ខេត្តបាត់ដំបង ៖ កងទ័ពកម្ពុជាបានអនុញ្ញាតឱ្យប្រតិភូកងទ័ពជើងទឹកជាយដែនថៃក្នុងខេត្តចន្ទបុរី-ត្រាតចំនួន២២នាក់ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុនថៈយ៉ា ណយឆាយ៉ា មេបញ្ជាការ ចូលមកពង្រឹងសម្ព័ន្ធមេត្រីភាព កាលពីវេលាម៉ោង៤រសៀលថ្ងៃទី៥ មីនា ២០១៤ នៅក្នុងទីបញ្ជាការដ្ឋានយោធភូមិទី៥ក្នុងខេត្តបាត់ដំបង ។
ទទួលការស្វាគមន៍ខាងភាគីកម្ពុជា មានលោកឧត្តមសេនីយឯកប៊ុន សេង អគ្គមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥, លោកឧត្តមសេនីយ៍ទោឯក សំអូន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ និងមេបញ្ជាការរងមេបញ្ជាការកងពលជាច្រើនទៀតបានមកចូលរួម ។
លោកឧត្តមសេនីយ៍ឯកប៊ុន សេង ខាងភាគីកម្ពុជាបានបញ្ជាក់ថា លោកសុំថ្លែងអំណរគុណយ៉ាងច្រើនដល់លោកជំទាវ និងលោកស្រីខាងភាគីថៃ ដែលបានចាប់អារម្មណ៍យ៉ាងខ្លាំងបានយកសម្ភារអេឡិចត្រូនិក និងកំព្យូទ័រមួយចំនួនមកជួយចែកជូនដល់អគារកាត់ដេរនារីក្នុងយោធភូមិភាគ និងជួយដល់កុមាកំព្រាក្នុងខេត្តបាត់ដំបង ក្នុងនាមមនុស្សធម៌និងក្តីរាប់អានក៏ដូចបងដូចប្អូនតែងតែជួយគ្នាជានិច្ចក្នុងពេលខ្វះខាតនោះ សំខាន់គឺជំរុញផ្នែកធនធានមនុស្សឱ្យទទួលបានការចេះដឹងបន្ថែមទៀតឱ្យមានប្រសិទ្ធភាព និងគុណភាពនាពេលអនាគតសម្រាប់យើងទាំងអស់គ្នា ។
ចែករំលែកព័តមាននេះ