ខេត្តព្រះសីហនុ ៖ មានករណីអគ្គិភ័យឆាបឆេះរថយន្តសាំយ៉ុងមួយគ្រឿងយ៉ាងសន្ធោសន្ធៅ ខណៈម្ចាស់ឈប់ចតដើម្បីដាក់ភ្ញៀវចុះ ហើយបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់អស់ចំនួន២រថយន្ត ទើបភ្លើងបានរលត់ទៅវិញ តែរថយន្តបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ទោះបីយ៉ាងណា គេពុំទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ ព្រោះពេលកើតហេតុ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅម្តុំមហោស្រព ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។
រថយន្តមួយគ្រឿងដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ ម៉ាកសាំយ៉ុង ជាប្រភេទរថយន្តដឹកអ្នកដំណើរ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។
យោងតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងមានដឹកអ្នកដំណើរ បើកបរក្នុងទិសដៅមកពីភ្នំពេញ បានមកឈប់សំចតនៅចំណុចកើតហេតុខាងលើ ដើម្បីដាក់ភ្ញៀវចុះពីលើរថយន្ត។
តាមប្រភពដដែលបានបន្តថា ខណៈពេលដែលអ្នកដំណើរប្រមាណពី៣ទៅ៤នាក់កំពុងតែដើរចុះពីលើរថយន្តនោះ ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះនៅផ្នែកខាងមុខរថយន្ត ធ្វើឲ្យអ្នកបើកបររថយន្ត និងភ្ញៀវរត់ចែកជើងគ្នាបាត់ស្រមោល បន្សល់ទុកតែរថយន្តដែលភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកន្លែងកើតហេតុ រហូតបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។
យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តដែលត្រូវអគ្គីភ័យឆាបឆេះខាងលើនេះ គឺបានបើកបរចេញពីផ្សារត្រែងត្រយឹង ដោយមានដឹកភ្ញៀវចំនួន៥នាក់ ធ្វើដំណើរមកកាន់ខេត្តព្រះសីហនុ ប៉ុន្តែជាអកុសលនៅពេលកំពុងដាក់ភ្ញៀវចុះពីលើរថយន្តក៏មានអគ្គិភ័យឆាបឆេះតែម្តង។
តាមប្រភពដដែលបានបញ្ជាក់ថា ក្រោយពេលមានអគ្គីភ័យឆាបឆេះរថយន្តកើតឡើង គឺម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ ដោយមិនមកទទួលខុសត្រូវឡើយ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ