រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១០ មីនា ២០១៤ នៅទីស្នាក់ការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ បានរៀបចំសន្និសីទសារព័ត៌មានស្ដីពីព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០១៤ ។ សន្និសីទសារព័ត៌មាននេះធ្វើឡើងក្រោមប្រធានបទ«ការចូលរួមរបស់យុវជនក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ» ។
ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដដែលទាក់ទាញបានអ្នកទេសចរជាតិ និងអន្ដរជាតិជាង១៧ម៉ឺុននាក់ទៅទស្សនាខេត្ដសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាឆ្នាំកន្លងទៅនឹងត្រូវប្រារព្ធធ្វើជាថ្មីម្ដងទៀតចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០១៤ ។ ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដដែលគ្រោងធ្វើឡើងក្រោមប្រធានបទ«ការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ» ក្នុងឆ្នាំនេះ គេរំពឹងថា នឹងអាចទាក់ទាញអ្នកទេសចរជាតិ និងអន្ដរជាតិកាន់តែច្រើនទ្វេដងទៅទស្សនាខេត្ដសៀមរាប ដែលជាទីតាំងអតីតអាណាចក្រខ្មែរ ។
ក្រៅពីកម្មវិធីតាមបែបសាសនា ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំនេះនឹងបែងចែកជាកម្មវិធីប្រចាំថ្ងៃ ក្នុងនោះរួមមានទស្សនីយភាពភូមិខ្ញុំ ,ការលេងល្បែងប្រជាប្រិយ ,គុនល្បុក្កតោ ,ការសម្ដែងរបាំប្រពៃណីខ្មែរ ,ពិព័រណ៍ពាណិជ្ជកម្ម ,ពិព័រណ៍សិប្បកម្ម និងម្ហូបអាហារខ្មែរ និងការបណ្ដែតគោមទឹក និងកម្មវិធីផ្ទាំងទស្សនីយភាពដែលរួមមានការដង្ហែក្បួនយុវជនមហោស្រពវប្បធម៌សិល្បៈបុរាណរឿង «ព្រះសុធននាងកែវមនោរាហ៍» ព្រមទាំងមានការប្រគំតន្ដ្រីអង្គរសង្ក្រាន្ដ ដោយមានការចូលរួមពីសិល្បករ-សិល្បការិនី ល្បីៗរាប់រយនាក់ក្នុងព្រះរាជាណាចក្រកម្ពុជា ។
នេះជាលើកទី២ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំកម្មវិធីថ្នាក់ជាតិនេះឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់យុវជន និងសាធារណជនខ្មែរទូទៅបានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ ស្មារតីខ្មែរតែមួយ អនាគតតែមួយ និងដើម្បីផ្ដល់ឱកាសឱ្យយុវជនខ្មែរជំនាន់ក្រោយបានស្វែងយល់នូវភាពរុងរឿង ល្បីល្បាញនៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យមហានគររហូតមកដល់បច្ចុប្បន្ន និងឈានទៅបន្ដថែរក្សាកេរមរតកនេះឱ្យបានគង់វង្សទៅអនាគត ។
ព្រឹត្ដិការណ៍នឹងផ្ដល់ឱកាសឱ្យព្រះរាជាណាចក្រកម្ពុជាបានលើកតម្កើងអរិយធម៌វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ផូរផង់ របស់ខ្លួនឱ្យភ្ញៀវទេសចរជាតិ-អន្ដរជាតិបានស្វែងយល់ និងពង្រីកនូវកិត្យានុភាពនេះលើឆាកអន្ដរជាតិទៀតផង ។ មិនខុសពីឆ្នាំកន្លងទៅឡើយ ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំនេះប្រព្រឹត្ដទៅដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្ដរាប់រយនាក់មកពីស្ថាប័ន ផ្សេងៗគ្នា និងការគាំទ្រពីអាជ្ញាធរមានសមត្ថកិច្ច វិស័យរដ្ឋ និងវិស័យឯកជនជាច្រើនទៀត ។
ចែករំលែកព័តមាននេះ