ខេត្តបន្ទាយមានជ័យ ៖ ថ្វីដ្បិតតែស្ថានការណ៍នយោបាយនៅប្រទេសថៃនៅមានភាពចលាចលនៅឡើយ ប៉ុន្តែការទំនាក់ទំនងរវាងអាជ្ញាធរ និងសមត្ថកិច្ចជាប់ព្រំដែននៃប្រទេសទាំង២កម្ពុជា-ថៃ នៃខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ នៅតែសហការល្អទៅវិញទៅមក ។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១២ មីនា ២០១៤ នេះ គេឃើញប្រតិភូថៃនៃស្រុកអារញ្ញ ខេត្តស្រះកែវ មួយក្រុមបានចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកកាន់សាលាបឋម និងអនុវិទ្យាល័យមួយ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដើម្បីនាំយកអំណោយជាសម្ភារកីឡា និងសិក្សាព្រមទាំងរបស់ផ្សេងៗមកឧបត្តម្ភដល់សាលា ក្នុងនោះក៏បានដាំកូនឈើរួមគ្នាជាមិត្តភាពផងដែរ។
ក្នុងកម្មវិធីប្រគល់ទទួលអំណោយពីភាគីថៃនៅសាលាបឋម និងអនុវិទ្យាល័យគីឡូម៉ែត្រលេខ៤នេះ ភាគីកម្ពុជាមានលោកម៉ែន សោភ័ណ អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់របស់លោកង៉ោ ម៉េងជ្រួន អភិបាលនៃគណ:អភិបាលក្រុងប៉ោយប៉ែត, លោកហាំ វណ្ណ: មេបញ្ជាការវរនគរបាលការពារព្រំដែនគោកលេខ៨៩១, តំណាងអង្គភាពនគរបាល និងអាវុធហត្ថក្រុង, មន្ត្រីក្រុមប្រឹក្សាក្រុង, មន្ត្រីការិយាល័យអប់រំក្រុង, លោកគាត ហ៊ុល ចៅសង្កាត់ផ្សារកណ្ដាល មន្ត្រីក្រុមប្រឹក្សាសង្កាត់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ចូលរួម។
ភាគីថៃមានវត្តមានលោកភិស្នុវ៉ាន់ថា ណាក់គូន អភិបាលស្រុកអារញ្ញ, លោកពិឈិត មីគុណស៊ុក មេបញ្ជាការចំពោះកិច្ចទាហានព្រានលេខ១២ (ទាហានឈុតខ្មៅ), មេឃុំថាខាម និងសមត្ថកិច្ចទាហានព្រាន(ឈុតខ្មៅ) ព្រមទាំងអ្នកយកព័ត៌មានថៃសរុបជាង៤០នាក់ ។
អំណោយជាសម្ភារបរិក្ខាទាំងនេះរួមមាន កង្ហារស្លាបវែង១៧, ស្លាបខ្លី៣, កៅអីជ័រ២៤, ថ្នាំលាបជញ្ជាំង៤ធុង, ប្រដាប់រុញលាបថ្នាំ៣, ធុងអនាម័យមានកង់៣, បាល់ទាត់៨, បាល់ទះ២, ហ្វីប្រូខ្នាតធំ-តូចជួសជុលដំបូល១៧០សន្លឹក, ខោអាវសិស្ស១៧សម្រាប់, សៀវភៅអានបកប្រែខ្មែរ-ថៃ២៤ក្បាល, សៀវភៅសរសេរ៨៦ក្បាល, តុជ័រវែង៦, ទឹកក្រូច៦យួរ, ទឹកសុទ្ធ៣០យួរ,នំស្រួយមួយចំនួន,រ៉ុកែតវាយ១គូ, ប៊ិច៤កំប៉ុង, បន្ទាត់៤ដុំ ដោយក្នុង១ដុំៗមាន១២ និងខ្មៅដៃ២កំប៉ុង។
ចែករំលែកព័តមាននេះ