន្ធ ហើយប្រពន្ធបានចុះចោល ។ មុនពេលលមានជម្លោះ បុរសរូបនេះបានប្រើប្រពន្ធទៅទិញថ្នាំបាញ់សម្លាប់សត្វកណ្តុរសុីស្រូវ លុះពេលត្រឡប់មកវិញ ប្តីរករឿងថា ទិញថ្នាំខុស ហើយក៏ស្តីបន្ទោស និងមានជម្លោះតែម្តង ពេលនោះប្រពន្ធក៏ចុះចោល ។
លោកមេភូមិបន្តថា ពេលនោះរូបគេបានមកប្តឹងលោកឱ្យជួយសម្រួលអង្វរប្រពន្ធមកផ្ទះវិញ តែលោកនិយាយថា «បើចង់ឱ្យប្រពន្ធមកផ្ទះវិញ ទៅតាមអង្វរដោយខ្លួនឯងទៅ» ។ លុះដល់ម៉ោងប្រហែល៨ព្រឹក បុរសរូបនេះបានផឹកថ្នាំបាញ់កក់នៅខាងក្រោយផ្ទះ ហើយត្រឡប់មកដេកវិញ ក្រោយឥទ្ធិពលថ្នាំជ្រាប ក៏ប្រកាច់បែកពពុះមាត់ បង្កការភ្ញាក់ផ្អើល ទើបនាំគ្នាដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ គ្រូពេទ្យនិយាយថា បុរសនេះកំពុងស្ថិតក្នុងការសង្គ្រោះនៅឡើយ ព្រោះឥទ្ធិពលថ្នាំបានជ្រាបចូលក្នុងខ្លួន និងមានរយៈពេលយូរ ទម្រាំនាំមកដល់មន្ទីរពេទ្យដើម្បីសង្គ្រោះ ៕
ចែករំលែកព័តមាននេះ