ខេត្តកំពត ៖ ករណីហិង្សាដោយដំបង និងអាវុធ AK បាញ់រះមកលើអ្នកចាក់ធុងបាស់ និងភ្ញៀវចូលរួមមង្គលការ ដែលបណ្តាលឱ្យមនុស្សប្រុស-ស្រីរងរបួសធ្ងន់ និងស្រាល ៤-៨នាក់នោះ តាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌស្រុកទឹកឈូបានឱ្យដឹងថា ជនបង្កត្រូវមហាជនបង្ហាញឱ្យស្គាល់អត្តសញ្ញាណហើយ គឺ ទី១-ឈ្មោះសួន វណ្ណរ៉េត អាយុ៣៣ឆ្នាំ ជាថៅកែភោជនីយដ្ឋានគោដុត យីហោព្រះចន្ទ មានទីលំនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មេរ ក្រុងកំបត ត្រូវជាកូនប្រុសលោកម៉េង សួន អតីតអភិបាលរងខេត្តកំពត (បច្ចុប្បន្នគេចខ្លួនបាត់) ទី២-ឈ្មោះសុវណ្ណរិទ្ធ អាយុប្រហាក់ប្រហែលគ្នា ហើយត្រូវជាមិត្តភក្តិឈ្មោះវណ្ណរ៉េត ជាថៅកែផ្សារដែកនៅបុរីBS ក្រុងព្រះសីហនុ (ក្នុងអូ៥) ។
តាមប្រភពពីសមត្ថកិច្ចឱ្យដឹងទៀតថា តាមការបំភ្លឺពីសាក្សីថា ឈ្មោះសុវណ្ណរិទ្ធ កាលពីព្រលប់គេឃើញកាន់កាំភ្លើងបង្ហាញភ្ញៀវនៅក្នុងពិធីមង្គលការនេះ រួចហើយយកកាំភ្លើងទៅទុកក្នុងរថយន្តវិញ ។ លុះពេលមានហេតុការណ៍កើតឡើងឈ្មោះនេះបានកាន់ដំបងវាយទៅលើបុរសចំណាស់ម្នាក់ រួមទាំងគូកនរបស់ខ្លួនផងដែរ រួចហើយគេឃើញឈ្មោះសួន វណ្ណរ៉េត រត់ទៅយកកាំភ្លើងចេញពីក្នុងរថយន្តមកសំដៅកន្លែងកើតហេតុ ដោយឈ្មោះនេះ ស្រែកថា «អ្ហែងបាញ់ ឈ្មោះរ៉េត ក៏បាញ់ឡើងលើ២គ្រាប់ បន្ទាប់មកក៏បាញ់រះផ្ចុចដី បណ្តាលឱ្យមនុស្សរងរបួសរដូករណែលតែម្តង ។
ពេលគេធ្វើសកម្មភាពរួច ពួកគេនាំគ្នាឡើងជិះរថយន្តរត់គេចខ្លួនទាំងយប់ ។ សមត្ថកិច្ចបន្តថា ជុំវិញករណីនេះ យើងកំពុងបន្តស្រាវជ្រាវចាប់ខ្លួនជនបង្ក និងអ្នកពាក់ព័ន្ធខាងលើ មកផ្តន្ទាទោសឱ្យខាងតែបាន ។
គួរបញ្ជាក់ថា យ៉ាងហោចណាស់មានអ្នករងបួសធ្ងន់និងស្រាលពី៤ ទៅ៨នាក់ក្នុងហេតុការណ៍បាញ់រះដោយកាំភ្លើងអាកា បង្កឡើងពីភ្ញៀវខាងកូនកំលោះដែលខឹងអ្នកចាក់ធុងបាស់ប្រញាប់ឈប់ពេក ។ ភ្ញៀវកំណាចនេះបានបាញ់រះអស់ជាង១០គ្រាប់ បណ្ដាលឱ្យរងរបួស និងមានការភ្ញាក់ផ្អើលក្នុងរោងការមួយ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ មីនា ស្ថិតក្នុងភូមិអន្លង់គគីរ ឃុំកណ្ដោល ស្រុកទឹកឈូ ។
តាមសម្ដីរបស់ឈ្មោះ ចាប ទៀន ភេទប្រុស អាយុ ២១ឆ្នាំ ជាអ្នកចាក់ធុងបាស់ដែលរងរបួសធ្លាយប្រអប់ដៃខាងស្ដាំបានប្រាប់ ថា នៅមុនពេលកើតហេតុ រូបគេកំពុងចាក់ធុងបាស់ឱ្យភ្ញៀវរាំលេង ។ នៅវេលាម៉ោង១០ក៏មានផ្ទុះហិង្សាគឺអ្នករាំបានឈ្លោះវាយតប់គ្នា ម្ដងរួចទៅហើយនៅក្នុងវង់រាំ រូបគេក៏ត្រូវម្ចាស់ដើមការខាងកូនក្រមុំប្រាប់ឱ្យឈប់ចាក់ធុង បាស់រាំតទៅទៀត ខ្លួនក៏ធ្វើតាមម្ចាស់ដើមការ ។ ស្រាប់តែប្រហែលជា១០នាទីក្រោយមក ក៏មានភ្ញៀវខាងកូនកំលោះមកបញ្ជាឱ្យចាក់ធុងបាស់ឡើងវិញ ខ្លួនក៏ប្រាប់ទៅអ្នកបញ្ជានោះវិញថា ខ្ញុំមិនហា៊នចាក់ទេ ព្រោះម្ចាស់ដើមការខាងកូនក្រមុំឱ្យផ្អាកសិន ។ គ្រាន់តែនិយាយប្រាប់ប៉ុណ្ណឹង អ្នកបញ្ជារូបនោះនិយាយសម្ដីធំៗតបមកវិញ រួចទាញកាំភ្លើងអាកាស្វាយបត់បាញ់គំរាមឡើងលើ២គ្រាប់ និងរះផ្ញុចដីជាច្រើនគ្រាប់ បណ្ដាលឱ្យរងរបួសភ្លាមៗចំនួន៤នាក់ ។
ប្រភពព័ត៌មានថា អ្នករងរបួសគឺម្ចាស់ធុងបាស់ និងម្ចាស់រោងការមួយគ្រួសារតែម្ដង ។ អ្នករងរបួសទាំង៤នាក់មាន ១-ឈ្មោះ ចាប ទៀន អ្នកចាក់ធុងបាស់ ។ ២- ឈ្មោះ ចាប តូ ភេទប្រុស អាយុ ២៨ឆ្នាំ ជាបង រងរបួសប្រអប់ជើងឆ្វេងបែកឆ្អឹង ។ ៣-ឈ្មោះ ឆន ង៉ែត ភេទស្រី អាយុ ២៣ឆ្នាំ រងរបួសកំភួនជើងខាងឆ្វេង ត្រូវជាប្រពន្ធឈ្មោះ ចាប តូ និង៤-ឈ្មោះ ស្វាយ អៀង ភេទប្រុស អាយុ ៥១ឆ្នាំ ជាឪពុករងរបួសចិញ្ចើមខាងស្ដាំ ក្រោមភ្នែកខាងឆ្វេង និងបាក់ធ្មេញ ។ អ្នករងរបួសទាំង៤នាក់រស់នៅក្នុងភូមិ-ឃុំកើតហេតុនេះដែរ ជាម្ចាស់រោងការ និងធុងបាស់ ។ ប្រភពពីអ្នករងគ្រោះឱ្យដឹងទៀតថា នៅពេលកំពុងកើតហេតុ ជនរងគ្រោះបានទូរស័ព្ទហៅសមត្ថកិច្ចឱ្យមកជួយអន្ដរាគមន៍២ដង គឺលើកទី១សមត្ថកិច្ចឆ្លើយថា ជាប់រវល់ និងពេលទូរស័ព្ទហៅលើកទី២បិទទូរស័ព្ទមិនអាចទាក់ទងបាន ។ ប្រភពដដែលឱ្យដឹងថា ក្រោយពេលបាញ់ឱ្យមានអ្នករបួសដួលរដូករណែលពេញរោងការហើយ ក្រុមអ្នកបាញ់បោះនិងភ្ញៀវខាងកូនកំលោះឯទៀតបាននាំគ្នាឡើងជិះ រថយន្ដ២គ្រឿងធ្វើដំណើរមកខេត្ដព្រះសីហនុ ដោយនាំទាំងកូនក្រមុំចេញទៅជាមួយផង ព្រោះកូនកំលោះជាអ្នកមកពីខេត្ដព្រះសីហនុ ។
ជុំវិញករណីបាញ់ដែលបង្កឱ្យមានរបួសនេះ លោក ណុប ចាន់ភាព អធិការរងស្រុកទឹកឈូផ្នែកព្រហ្មទណ្ឌបានប្រាប់កោះសន្ដិភាពថា នៅពេលកើតហេតុ មានមន្ដ្រីនគរបាលប៉ុស្ដិ៍នៅប្រចាំការម្នាក់ដែរ ប៉ុន្ដែក្ដាប់ក្រុមអ្នកបង្កមិនបាន ហើយមិនហ៊ានចេញមុខមកឃាត់ ដោយគេចចេញពីកន្លែងផ្ទុះអាវុធ ដែលជាឱកាសឱ្យក្រុមបង្កប្រមូលគ្នីគ្នាឡើងជិះរថយន្ដចេញពីកន្លែង កើតហេតុយ៉ាងប្រញាប់បំផុត ដូចដាក់មេប្រូច ។ លោកអធិការរងស្រុកឱ្យដឹងថា កម្លាំងសមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ ឃើញសម្បកគ្រាប់កាំភ្លើងអាកាដល់ទៅ២១គ្រាប់ ។ ចំណែកឪពុកកូនក្រមុំឈ្មោះ ស្វាយ ស្រស់ អាយុ ៤២ឆ្នាំ ម្ដាយឈ្មោះ ថ្លុង សុខា អាយុ ៤៣ឆ្នាំ កូនក្រមុំឈ្មោះ សន ចរិយា អាយុ ២១ឆ្នាំ និងកូនកំលោះ សមត្ថកិច្ចពុំស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា ជាជាងផ្សារដែកនៅខេត្ដព្រះសីហនុ ។
ចំណែកអ្នកបាញ់ក៏សមត្ថកិច្ចពុំទាន់ដឹងអត្ដ សញ្ញាណ និងធ្វើអ្វីបានដែរ ព្រោះក្រោយពេលកើតហេតុ កូនកំលោះបានយកសំណុំបែបបទធ្វើច្បាប់ការទៅជាមួយខ្លួនអស់ហើយ ។ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរយៈក្រុមគ្រួសារខាងកូន ក្រមុំ ដើម្បីឱ្យដឹងពីអត្ដសញ្ញាណជនបង្ក និងនាំខ្លួនមកដោះស្រាយចំពោះមុខច្បាប់ និងសងការព្យាបាលរបួសដល់ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យខេត្ដ ។
ចែករំលែកព័តមាននេះ