ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​​សាច់​ដែល​មាន​ខ្លាញ់​​តិច​លើក​កម្ពស់​សុខភាព​​ឱ្យ​ប្រសើរ​ឡើង​​សម្រាប់​អ្នក​ជំងឺ​​ទឹក​នោម​ផ្អែម​​ហូប​​អាហារ​មាន​​ខ្លាញ់​ច្រើន​ប្រឈម​​នឹង​ផល​វិបាក​ខ្ពស់​

10 ឆ្នាំ មុន

ខ្លាញ់​ជា​ប្រភេទ​អាហារ​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​ការ​ និង​មិន​អាច​ខ្វះ​បាន​ ប៉ុន្តែ​បើ​លោក​អ្នក​ទទួល​ទាន​ខ្លាញ់​ច្រើន​ជ្រុល​អាច​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ដូច​ជា​ មាន​ជំងឺបេះ​ដូង​ លើស​ឈាម​ ទឹក​នោម​ផ្អែម​ និង​ជំងឺ​ផ្សេង​ទៀត​ ។ ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ កាល​ណា​ទទួល​ទាន​សាច់​មាន​ខ្លាញ​់​ច្រើន​ពេក​អាច​ប្រឈម​នឹង​ផល​វិបាក​ជា​ច្រើន​ ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​​។

ខ្លាញ់​ជា​ប្រភេទ​អាហារ​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​ការ​ និង​មិន​អាច​ខ្វះ​បាន​ ប៉ុន្តែ​បើ​លោក​អ្នក​ទទួល​ទាន​ខ្លាញ់​ច្រើន​ជ្រុល​អាច​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ដូច​ជា​ មាន​ជំងឺបេះ​ដូង​ លើស​ឈាម​ ទឹក​នោម​ផ្អែម​ និង​ជំងឺ​ផ្សេង​ទៀត​ ។ ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ កាល​ណា​ទទួល​ទាន​សាច់​មាន​ខ្លាញ​់​ច្រើន​ពេក​អាច​ប្រឈម​នឹង​ផល​វិបាក​ជា​ច្រើន​ ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​​។

លោក​វេជ្ជ​បណ្ឌិត​ សេង​ សេរី​ ឯក​ទេស​ជំងឺ​ទឹក​នោម​ផ្អែម​នៃ​មន្ទីរ​ពេទ្យ​ព្រះ​កុសុ​មៈ​បាន​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា​ ខ្លាញ់​ជាអាហារ​មួយ​ប្រភេទ​មាន​ប្រយោជន៍​សម្រាប់​ការ​រស់​នៅ​របស់​មនុស្ស​​ក្នុង​ពិភព​លោក ។​ សព្វ​ថ្ងៃ​ អ្នក​​ខ្វះ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​មាន​ចំនួន​តិច​តួច​បំផុត​ តែ​អ្នក​ដែល​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម​វិញ​គឺ​មាន​ចំនួន​ច្រើន​លើស​លប់ ហើយ​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​ការ​លើស​ជាតិ​ខ្លាញ់​​នេះ​ ក៏​បាន​សម្លាប់​មនុស្ស​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដែរ​ ។ បើ​យើង​និយាយ​អំពី​ខ្លាញ់​ គឺ​សំដៅ​លើ​ខ្លាញ់​ដែល​បាន​មក​ពី​សត្វ​មាន​ជីវិត​ដូច​​ជា ជ្រូក​ មាន់ ទា​ គោ ក្របី ត្រី ។ល។​ មនុស្ស​ទូទៅ កាល​ណា​​​ទទួល​ទាន​ខ្លាញ់​ប្រភេទ​នេះ​ច្រើន​អាច​បណ្តាល​ឱ្យ​លើស​ទម្ងន់​ ធាត់ដុះ​ពោះ​កំប៉ោង​ និង​បង្ក​ឱ្យ​កើត​ជំងឺ​ជាច្រើន​ដូច​ជា​ ទឹក​នោម​ផ្អែម​ លើស​ឈាម បេះ​ដូង​ សរសៃ​ឈាម​ សន្លាក់​ មហា​រីក​ ដុំ​ក្រួស​ក្នុង​ប្រមាត់​ ។​ ដោយ​ឡែក​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ការទទួល​ទាន​ខ្លាញ់​ប្រភេទ​សត្វ​ខាង​លើ​​នេះ​អាច​បង្ក​ឱ្យ​មាន​ការវិវឌ​្ឍ​នៃ​ផល​វិបាក​កាន់​តែ​លឿន​ជាង​មនុស្ស​ធម្ម​តា​ ពិសេស​សំដៅ​លើ​ជំងឺ​បេះ​ដូង​ និង​សរសៃឈាម ។​ ដូច្នេះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវកាត់​បន្ថយ​ឱ្យ​បាន​ជាអតិ​បរមា​​​នូវ​ការ​ទទួល​ទាន​ខ្លាញ់​ ។​

ស្វែង​យល់​អំពី​ប្រភេទ​សាច់​ខ្លាញ់​
១. ជ្រូក​ ៖ ជាសត្វ​មួយ​ប្រភេទ​ដែល​សាច់​របស់​វា​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ច្រើន តែ​ចំពោះ​សាច់​សុទ្ធ​របស់​វា បើ​សិន​ជា​គេ​ពន្លះ​យក​ខ្លាញ់​​ដែល​នៅ​ជុំវិញ​សាច់​ចេញ​ កម្រិត​ខ្លាញ់​មាន​តិច​ជាង​សាច់​សត្វ​​ដទៃ ។​

២. គោ​ ក្របី​ ចៀម ពពែ​ សេះ ៖​ សាច់​របស់​វា​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ជាង​សាច់​ជ្រូក​សុទ្ធ។​
៣. មាន់ ទា​ ក្ងាន​ ​ឬ​សត្វ​ស្លាប​ដទៃ​ទៀត​ ៖ សាច់​វា​សម្បូរ​ខ្លាញ់ ហើយ​គួរ​ចៀស​វាង​ការ​ទទួល​ទាន​ស្បែក ស្លាប​ និង​ជើង ​ព្រោះ​សម្បូរ​កំណក​ខ្លាញ់ ។​
៤.ត្រី ៖​ ខ្លាញ់​របស់​វា​មាន​លក្ខណៈ​ពិសេស​មួយ​ខុស​ពី​ខ្លាញ់​សត្វ​ដទៃ​ ខ្លាញ់​របស់​ត្រី​អាច​ជួយ​ការពារ​ជំងឺ​បេះ​ដូង​ សរសៃ​ឈាម​ និង​ជំងឺ​​ជា​ច្រើន​មុខ​ទៀត​ ដូច្នេះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ទទួល​ទាន​សាច់​ត្រី​ឱ្យ​បាន​ច្រើនទើប​ជា​ការ​ប្រសើរ ។​

៥. ពពួក​គ្រឿង​សមុទ្រ​ លៀស​ គ្រំ​ ខ្ចៅ ខ្យង​ ជាពពួកសត្វ​ដែល​មាន​ខ្លាញ់​តិច​ជាង​គេ ។​

លោក​វេជ្ជ​បណ្ឌិត​បាន​បញ្ជាក់​ថា ៖​
-សត្វ​ទាំងអស់​មាន​ខ្លាញ់​តិច ឬ​ច្រើន​ក៏​អាស្រ័យ​ទៅ​នឹង​របៀបចិញ្ចឹម​របស់​វា​ ការ​ចិញ្ចឹម​តាម​បែប​ធម្ម​ជាតិ​ សាច់​របស់​វា​មាន​ខ្លាញ់​តិច​ជាង​​ការ​ចិញ្ចឹម​តាម​របៀប​វិទ្យា​សាស្ត្រ​ ឬ​សិប្ប​កម្ម ។​ ជា​ការ​ប្រសើរ​យើង​គួរ​ជ្រើស​​រើស​​សាច់​សត្វដែល​ចិញ្ចឹម​បែប​ធម្ម​ជាតិ​មក​ធ្វើ​ជា​អាហារ​ ។​

-គ្រឿង​ក្នុងរបស់​សត្វ​ដូច​ជា​ ពោះ​វៀន​ កោះ​ ក្រពះ​ ក្រលៀន​ តែងតែ​មាន​ខ្លាញ់​ច្រើន​ជាង​សាច់​របស់​វា​ ។​
-ការ​ចម្អិន​សាច់​ដោយ​ស្ងោរ​ ចំហុយ​ អាំង​ អាច​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​របស់​សាច់​ តែ​ការ​ចៀន​ ឆា​ បំពង អាច​បង្កើន​ខ្លាញ់​ឱ្យ​កាន់​តែ​ច្រើន​​ទៅ​លើ​សាច់​នោះ​ទៀត​ ។​ ដូច្នេះ​លោក​អ្នក​គួរ​តែ​ជ្រើស​រើស​វិធី​ចម្អិន​​ដោយ​ស្ងោរ​ អាំង ឬ​ចំហុយ​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​នៅ​ក្នុង​សាច់ ។​

សាច់​សត្វ​អ្វី​ក៏​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ទទួល​ទាន​បាន​ដែរ​ គ្រាន់តែ​ត្រូវ​ចេះ​ជ្រើស​រើស​យក​សាច់​សត្វ​​​ប្រភេទ​ណា​ដែល​មានប្រយោជន៍​សម្រាប់​សុខ​ភាព​ និង​ជួយ​ទប់​ទល់​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ឆាប់​រហ័ស​ ។ បរិ​ភោគ​សាច់​ដែល​មាន​ខ្លាញ់​តិច​ មិន​មែន​បញ្ចៀស​នូវ​ផល​វិបាក​សម្រាប់​តែ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ​ មនុស្សទូទៅ​ក៏​មាន​ប្រយោជន៍​ដូចគ្នាដែរ ។​​ ខ្លាញ់​គឺ​ជា​សារ​ធាតុ​មួយ​ជួយបង្កើន​រស​ជាតិ​ឆ្ងាញ់​ទៅ​លើ​មុខ​ម្ហូប​ តែ​ក៏​ជា​ហានិ​ភ័យ​មួយ​សម្រាប់​សុខ​ភាព​ដែរ ប្រសិន​បើ​ហូប​​វា​ជា​​ប្រចាំ ៕