រាជធានីភ្នំពេញ ៖ លោក ស ថេត ស្នងការនគបាលរាជធានីភ្នំពេញបានសេចក្តីជូនដំណឹងដោយព្រមាននឹងស្ទូចរថយន្តណាដែលចតតាមផ្លូវសាធារណៈមិនគោរពច្បាប់ចរាចរណ៍គ្មានការយោគយល់ ។ សេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញផ្សាយនៅថ្ងៃទី២ កញ្ញានេះស្តីពីការចត ឬឈប់រថយន្តដោយល្មើសនឹងស្លាកសញ្ញាហាមឃាត់ ។

លោក ស ថេត បានលើកឡើងថា ដោយប្រទេសជាតិទទួលបានសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើនកាន់តែខ្លាំងទទួលបានការជឿទុកចិត្តជាច្រើនពីសំណាក់អ្នកវិយោគទុនបរទេស ជាពិសេសកំណើនប្រជាពលរដ្ឋចូលមករស់នៅក្នុងរាជធានីភ្នំពេញកាន់តែច្រើនឡើង ក៏ដូចជា កំណើននៃការប្រើប្រាស់ ម៉ូតូ និងរថយន្ត នៅក្នុងរាជធានីភ្នំពេញ ដែលជាកត្តាចម្បងបណ្តាលឲ្យមានការកកស្ទះតាមបណ្តោយផ្លូវមួយចំនួន ហើយម្យ៉ាងវិញទៀតការកកស្ទះក៏បណ្តាលមកពីការឈប់ ឬក៏ចតរថយន្តដោយគ្មានសណ្តាប់ធ្នាប់ ជាពិសេស គឺឈប់ ឬចតនៅកន្លែងទីតាំងដែលមានស្លាកសញ្ញាហាមឃាត់ ។

លោកស្នងការបានបញ្ជាក់ថា«ដូច្នេះដើម្បីជួយសហការណ៍ក្នុងការកាត់បន្ថយការកកស្ទះក៏ដូចជាធ្វើអោយទីក្រុងមានសោភ័ណ្ឌភាពល្អ សូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ មេត្តាជួយចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសឡានរបស់អង្គភាពមួយចំនួនដូចជា ឡានដែលពាក់ស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋជាដើម ត្រូវធ្វើជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅដោយមិនឈប់ ឬចតនៅទីកន្លែងដែលមានស្លាកសញ្ញាហាមឡើយ »។

ដើម្បីអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា កម្លាំងនគរបាលនៃការិយាល័យសណ្តាប់ធ្នាប់នឹងធ្វើការស្ទូចរថយន្តដែលឈប់ ឬចតល្មើសនឹងស្លាកសញ្ញាយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយគ្មានការយោគយល់ឡើយទោះជាឡានទំនើបស្លាកលេខ ន.ប ខ.ម និងស្លាកលេខរដ្ឋឲ្យតែខុស គឺស្ទូចតែម្តង ។ លោកថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់នឹងចូលរួមសហការណ៍ ដើម្បីជួយកាត់បន្ថយការកកស្ទះ ជាពិសេសធ្វើឲ្យទីក្រុងមានសណ្តាប់ធ្នាប់ល្អ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ