រាជធានីភ្នំពេញ ៖ ក្រុមវង់ភ្លេងពិណពាទ្យនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបាននិងកំពុងអភិវឌ្ឍខ្លួនជាក្រុមឯករាជ្យ និងបន្តនិរន្តរភាពដោយខ្លួនឯង ដែលមានឈ្មោះថាក្រុម «តន្ត្រីមង្គល» ដឹកនាំដោយលោកគ្រូសួរ វណ្ណា និងសហការជាមួយក្រុមសម្តែងប៊ូកូ ម៉ាឡាហ្គាស៊ី មកពីប្រទេសម៉ាដាហ្គាស្កា នឹងរៀបចំព្យុហយាត្រាសិល្បៈវាយស្គរ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤។
ព្យុហយាត្រាសិល្បៈនេះ នឹងធ្វើដំណើរចេញពីថ្នាក់ពិណពាទ្យស្ថិតនៅភូមិស្វាយ ឃុំខ្សាច់កណ្តាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឆ្ពោះទៅកាន់សាលាបឋមសិក្សាស្វាយជ្រុំ ហើយនឹងសម្តែងរួមគ្នានៅទីនោះ ។ ដំណើរព្យុហយាត្រានេះ នឹងចាប់ផ្តើមនៅម៉ោង២រសៀល។ នេះជាការចែករំលែកចំណេះដឹង និងសហការសម្តែងរួមគ្នានូវឧបករណ៍ស្គរខ្មែរ តន្ត្រីបុរាណខ្មែរ រួមជាមួយទម្រង់សិល្បៈមួយប្រភេទរបស់ក្រុមមា៉ឡាហ្គាសីុ ឈ្មោះថា Batucada ។
ក្រុមនេះបានសម្តែងម្តងរួចមកហើយ ជាមួយក្រុមសិល្បករខ្មែរនៅសិល្បៈខ្មែរអមតៈកាលពីថ្ងៃទី២១ មីនា ឆ្នាំ២០១៣ ។ ថ្វីដ្បិតតែទម្រង់សិល្បៈទាំងពីរមានភាពខុសគ្នាដាច់ស្រឡះ ប៉ុន្តែពួកគេបានសម្តែងរួមគ្នាដោយប្រើស្គរប្រគំជាចង្វាក់យា៉ងរស់រវើក ។ នៅថ្ងៃបន្ទាប់គឺថ្ងៃទី១៥ ខែមីនា ក្រុមប៊ូកូ មា៉ឡាហ្គាស៊ី នឹងបន្តទេសចរណ៍សិល្បៈរបស់ខ្លួន ទៅរួមសហការសម្តែងជាមួយក្រុមសិល្បករ សិល្បៈខ្មែរអមតៈជាច្រើននាក់ទៀត រួមជាមួយនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងក្រុមតន្ត្រីរបស់លោកសាស្ត្រាចារ្យបណ្ឌិតសំអាង សម នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ៕
ចែករំលែកព័តមាននេះ