ខេត្តព្រះសីហនុ ៖ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ កន្លងមកក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់សហការណ៍ជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ ស្តីពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទដ្ឋានបច្ចេកទេសសំណង់ ក្រោមអធិបតីលោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីអ្នកម៉ៅការសំណង់ អ្នកលក់សម្ភារសំណង់ និងក្រុមហ៊ុនក្រឡុកបេតុងក្នុងខេត្តព្រះសីហនុ បានមកចូលរួមយ៉ាងកុះករ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បញ្ជាក់នៅក្នុងបើកកិច្ចប្រជុំថា កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទដ្ឋានបច្ចេកទេសសំណង់នៅតាមការដ្ឋាននានាក្នុងខេត្តព្រះសីហនុ ការដ្ឋានត្រូវមានច្បាប់អនុញ្ញាតិសាងសង់ ។
ក្រុមហ៊ុនសាងសង់ត្រូវបានចុះបញ្ជីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។ រដ្ឋបាលខេត្តក៏ដូចជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើគុណភាពសំណង់ កន្លងមកក្រុមការងារបច្ចេកទេសរបស់ក្រសួងរៀបដែនដី បានរកឃើញបញ្ហាប្រឈមមួយចំនួន ក្នុងការត្រួតពិនិត្យសំណង់ជាង ៥០០កន្លែងនៅខេត្តព្រះសីហនុ ។
ជាក់ស្តែងបានរកឃើញការដ្ឋាន១៤កន្លែង មិនមានគុណភាព តម្រូវឲ្យរុះរើសំណង់ចេញវិញនិង៧០ការដ្ឋានផ្សេងទៀតត្រូវធ្វើកោសលវិច័យពីក្រុមហ៊ុនឯកជន ដើម្បីបញ្ជាក់ពីគុណភាពសំណង់ ដើម្បីបញ្ចៀសកុំឱ្យមានការខុសឆ្គងបន្តទៀត ។ បន្ទាប់ពីក្រុមការងារបានរកឃើញនូវចំណុចខ្វះខាត ត្រូវរុះរើសំណង់ចេញ យើងក៏មានការសោកស្តាយផងដែរ ព្រោះនេះជាកំហុសឆ្គងរបស់អ្នកម៉ៅការសាងសង់ ។
លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ការសាងសង់ខ្វះគុណភាព បណ្តាលឲ្យមានហានិភ័យខ្ពស់ មិនអាចឱ្យសាងសង់បន្តទៀតបានទេក្រុមការងាររបស់ក្រសួងរៀបចំដែនដី អាជ្ញាធរខេត្ត បានអញ្ជើញអ្នកម៉ៅការសាងសង់ចូលរួមក្នុងកិច្ចប្រជុំតាមពេលវេលាខាងលើ សំដៅធ្វើការពិភាក្សាជាមួយក្រុមការងារបច្ចេកទេសដោយតម្រូវឱ្យ អ្នកម៉ៅការសំណង់ទាំងអស់ ត្រូវចុះបញ្ជីនៅក្រសួងដែនដី ។
អ្នកម៉ៅការសាងសង់នៅលើទីតាំងដែលបានសុំច្បាប់អនុញ្ញាតតាមលក្ខណបច្ចេកទេស ។ អគារសំណង់ធំៗ ត្រូវមានអាងប្រព្រឹត្តិកម្មត្រឹមត្រូវ នៅតាមការដ្ឋានរបស់ខ្លួន ប្រសិនបើសំណង់ណាមិនបានអនុវត្តតាមការណែរនាំរបស់មន្ទីរជំនាញរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងរដ្ឋបាលខេត្ត រដ្ឋបាលខេត្ត និងមន្ត្រីជំនាញខាងលើ និងអនុវត្តវិធានការរដ្ឋបាល ហើយយើងត្រូវគោរពច្បាប់ទាំងអស់គ្នា ។
លោកអភិបាលបានបញ្ជាក់ថា រាល់ម្ចាស់ការដ្ឋានណា ដែលមិនបានសហការតាមការអញ្ជើញរបស់រដ្ឋបាលខេត្តក្នុងការចូករួមកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយ អំពីវិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសំណង់ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវ ដោយបទដ្ឋានបច្ចេកទេសសំណង់ នឹងចុះទៅផ្អាកការដ្ឋានទាំងនោះ ជាបណ្តោះអាសន្ន ។
លោក ឡៅ ទិព្វសីហា ប្រធានគណៈមកម្មការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញថា វិធានការនានាចំពោះក្រុមហ៊ុនប្រកបអាជីវកម្មលើវិស័យសំណង់ ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទដ្ឋានបច្ចេកទេសសំណង់ និងទទួលខុសត្រូវក្នុងកិច្ចសន្យា និងក្រៅកិច្ចសន្យា ចំពោះការខូចខាតបង្ករឡើងដោយសំណង់ ទទួលខុសត្រូវលើគំនូរប្លង់ សោភ័ណភាព ជ្រើសរើសសម្ភារការជ្រើសរើសបច្ចេកវិទ្យា ។
ត្រូវត្រួតពិនិត្យការដ្ឋានឱ្យបានហ្មត់ចត់ ចៀសវាងការធ្វេសប្រហែសបង្កគ្រោះថ្នាក់ជាយថាហេតុ ។ ពិសេសត្រូវអនុវត្តនូវវិធានការចំនួន៤គឺ ទី១/-កាតព្វកិច្ច និងលក្ខខណ្ឌចំបងៗដែលក្រុមហ៊ុនប្រកបអាជីវកម្ម សិក្សាគម្រោងប្លង់ ត្រូវគោរព និងអនុវត្ត, ទី២/-កាតព្វកិច្ច និងលក្ខខណ្ឌចំបងដែលក្រុមហ៊ុនប្រកបការងារសាងសង់និងក្រុមជាងសំណង់ ត្រូវគោរព និងអនុវត្ត, ទី៣/-ម្ចាស់សំណង់ទទួលខុសត្រូវចាត់ចែង និងទី៤/-វិធានការអនុវត្តតាមនិតិវិធីច្បាប់ចំពោះម្ចាស់សំណង់ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ