រាជធានីភ្នំពេញ ៖ ពិធីការិនីរូបស្រស់នាង លីន ដា បានធ្វើការវាយប្រហារដោយពាក្យសម្តីអសុរសជាច្រើនទៅលើស្ត្រីម្នាក់ ដែលនាងចាត់ទុកថា បានរមិលគុណមកលើរូបនាងដែលខិតខំជួយផ្ចុងផ្តើមឱ្យមានឱកាសចេញសម្តែងតាមឆាកតន្ត្រីនានា ។
លីន ដា បានចាត់ទុកស្ត្រីរូបនោះជាក្រពើដែលរមិលគុណខ្លួន មិនត្រឹមតែមិនដឹងគុណរូបនាងប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើអំពើមិនគប្បីមួយចំនួនទៀត ដែលបានប៉ះពាល់ដល់រូបនាងផងដែរ ។
ពាក្យពេចន៍វាយប្រហារជាច្រើនត្រូវបានពិធីការិនីសាច់សខ្ចីរូបនេះ សរសេរបង្ហោះនៅលើគណនេយ្យហ្វេសប៊ុករបស់នាង ដើម្បីជាការឆ្លើយតបទៅលើស្ត្រីម្នាក់នោះដែលខ្លួនខំជួយ តែបែរជាមិនដឹងគុណនាងទៅវិញ ។
យ៉ាងណាក៏ដោយ បន្ទាប់ពីបង្ហោះពាក្យពេចន៍ជេរប្រមាថផ្អើលពេញហ្វេសប៊ុកនោះរួចមក លីន ដា ក៏បានធ្វើការសុំអភ័យទោសពីមិត្តភក្តិ និងអ្នកគាំទ្ររូបនាង ចំពោះការប្រើពាក្យពេចន៍អសុរសទាំងនោះ ប៉ុន្តែដោយឈរលើមូលហេតុអត់ទ្រាំមិនបាន ទើបនាងដាច់ចេញសរសេរវាឡើង ក្នុងន័យធូរអារម្មណ៍បន្តិច ។
ប៉ុន្តែទំនងជាពាក្យពេចន៍ទាំងនោះអាចធ្វើឱ្យប៉ះពាល់ដល់អាជីពសិល្បៈរបស់ខ្លួននោះ ទើបប៉ុន្មានម៉ោងក្រោយមកនាងបានលប់ចោលទៅវិញ ដោយទុកតែសារមួយចុងក្រោយដែលមិនមានពាក្យពេចន៍អសុរស ។
ឃ្លាចុងក្រោយដែល លីន ដា បានបន្សល់ទុកនោះបានសរសេរថា ដូចពាក្យចាស់លោកពោលថា (ចិត្តល្អក្រខ្លួន) ពិតណាស់ ការរាប់អានមនុស្សមួយចំនួន គឺមិនគិតពីប្រយោជន៍ និងការចំណេញពីគ្នាទេ ព្រោះជាមិត្តភាពពិតប្រាកដ ចេះជួយគ្នាទៅវិញទៅមកនៅគ្រាមានអាសន្ន ។ តែមនុស្សខ្លះរាប់យើងមើលឃើញតែផលប្រយោជន៍ និងផលចំណេញ មើលមិនឃើញពីគុណរបស់គេ តែសុខចិត្តធ្វើល្ងង់សិន ដើម្បីស្គាល់ពីចរិតអន់របស់មនុស្សដែលរាប់អានយើងមិនស្មោះ តែរាប់អានប៉ះមនុស្សចឹងបានតែខាតបង់ ។
ដោយឡែកចំពោះបញ្ហាខាងលើនេះ ពិធីការិនី លីន ដា បានឆ្លើយតបជាមួយកោះសន្តិភាពតាមសារអេឡិចត្រូនិចថា ចំពោះរឿងនេះ នាងមិនបានចាត់ទុកជារឿងធំដុំឡើយ ប៉ុន្តែគ្រាន់តែនាងសោកស្តាយនូវទង្វើរបស់ស្ត្រីម្នាក់នោះ ដែលនាងខំជួយ តែបែរជាទទួលលទ្ធផលមិនល្អទៅវិញ ។
នាងបាននិយាយថា «គ្រាន់តែរឿងសោកស្តាយក្មេងស្រីម្នាក់ដែលខ្ញុំខំជួយជ្រោមជ្រែងគេ តែគេមិនដឹងគុណខ្ញុំ» ។ នាងបន្តថា «ខ្ញុំយល់ថា ប្អូនគេប្អូនខ្ញុំស្រីដូចគ្នា ចង់មានការងារសិល្បៈ ខ្ញុំខំជួយឱ្យបានធ្វើតាម Concert តែចុងក្រោយគេធ្វើឱ្យខ្ញុំខកចិត្ត» ។
នាងបញ្ជាក់ថា «ធ្វើការអត់កើត បានតែអួត ទៅណាគេស្អប់ ខ្ញុំខកចិត្តណាស់ ។ គេជាមនុស្សភ្លើតភ្លើង តែខ្ញុំគិតថា នឹងព្យាយាមអប់រំ តែនៅមិនស្តាប់ខ្ញុំ ហ៊ានទៅខ្ចីលុយមិត្តខ្ញុំ ដោយឥតខ្លាចចិត្តគេ ខ្ញុំហួសចិត្តខ្លាំងណាស់ ៕
ចែករំលែកព័តមាននេះ