រាជធានីភ្នំពេញ ៖ តារាចម្រៀងភេទទី២ មានទឹកដមសំឡេងពីរោះរណ្តំចិត្ត ពូកែធ្វើក្រម៉ិចក្រមើម និងកំពុងតែហក់ឡើងប្រជាប្រិយភាពជាលំដាប់លោកជួប ច័ន្ទកក្កដា ហៅរ៉ូលីន តាំងពីមកសម្តែងពីអាមេរិកវិញ គឺសន្ទុះការងារកើតមានគ្រប់ទិសទី ច្រៀងតាមខេត្ត និងច្រៀងនៅតាមពិធីមង្គលការ ។ តាំងពីមានឈ្មោះក្នុងពិភពសិល្បៈមករ៉ូលីន កាក់កបនឹងតួនាទីច្រើនណាស់ រកប្រាក់បានសន្ធឹកសន្ធាប់ក្នុងមួយខែៗ ដោយតារារូបនេះថែមទាំងទិញផ្ទះក្នុងបុរីធំមួយបង់រំលោះ ហើយថ្មីៗនេះដែរ តារាកំប្លែងមានមុខនេះ ទើបតែបង្ហើបថា គ្រោងបើកហាងលក់កាហ្វេនៅតំបន់អង្គរបន្ថែមអាជីពមួយថ្មីទៀត ។
តារាចម្រៀងមានសំឡេងត្រាប់តាមអ្នកចម្រៀងជំនាន់មុនអ្នកស្រី ប៉ែន រ៉ន លោករ៉ូ លីន ដែលល្បីឈ្មោះខ្លាំងនៅក្នុងកម្មវិធី «ពេញចិត្តអត់» នៅទូរទស្សន៍ម៉ាយធីវី បានអះអាងថា លោកកំពុងតែរៀបចំគំរោងបើកហាងកាហ្វេមួយកន្លែង មិនមែននៅទីក្រុងភ្នំពេញទេ ព្រោះមានគេបើកពេញក្រុងច្រើនណាស់ កន្លែងហាងថ្មី ស្ថិតក្នុងផែនការ គឺហាងកាហ្វេនៅខេត្តសៀមរាប តំបន់ទេសចរណ៍បែបបុរាណល្បីឈ្មោះឯណោះ ។
រ៉ូលីនបន្តថា លោកសម្លឹងឃើញតំបន់សៀមរាបជាងគេ ព្រោះស្រឡាញ់ទឹកដីនៅទីនោះ តែលោកមិនដឹងថា យ៉ាងណាទេ ព្រោះលោកក៏ឃើញទីតាំងរួចរាល់ហើយដែរ គ្រាន់តែនៅតំបន់នោះជាទីប្រជុំជនមិនដឹងថា ជួលគេក្នុងតម្លៃប៉ុណ្ណាត្រូវគ្នាទេ រង់ចាំពិភាក្សាគ្នាសិន បើឱ្យរើសនៅភ្នំពេញប្រហែលជាមិនទាន់អាចទេ ណាមួយគឺសម្បូរហាងកាហ្វេច្រើនកន្លែងដែរនោះ ទើបមិនសូវចង់គិតឃើញ ។ ផែនការមួយនេះ លោកមិនទាន់ប្រាកដថា និងសម្រេចទេ ព្រោះពុំសូវបានឡើងទៅមើលការងារញឹកញាប់ប៉ុន្មាន ទៅម្តងម្កាលមកពីរវល់រឿងដើររាំច្រៀងស្ទើរតែរកពេលសម្រាកគ្មាន តាំងពីមកសម្តែងនៅអាមេរិកវិញ ធ្វើការរហូតអត់ដែលសម្រាលដេកផ្ទះបាន២ថ្ងៃអីឡើយជាប់សូររហូត ។
ចែករំលែកព័តមាននេះ