ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការងារនឹងបង្កើតផែនការមេសម្រាប់គ្រឹះស្ថាន TVET នៅចុងឆ្នាំនេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន និង​ធានា​សម្រេច​ឲ្យ​បាន​កំណើន​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​ទាំង​បរិមាណ និង​គុណភាព​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​រៀបចំ​បង្កើត​ឱ្យ​មាន​ផែនការមេ (Master Plan)…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន និង​ធានា​សម្រេច​ឲ្យ​បាន​កំណើន​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​ទាំង​បរិមាណ និង​គុណភាព​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​រៀបចំ​បង្កើត​ឱ្យ​មាន​ផែនការមេ (Master Plan) សម្រាប់​រៀបចំ​គ្រឹះស្ថាន​នៅ​ចុងឆ្នាំ​នេះ ។ នេះ​បើ​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​។
ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នា​ថ្ងៃ​ទី​២៨ ខែសីហា​នេះ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​សុខដុម​នី​យ​កម្ម ក្នុង​វិស័យ​កាត់ដេរ ដែល​រាជរដ្ឋាភិបាល​បាន និង​កំពុង​អនុវត្ត​បញ្ជៀ​សបាន​នូវ​បញ្ហា​បាតុភាព​នានា ហើយ​ផលិតភាព​ការងារ​ក៏​នៅ​តែ​បន្ត​ព្រមទាំង​កំពុង​ជំរុញ​ឱ្យ​មានការ​បង្កើន​ផលិតភាព​បន្ថែម​ទៀត​ផង​ដែរ ។

ចំណែក​ប្រាក់​ឈ្នួល​អប្បរ​មា​សម្រាប់​កម្មករនិយោជិត​ក៏​ត្រូវ​បាន​ដំឡើង​ជា​រៀង​រាល់​ឆ្នាំ​តួយ៉ាង​នៅ​ឆ្នាំ​២០១៩​នេះ​ប្រាក់​ឈ្នួល​អប្បរ​មា​របស់​កម្មករ​បាន​ឡើង​ដល់​១៨២​ដុល្លារ ហើយ​សម្រាប់​ឆ្នាំ​២០២០ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​ចាប់ផ្តើម​បើក​កិច្ច​ពិភាក្សា​គ្នា​ស្ដី​ពី​ការ​កំណត់​ប្រាក​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង នៅ​ថ្ងៃស្អែក​នេះ ។ នា​ឱកាស​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​បញ្ហា​កង្វះ​ធនធានមនុស្ស​ក្នុង​វិស័យ TVET ដែល​កំពុង​មានការ​ខ្វះខាត​ក្នុង​ទីផ្សារ​ការងារ​បច្ចុប្បន្ន ។ តែ​ទោះជា​យ៉ាងណា រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កំពុង​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​នេះ​យ៉ាង​សកម្ម​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទូ​ទាំង​ប្រទេស ហើយ​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក៏​បាន និង​កំពុង​ចុះ​ជាប់​នៅ​តាម​គ្រឹះស្ថាន​ទាំងនោះ​ផង​ដែរ ។

ត្រង់​បញ្ហា​នេះ លោក​បាន​បញ្ជាក់​ថា​«​នៅ​ចុងឆ្នាំ​២០១៩​នេះ ក្រសួង​ការងារ​នឹង​បង្កើត​ឱ្យ​បាន​ផែនការមេ (Master Plan) រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​គ្រឹះស្ថាន TVET ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ដោយ​គិតគូរ​ទៅ​លើ​អគារសិក្សា​រោង​ជាង​គ្រូ​បណ្ដុះបណ្ដាល​ការ​បង្រៀន​ពី​បច្ចេកវិទ្យា​ថ្មី​ៗ​សម្រាប់​បណ្ដុះបណ្ដាល​សិក្ខាកាម​សំដៅ​ធ្វើ​យ៉ាងណា ដើម្បី​សម្រេច​បាន​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​ទាំង​បរិមាណ និង​គុណភាព​» ។ លោក​បាន​បន្ត​ទៀ​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នឹង​បង្កើត​ឱ្យ​មាន​គណៈកម្មការ​ស្ថិតិ​ការងារ​មួយ​ដែល​មាន​លោក​ផ្ទាល់​ជា​ប្រធាន ក្នុង​នោះ​នឹង​រៀបចំ​ឱ្យ​មាន​កិច្ចប្រជុំ​ទៀងទាត់​បង្កើត​ឱ្យ​មាន​ជន​បង្គោល​ស្ថិតិ​ការងារ​នៅ​តាម​មូលដ្ឋាន​ការងារ​នីមួយ​ៗ​ព្រោះ​កន្លង​មក​ការងារ​បូក​សរុប ស្ថិតិ​ការងារ​នៅ​ផ្នែក​មួយ​ចំនួន ហាក់​នៅ​មាន​ភាព​យឺតយ៉ាវ​នៅឡើយ ។ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ​ត្រូវ​អនុវត្ត​ការងារ​តាម​ផ្នែក​តាម​វិស័យ​រៀង​ៗ​ខ្លួន​ប្រកបដោយ​ក្រមសីលធម៌​ជា​មន្ត្រី​ជៀសវាង​ការ​ប្រព្រឹត្ត​បទល្មើស​នានា​ដែល​នាំ​ទៅ​ដល់​ការ​ទទួលទោស​ទណ្ឌ និង​អាប់ឱន​កិត្តិយស កេរ្តិ៍ឈ្មោះ​ស្ថាប័ន ។ ជាមួយ​គ្នា​នោះ​ដែរ​លោក អ៊ិ​ត សំ​ហេង បាន​ណែនាំ​បន្ថែម​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ត្រូវធ្វើ​យ៉ាងណា​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ។

ទន្ទឹម​នឹង​ចំណុច​វិជ្ជមាន​ក៏​នៅ​មាន​ចំណុច​អវិជ្ជមាន និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​ទាមទារ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​ដោះស្រាយ​រួម​គ្នា​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ