រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងរាំងឃាត់ខ្លួន រួមទាំងម៉ូតូមួយគ្រឿងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ មីនា ២០១៤ ខណៈពួកគេជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងនៅមុខផ្ទះលេខ២២៦ កែងមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ១៧៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
នគរបាលខណ្ឌដូនពេញបានឱ្យដឹងថា ជនសង្ស័យឈ្មោះរឿន រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅប្លុកបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ចំណែកជនរងគ្រោះឈ្មោះវ៉ៃ រើន ភេទប្រុស ងាយុ៥១ឆ្នាំ ជាអាណិកជនខ្មែរនៅប្រទេសស្វ៊ីស ជាអ្នកទេសចរ ស្នាក់នៅផ្ទះសំណាក់អង្គប្រាយ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
នគរបាលបានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូកង់បីដើរកម្សាន្តជុំវិញរាជធានីភ្នំពេញតាមបណ្តោយមហាវិថីព្រះមុនីវង្សឆ្ពោះទៅទិសខាងជើង លុះមកដល់កែងផ្លូវលេខ១៧៨ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូមកអែបខាងស្តាំដៃម៉ូតូកង់បី ហើយយុវជនម្នាក់អង្គុយខាងក្រោយគេបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកសាំសុង។ ភ្លាមៗនោះជនរងគ្រោះបានចាប់ដៃជនសង្ស័យបណ្តាលឱ្យដួលម៉ូតូប្រកាច់ប្រកិនកណ្តាលថ្នល់ ស្របពេលកម្លាំងនគរបាលជិះម៉ូតូល្បាតមកដល់ចាប់ឃាត់ខ្លួនបានម្នាក់ជាអ្នកបើកម៉ូតូ។
នគរបាលបញ្ជាក់ថា ទូរស័ព្ទដៃបានប្រគល់ឱ្យជនរងគ្រោះវិញ ចំណែកជនសង្ស័យ រួមទាំងម៉ូតូមួយគ្រឿងត្រូវបាននគរបាលឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដូនពេញ ៕
ចែករំលែកព័តមាននេះ