ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបឹង​កក់និង​បុរីកីឡា​តវ៉ាមុខ​សាលា​រាជ​ធានី សុំឱ្យ​ពន្លឿន​ការដោះ​ស្រាយ​បញ្ហា​ដីធ្លី​និងលំនៅ​ឋាន​ដ៏រ៉ាំ​រៃ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ អ្នក​រស់​នៅ​បឹង​កក់​ ដែល​មាន​ទំនាស់​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ​ និង​អ្នក​រស់​នៅ​បុរី​កីឡា​ ប្រមាណ​ជា​៥០​នាក់​ បាន​នាំ​គ្នា​ឈរ​មុខ​សាលា​រាជ​ធានី​ភ្នំពេញ​ តាម​បណ្តោយ​មហា​វិថី​ព្រះ​មុនី​វង្ស​ ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​១២​ មីនា​ ដើម្បី​សុំ​ឱ្យ​សាលា​រាជ​ធានី​ភ្នំពេញ​ ពន្លឿន​ការ​ដោះ​ស្រាយ​ដី​ធ្លី​តំបន់​បឹង​កក់​ និង​លំនៅ​ឋាន​ក្នុង​សហ​គមន៍​បុរី​កីឡា​ ។​

រាជធានីភ្នំពេញ​ ៖ អ្នក​រស់​នៅ​បឹង​កក់​ ដែល​មាន​ទំនាស់​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ​ និង​អ្នក​រស់​នៅ​បុរី​កីឡា​ ប្រមាណ​ជា​៥០​នាក់​ បាន​នាំ​គ្នា​ឈរ​មុខ​សាលា​រាជ​ធានី​ភ្នំពេញ​ តាម​បណ្តោយ​មហា​វិថី​ព្រះ​មុនី​វង្ស​ ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​១២​ មីនា​ ដើម្បី​សុំ​ឱ្យ​សាលា​រាជ​ធានី​ភ្នំពេញ​ ពន្លឿន​ការ​ដោះ​ស្រាយ​ដី​ធ្លី​តំបន់​បឹង​កក់​ និង​លំនៅ​ឋាន​ក្នុង​សហ​គមន៍​បុរី​កីឡា​ ។​

យោង​តាម​ញត្តិ​របស់​អ្នក​សហ​គមន៍​បឹង​កក់​ ឱ្យ​ដឹង​ថា​ សហ​គមន៍​បឹង​កក់​ សុំ​ឱ្យ​សាលា​រាជ​ធានី​ភ្នំពេញ​ ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​បឹង​កក់​ជា​បន្ទាន់​ បន្ទាប់​ពី​សាលា​រាជ​ធានី​ភ្នំពេញ​ ផ្តល់​ប្លង់​កម្ម​សិទ្ធិ​នៅ​ថ្ងៃ​ទី​៣​ មីនា​ ចំនួន​៨​គ្រួសារ​ ក្នុង​ចំណោម​៤៨​គ្រួសារ​ មាន​ដូច​ជា​ ៖ ១-​សូម​ឱ្យ​ផ្តល់​ប្លង់​កម្ម​សិទ្ធិ​ដល់​អ្នក​ដែល​នៅ​សេស​សល់​ចំនួន​៣៧​គ្រួសារ​ មាន​ភូមិ​ទី​២២​ ចំនួន​៥​គ្រួសារ​, ភូមិ​ទី​២៤​ ចំនួន​២​គ្រួសារ​, ភូមិ​ទី​៦​ ចំនួន​១គ្រួសារ​ និង​ភូមិ​ទី​១​ ចំនួន​២៩​គ្រួសារ​។​ ២-​មាន​៣​គ្រួសារ​ទៀត​ ស្ថិត​ក្នុង​ភូមិ​ទី​៦​ ត្រូវ​ផ្តល់​ប្លង់​កម្ម​សិទ្ធិ​ឱ្យ​គ្រប់​តាម​ទំហំ​ដី​របស់​ពួក​គាត់​ដែល​កំពុង​កាន់​កាប់​រស់​នៅ​ជាក់​ស្តែង​ក្នុង​ដី​ទំហំ​១២,៤៤​ហិកតា​ស្រាប់​ ។​ ៣-​បោះ​ព្រំ​ប្រទល់​ដី​ទំហំ​១២,៤៤​ហិកតា​ តាម​អនុក្រឹត្យ​លេខ​១៨៣​ អនក្រ​.បក​ ចុះ​ថ្ងៃ​ទី​១១​ ខែ​សីហា​ ឆ្នាំ​២០១១​ ។​

អ្នក​មក​ពី​បឹង​កក់​ ក៏​បាន​ចោទ​ប្រកាន់​សាលា​រាជ​ធានី​ភ្នំពេញ​ថា​ កន្លង​មក​បាន​ផ្តល់​កម្ម​សិទ្ធិ​ដីធ្លី​ដល់​អ្នក​ណា​ដែល​មិន​ចេញ​មុខ​តវ៉ា​ ហើយ​ការ​ផ្តល់​កម្ម​សិទ្ធិ​នេះ​ដែរ​ មិន​មែន​ជា​អ្នក​ដែល​រស់​នៅ​ក្នុង​សហ​គមន៍​ទេ​ ។​ ពួក​គាត់​បាន​សុំ​ឱ្យ​សាលា​រាជ​ធានី​ភ្នំពេញ​បញ្ចប់​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​បឹង​កក់​ ចាប់​ពី​ពេល​នេះ​តទៅ​ ដើម្បី​ឱ្យ​ពួក​គេ​មាន​ពេល​វេលា​សម្រាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ ។​ ដោយ​ឡែក​ អ្នក​សហ​គមន៍​បុរី​កីឡា​ ក៏​បាន​ដាក់​ញត្តិ​ជូន​សាលា​រាជ​ធានី​ភ្នំពេញ​ដែរ​ គឺ​សហ​គមន៍​បុរី​កីឡា​ក្នុង​ភូមិ​ទី​១២​ សង្កាត់​វាល​វង់​ ខណ្ឌ​៧​មករា​ ស្នើ​សុំ​ឱ្យ​សាលា​រាជ​ធានី​ភ្នំពេញ​ ដោះ​ស្រាយ​លំនៅ​ឋាន​ដល់​សហ​គមន៍​បុរី​កីឡា​ ដែល​កំពុង​រង​គ្រោះ​ជា​បន្ទាន់​ ។​

ញត្តិ​នេះ​បាន​លើក​ឡើង​ថា​ កន្លង​មក​លោក​អភិបាល​រាជ​ធានី​ភ្នំពេញ​ បាន​សន្យា​តាំង​ពី​មុន​ពេល​បោះ​ឆ្នោត​ថា​ នឹង​ដោះ​ស្រាយ​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ គឺ​គ្មាន​ដំណោះ​ស្រាយ​សោះ​ ។ មិន​តែ​ប៉ុណ្ណោះ​ ថែម​ទាំង​យក​កម្លាំង​សមត្ថ​កិច្ច​មក​ប្រើ​អំពើ​ហិង្សា​ វាយ​ដំ​ និង​រុះ​រើ​លំនៅ​ឋាន​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មករា​ ឆ្នាំ​២០១២​កន្លង​ទៅ​ នេះ ។​ អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​កន្លង​មក​ហើយ​ ដែល​អ្នក​សហ​គមន៍​បុរី​កីឡា​ រស់​នៅ​ដូច​សត្វ​ធាតុ​ ពិបាក​ជាង​ស្លាប់​ទៅ​ទៀត​ គឺ​រស់​នៅ​ក្រោម​ដំបូល​តង់​ធ្លុះ​ធ្លាយ​ លើ​គំនរ​សំរាម​ ដ៏​ស្អុយ​រលួយ​ និង​រស់​នៅ​ក្រោម​កាំ​ជណ្តើរ​ បាត់​បង់​មុខ​របរ​ ព្រម​ទាំង​មាន​សុខ​ភាព​មិន​សូវ​ល្អ​ទៀត​ផង​ ។​

ក្នុង​ញត្តិ​ដាក់​ជូន​សាលា​រាជ​ធានី​ភ្នំពេញ​ដដែល​បញ្ជាក់​ថា​ អ្នក​សហ​គមន៍​បុរី​កីឡា​ មិន​ត្រូវ​ការ​ជម្រក​បណ្តោះ​អាសន្ន​នោះ​ទេ​ គឺ​ពួក​គាត់​ត្រូវ​ការ​អគារ​ទី​៩​ និង​ទី​១០​ តាម​កិច្ច​សន្យា​របស់​ក្រុម​ហ៊ុន​ផាន​ អុីម៉ិច​ ដែល​បាន​ព្រម​ព្រៀង​ជាមួយ​ពល​រដ្ឋ​តាំង​ពី​ឆ្នាំ​២០០៤​មក​ម៉្លេះ​ ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​ ។​ តំណាង​សហ​គមន៍​បឹង​កក់​ និង​បុរី​កីឡា​ បាន​និយាយ​ថា​ នៅ​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១២​ មីនា​ មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​ បាន​ចេញ​មក​ទទួល​យក​ញត្តិ​របស់​ពួក​គេ​ទាំង​ពីរ​សហ​គមន៍​ ហើយ​សន្យា​ថា​ នឹង​យក​ញត្តិ​នេះ​ដាក់​ជូន​លោក​អភិបាល​រាជ​ធានី​ភ្នំពេញ​ពិនិត្យ​ និង​ជួយ​ជំរុញ​ឱ្យ​មាន​ការ​ដោះ​ស្រាយ​ឱ្យ​បាន​ឆាប់​ផង​  ដែរ ។​ ពួក​គេ​ទាំង​ពីរ​សហ​គមន៍​ បញ្ជាក់​ថា​ បើ​មិន​មាន​ដំណោះ​ស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស​ទេ​ ពួក​គាត់​នឹង​នាំ​គ្នា​មក​តវ៉ា​ជា​ថ្មី​ម្តង​ទៀត​ ឬ​ច្រើន​ជាង​នេះ​ រហូត​ទាល់​តែ​សម្រេច​តាម​ការ​ស្នើ​សុំ​ ។​

លោក​ គឹម​ វុត្ថា​ ប្រធាន​សណ្តាប់​ធ្នាប់​ខណ្ឌ​ដូន​ពេញ​ និយាយ​ថា​ ក្នុង​ការ​ប្រមូល​ផ្តុំ​របស់​អ្នក​មក​ពី​សហ​គមន៍​បឹង​កក់​ និង​បុរី​កីឡា​ នៅ​មុខ​សាលា​រាជ​ធានី​ភ្នំពេញ​ មិន​មាន​អំពើ​ហិង្សា​ណាមួយ​កើត​ឡើង​ទេ​ គ្រាន់​តែ​សុំ​ឱ្យ​ពួក​គេ​រក្សា​សណ្តាប់​ធ្នាប់​ និង​រក​កន្លែង​ប្រមូល​ផ្តុំ​ ដើម្បី​កុំ​ឱ្យ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៍​ និង​ក្រោម​ការ​ឃ្លាំ​មើល​របស់​សមត្ថ​កិច្ច​ ។ នៅ​វេលា​ម៉ោង​១០ព្រឹក​ ក្នុង​ថ្ងៃ​ដដែល​ ពួក​គេ​បាន​រំសាយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ៕​