រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យបងប្អូនកម្មករ-កម្មការិនី ប្រើប្រាស់សេវារថយន្តក្រុង (City Bus) និងកាណូតសាធារណៈ (Taxi Boat) ដោយមិនគិតកម្រៃសេវា រយៈពេល
២ឆ្នាំ ចាប់ពីថ្ងៃទី០១ កញ្ញា ឆ្នាំ២០១៧ ហើយនឹងត្រូវផុតកំណត់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ។

ប៉ុន្តែដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាជួយសម្រួលដល់ការចំណាយក្នុងការធ្វើដំណើររបស់
បងប្អូនកម្មករ-កម្មការិនីនោះ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតជាគោលការណ៍ឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តមិនយកកម្រៃសេវាចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលធ្វើដំណើរតាមរថយន្តក្រុង និងកាណូតសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)រាជធានីភ្នំពេញរយៈពេល២ឆ្នាំបន្តទៀត ដោយគិតចាប់ពីថ្ងៃទី០១កញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ កញ្ញា ឆ្នាំ២០២១ ដោយគ្រាន់តែបង្ហាញកាតធ្វើការងារទៅភ្នាក់ងារបម្រើសេវារបស់រដ្ឋាករ នឹងទទួលបានសេវានេះភ្លាម។

អាស្រ័យហេតុនេះ សូមបងប្អូនកម្មករ-កម្មការិនីទាំងមេត្តាជ្រាប និងចូលរួមធ្វើដំណើរតាមរថយន្តក្រុង
និងកាណូតសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញប្រកបដោយសុវត្ថិភាព និងផាសុកភាព ។ (សម្រួលដោយ៖ ស្រីណា)







ចែករំលែកព័តមាននេះ