ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ន លីហួរ​ ផ្តួល​គូ​សង​សឹក​ ខណៈ​រ៉ាក់ វិឆ័យ​ សន្លប់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ការប្រកួត​ប្រដាល់​កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​ ទី​៧​ និងទី​៨ ​មីនា​ ម្សិល​ម៉្ងៃ​មួយ​ និង​ម្សិល​ម៉្ងៃ​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ កីឡាករ​ម៉ន​ លីហួរ​ មក​ពីក្លិប​ព្រែក​ឯង​កីឡា​ បាន​ក្លាយ​ជាអ្នក​បំបាក់​គូសង​សឹក​ និង​កីឡាករ​រ៉ាក់ វិឆ័យ​ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០ បាន​ក្លាយ​ជា​អ្នក​សន្លប់​ក្រោម​ដៃ​របស់​គូ​ភាគី​ដែល​ត្រូវការ​សង​សឹក ។​ ​លទ្ធ​ផល​បញ្ច្រាសទិស​របស់​ពួកគេបាន​ធ្វើ​ឱ្

រាជ​ធានី​ភ្នំពេញ​ ៖ ការប្រកួត​ប្រដាល់​កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​ ទី​៧​ និងទី​៨ ​មីនា​ ម្សិល​ម៉្ងៃ​មួយ​ និង​ម្សិល​ម៉្ងៃ​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ កីឡាករ​ម៉ន​ លីហួរ​ មក​ពីក្លិប​ព្រែក​ឯង​កីឡា​ បាន​ក្លាយ​ជាអ្នក​បំបាក់​គូសង​សឹក​ និង​កីឡាករ​រ៉ាក់ វិឆ័យ​ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០ បាន​ក្លាយ​ជា​អ្នក​សន្លប់​ក្រោម​ដៃ​របស់​គូ​ភាគី​ដែល​ត្រូវការ​សង​សឹក ។​ ​លទ្ធ​ផល​បញ្ច្រាសទិស​របស់​ពួកគេបាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ខណៈ​ដែល​លទ្ធ​ផល​នោះ​គឺត្រូវ​នឹង​ការ​ព្យា​ករណ៍​ទាំង​ស្រុង​របស់​អ្នក​ទស្សនា​តាំងពី​មុន​ពួក​គេ​ទាំង​ពីរ​ឡើង​ប្រកួត ។​

កាល​ពី​ថ្ងៃ​​សុក្រ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ កីឡាករ​ម៉ន​ លីហួរ​ បាន​បំបាក់​ដៃគូ​របស់​ខ្លួន​ជា​លើក​ទី​២​ បើ​ទោះ​ជា​កីឡាករ​អាន​ សុផល មក​ពី​ក្លិប​មិត្ត​ប៉ូលិស​ បានប្រកាស​យ៉ាង​ដាច់​ណាត់​​ថា​ នឹង​សង​សឹក​ឱ្យ​ខាង​តែ​បាន ។ ចាប់​​តាំង​ពី​ទឹក​ទី​១​ រហូត​ដល់​ដឹង​ថា​ចាញ់​ឈ្នះ​ ពួកគេ​ទាំង​ពីរ​បាន​បង្ហាញ​សន្ទុះ​ប្រឹង​ប្រែង​វាយ​គ្នាទៅ​វិញ​ទៅ​មក​មិន​ចុះ​ញ៉ម​ឡើយ បើ​ទោះ​ជា​ ម៉ន​ លីហួរ​ ត្រូវគេ​មើល​ឃើញ​មាន​សន្ទុះ​ល្អ​ជាង​​​ក្នុង​ការ​ប្រកួត​ទាំង​មូល ។​ ទាំង​ដៃ​ទាំង​ជើង​ និង​កម្រិត​ប្រកួត​កីឡាករ​ម៉ន​ លីហួរ​ បង្គោល​ខៀវ​បាន​ទទួល​ការ​អប​អរ​យ៉ាង​ខ្លាំង​ដោយសារតែ​គេ​​វាយ​បាន​ល្អ​ ដែល​អាច​និយាយ​បាន​ថា​ រស់​រវើក​ជាង​កាល​គេ​ប៉ះ​ជា​មួយ អាន សុផល​ ក្នុង​ជំនួប​លើក​ទី​១​ ទៅ​ទៀត ។​ អាន សុផល​ ដ្បិត​ថា​ បាន​ប្រឹង​ប្រែង​ស្ទុះ​ជាង​លើក​មុន​ ប៉ុន្តែ​អាច​បណ្តាល​មក​ពី​ ម៉ន លីហួរ​ ប្រឹង​ជាង​លើក​មុន​ដែរ​ ទើប​នៅ​តែ​ចាញ់​ប្រៀប ។​ ម៉ន​ លីហួរ​ ដែល​សំអាង​ថា មាន​សន្ទុះ​វាយចេញ​រហ័ស​ជាង​ និង​មាន​កម្លាំង​ពេញ​ជាង​បានវាយ​បំបុក​កីឡា​ករ​បង្គោល​ក្រហម អាន​ សុផល តែ​ម្តង​នៅ​ទឹក​ទី​៤​ ទើប​ធ្វើ​ឱ្យ​កីឡាករ​ដែល​មក​ពីក្លិប​មិត្ត​ប៉ូលិស​រូប​នេះ​ដួល​អុក​គូទ​ ហើយ​ក្រោក​​លែង​រួច​ ដែល​ឈាន​ទៅ​ដល់​ការ​កំណត់​ចាញ់​ឈ្នះ​តែ​ម្តង ។​ ជ័យ​ជម្នះ​ផ្តួល អាន​ សុផល​ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ បាន​ក្លាយ​ជា​សំឡេង​អប​អរ​ភាគ​ច្រើន ខណៈ​ដែល​ក្នុងការ​ប្រកួត​នោះ​ គឺ​មាន​អ្នក​លម្អៀង​ចង់​ឃើញ ម៉ន​ លីហួរ​​ ឈ្នះ​លើ​បង្គោល​ក្រហម​ច្រើន​ជាង ។​ នៅ​លើ​សង្វៀន​នោះ​ដែរ​ កីឡាករ​ធន​ សារិកា​ មក​ពី​ក្លិប​មជ្ឈ​មណ្ឌល​ខេមរ​ភូមិន្ទ​ វាយ​ឈ្នះកីឡា​ករ​ចាន់​ វ៉ាន់​ធឿន​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ដោយ​ពិន្ទុ ។​ កីឡាករ​ឯម​ ចាន់​យ៉ា​ មក​ពី​ក្លិប​ឫទ្ធិ​ពោធិ​សែន​ជ័យ​ វាយ​ឈ្នះ​កីឡាករ​ថៃ​ ស័ក្ត​សារ៉ាក់​ មក​ពីក្លិប​ទី​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ដោយ​ពិន្ទុ ។​ កីឡាករ​ហេង​ វ៉ាន់ឌី​ មក​ពីក្លិប​បាត់​ដំបង​ពាយ័ព្យ​ ផ្តួល​កីឡាករ​សេង ហៀង​ មក​ពី​ក្លិប​យុវជន​កម្ពុជា​មាន​ជ័យ​ឱ្យ​សន្លប់​ក្នុងទឹក​ទី​២ និង​កីឡាករ​ឯម​ ខ្លឹម​ខ្មៅ​ មក​ពី​ក្លិប​ឫទ្ធិ​ពោធិ​សែន​ជ័យ​ ផ្តួល​កីឡាករ​ផង់ សុភាព​ មក​ពី​ក្លិប​តាឡី​ដំរី​មាន​ឫទ្ធិ​ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​១​ ដូចការគ្រោង​ទុក។​

នៅ​លើ​រេញ​ទូរ​ទស្សន៍បាយ័ន​ស្ទឹង​មាន​ជ័យ​ដូច​គ្នា​ តែ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិល​ម៉្ងៃ​វិញ​ កីឡា​ករ​រ៉ាក់​ វិឆ័យ បាន​ទទួល​កណ្តាប់​ដៃ​យ៉ាង​ដំណំ​របស់​កីឡាករ​ឯម​​​​​​​​​​​​​​​​​​​​​​​​​ វិចិត្រ មក​ពី​ក្លិប​ឫទ្ធិ​ពោធិ​សែន​ ហើយ​បាន​សន្លប់​ភ្លាមៗ​តែ​ម្តង​នៅ​ក្នុងទឹក​ទី​៣​ ក្នុង​ជំនួបដែល​ពួក​គេ​ឡើង​សង​សឹក​គ្នា ។​ កាល​​ពួក​គេប៉ះគ្នា​លើក​ទី​១​ រ៉ាក់ វិឆ័យ​ ក៏ប៊ិះ​នឹង​សន្លប់​បែប​នេះ​ដែរ​ ប៉ុន្តែ​ដោយសារ​គេ​មាន​ឱកាស​ប្រើ​ល្បិច​ស៊ី​ឡាក ទើប​ត្រូវ​ក្រុម​គណៈ​កម្មការ​សម្រេច​ឱ្យ​ឈ្នះ​វិញ​ ដោយ​សំអាង​ថា កីឡាករ​ឯម វិចិត្រ​ ថែម​ខុស​លក្ខន្តិ​កៈ​នៅ​ពេល​គេ​ដួល ។​ សភាព​ធ្វើ​កល​ជា​សន្លប់​នាពេល​នោះ​ ដ្បិត​ថា​ អាច​ប្លន់​យក​ជ័យ​ជម្នះ​បាន​មែន​ ប៉ុន្តែ​ធ្វើ​ឱ្យ​ រ៉ាក់ វិឆ័យ​ ទទួល​រង​ការ​​រិះ​គន់​យ៉ាង​ខ្លាំង​ ដោយ​ម្នាក់ៗ​សម្តែង​មតិ​យ៉ាង​​ផុស​ផុល​គួរ​ឱ្យ​ចង់​សើច​ថា​ ២​ទឹក​ដំបូង ឯម វិចិត្រ​ ខំវាយ​ចង់​ស្លាប់​ និងទ្រម​ខ្លួន​ស្ទើរ​រក​ដង្ហើម​ដក​មិ​នដល់​គ្នា​ មិន​សន្លប់​ បែរ​ជា​មក​សន្លប់​ព្រោះ​តែ​ត្រូវ​មួយ​ដៃ​​ថែម​នោះ​ទៅ​វិញ ។​

ងាក​មក​កាន់​ការប្រកួត​ក្នុង​ជំនួប​ទី​២​ ឬ​ជំនួប​សង​សឹក​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​៨​ មីនា​ រវាងគូ​នេះ​វិញ កីឡាករ​បង្គោល​ក្រហម​ ឯម វិចិត្រ​ ដែល​កាល​ពី​លើក​មុន​ត្រូវគេ​កាត់​ក្តី​ឱ្យ​ចាញ់​ បាន​បង្ហាញ​អារម្មណ៍​ពុះ​កញ្ជ្រោល​យ៉ាង​ខ្លាំង​ក្នុង​ការ​វាយ​សម្រុក​ទៅ​លើ​កីឡា​ករ​រ៉ាក់ វិឆ័យ​ ដើម្បី​លាង​ជម្រះ​មុខ​មាត់ ។​ បង្គោល​ក្រហម​ ឯម វិចិត្រ​ ហាក់​មិនបាន​បន្ធូរ​ដៃ​ទាល់​តែ​សោះ​ ដោយ​សូម្បី​តែ​ប្រើ​ពេល​ស្ទាប​ស្ទង់​សមត្ថភាព​ដើម្បី​ចំណាយ​ពេល​ចោល​ ក៏​មិន​ធ្វើ​នោះដែរ ។​ អ្វី​ដែល​គេចាប់​អារម្មណ៍​ គឺ​ឱ្យ​តែ​ឃើញ រ៉ាក់ វិឆ័យ​ ទន់​ជំហរ​បម្រុង​ដួល ឯម វិចិត្រ​ ដក​ដៃ និង​ជើង​ឈប់​វាយ​ភ្លាម​ដើម្បី​ការពារ​កុំ​ឱ្យ​ភ្លាត់​ថែម​ក្នុង​ពេល រ៉ាក់ វិឆ័យ​ ដួល​ នាំ​ទៅ​ដល់​រឿង​ដៃ​គូ​ស៊ី​ឡាក​យក​ឈ្នះ​ម្តង​ទៀត ។​ ពេញ​រយៈ​ពេល​៣ទឹក​ គេ​មិន​ឃើញ​កីឡាករ​បង្គោល​ខៀវ​ ទប់​ជាប់​នូវ​កណ្តាប់​ដៃ​របស់​ ឯម វិចិត្រ​ នោះ​ឡើយ ខណៈ​ដែល​ការ​វាយ​លុក​របស់​គេផ្ទាល់​ ក៏​មិន​មាន​សំណាង​ធ្វើ​ឱ្យ​កីឡាករឯម វិចិត្រ​ ព្រឺ​ខ្នង​ទាល់​តែ​សោះ ។​ តាំងពី​ទឹក​ទី​១​ រហូត​ដល់​ទឹក​ទី​៣​ បើ​ទោះ​ជា​បង្គោល​ខៀវ​ រ៉ាក់ វិឆ័យ​ ប្រឹង​ប្រែង​បញ្ចេញ​ជំហរ​រឹង​មាំ​ ក៏​ឱកាស​ចាញ់​ប្រៀប​នៅ​តែ​មាន​កម្រិត​កាន់​តែ​ខ្ពស់ ។​ កំហឹង​ទាម​ទារ​សង​សឹក​បាន​រុញ​ឱ្យ​ ឯម វិចិត្រ​ បង្គោល​ក្រហម​បញ្ចេញ​កម្លាំង​ដៃ និង​ស្នៀត​ល្អ​ព្រម​គ្នា​ធ្វើ​ឱ្យ រ៉ាក់ វិឆ័យ​ សន្លប់​ក្នុង​ទឹក​ទី​៣​ ដោយ​ក្រៅ​ពី​បាត់​​ឱកាស​ប្រកួតបន្ត គឺ​អស់​ទាំង​ឱកាស​ស៊ី​ឡាក​ ដូច​ដែល​គេធ្លាប់​ធ្វើ ។​ យ៉ាង​ណា​ក៏​ដោយ​ កីឡាករ​រ៉ាក់​ វិឆ័យ​ ក៏បាន​សម្រុក​ទៅ​លើ​កីឡា​ករ​ឯម វិចិត្រ​ ធ្វើ​ឱ្យ​គេ​ផ្ងារ​ជើង​បាន​ខ្លះៗ​ដែរ បើ​ទោះ​ជា​អ្វី​ដែល​គេ​សម្រេច​បាន​ហាក់​នៅ​មាន​កម្រិត និង​មិន​អាច​ប្រដូច​ផ្លែ​ផ្កា​របស់ ឯម វិចិត្រ​ បាន​នោះ​ក៏​ដោយ ។​

នៅ​លើ​រេញ​ទូរទស្សន៍បាយ័ន​នា​ថ្ងៃសៅរ៍​នោះ​ដែរ​ ការប្រកួត​ជម្រុះ​ក្នុង​ជុំ​ទី​៣​ ឆ្ពោះ​ទៅ​កាន់​ការ​ដណ្តើម​ពាន​រង្វាន់​ BTV ទម្ងន់​៥១​គីឡូ​ក្រាម​របស់​កីឡាករ​៤​រូប​ គឺបាន​រក​ឃើញ​អ្នក​ត្រៀម​ហាល​អាវ​ និងអ្នក​ឈ្នះ​ស្វ័យ​ប្រវត្តិ​ ដើម្បី​មាន​មុខ​ទៅ​កាន់​វគ្គ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ BTV នៅ​វគ្គ​បញ្ចប់​នោះ​ផង​ដែរ ។ កីឡាករ​ចៅ រស់ មក​ពី​ក្លិប​ចាក់​អង្រែ​មាន​ជ័យ​ ចាញ់​កីឡាករ​អ៊ុន រតនា​ មក​ពី​ក្លិប​តាឡី​ដំរី​មាន​ឫទ្ធិ​ ដោយ​ពិន្ទុ​ និង​កីឡាករ​រិទ្ធ កៅ​ មក​ពីក្លិប​មជ្ឈ​មណ្ឌល​កីឡា​ខ.ភ.ម ចាញ់​ពិន្ទុ​កីឡាករ​ជួប ជាង​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ ។​ លទ្ធផល​ជុំ​នេះ​​បង្ហាញ​ថា​ កីឡាករ​អ៊ុន រតនា​ ប្រកួត​៣​ជុំ​ ទទួល​បាន​៥​ពិន្ទុ (ឈ្នះ​១ ចាញ់​២)​ កីឡាករ​ចៅ​ រស់ ប្រកួត​​៣​ជុំ​ដូច​គ្នា​ ទទួល​បាន​៥​ពិន្ទុ​ (ឈ្នះ​១ ចាញ់​២)​ កីឡាករ​រិទ្ធ កៅ​ ប្រកួតបាន​៣​ជុំ​ ទទួលបាន​៥​ពិន្ទុ​ដូច​គ្នា (ឈ្នះ​១ ចាញ់​២)​ និង​កីឡាករ​ជួប​ ជាង ដែល​ប្រកួតបាន​៣​ជុំ​នោះ​ដែរ​ តែ​ទទួល​បាន​៩​ពិន្ទុ​ ដោយ​ឈ្នះ​ទាំង​៣​ប្រកួត​ក្នុង​​ជុំ​ជម្រុះ ។​ ក្នុង​ចំណោម​អ្នក​មាន​៥​ពិន្ទុ​ក្នុងដៃ​ នឹង​មាន​ម្នាក់​មាន​ឱកាស​ឡើងទៅ​កាន់​ជុំ​ផ្តាច់​ព្រ័ត្រ​ បើ​បាន​ឈ្នះ​មួយ​ជុំ​ចុង​ក្រោយ​ ខណៈដែល​អ្នក​មាន​៩​ពិន្ទុ​បាន​ក្លាយ​ជា​អ្នក​ឡើង​ដណ្តើម​ខ្សែ​ក្រវាត់​ដោយ​ស្វ័យ​ប្រវត្តិ​ ៕​