ខេត្តប៉ៃលិន ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ។


លោក ចេង ញ៉ាន់ អភិបាលរង ខេត្តប៉ៃលិន បានចាត់ទុកវិស័យហិរញ្ញវត្ថុថា បានរួមចំណែកយ៉ាងសកម្មក្នុងការជម្រុញកំណើនសេដ្ឋកិច្ច ជីវភាពនិងកាត់បន្ថយភាពនិងក្រីក្រប្រជាពលរដ្ឋតាមរយះនៃការផ្ដល់ឥណទានខ្នាតតូចនិងមធ្យម។ជាក់ស្ដែងប្រជាពលរដ្ឋនៅខេត្តប៉ៃលិនគឺទទួលបានធ្វើប្រាក់ចំណូលកើនឡើងជាលំដាប់។

លោកអភិបាលរងខេត្តនូវបានសម្ដែងការសង្ឃឹមដែរថា តាមរយៈសិក្ខាសាលានៅពេលនេះនឹងទទួលបាននូវដំដោះស្រាយថ្មីល្អៗដើម្បីផ្ដល់ផលប្រយោន៍ដល់ប្រជាពលរដ្ឋទូទាំងខេត្តថែមទៀតជាក់មិនខាន ។
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០១៩នេះ ទំហំប្រាក់កម្ចីមានចំនួនរហូតជាង ២៥,៩២ ទ្រីលានរៀល (ប្រមាណ ៦,៣៧ ប៊ីលានដុល្លារអាមេរិក) បានផ្តល់ឲ្យអតិថិជនចំនួន១,៩៩ លាននាក់ខ្ចីនៅទូទាំងប្រទេសសម្រាប់ប្រកបរបរនិងធ្វើអាជីវកម្ម ។

លោក រ័ត្ន សុវណ្ណនរៈ បានចាត់ទុកការរីកចម្រើន និង សមិទ្ធិផលដែលទទួលបានក្នុងវិស័យមីក្រូហិរញ្ញវត្ថុកន្លងមកគឺបានមកពីការគាំទ្រ និងជំនឿទុកចិត្តរបស់ប្រជាពលើរដ្ឋមកលើវិស័យនេះ តាមរយៈនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុ ក្នុងការបង្កើត និងពង្រីកមុខរបរអាជីវកម្មនានារបស់ប្រជាពលរដ្ឋយើង ។

ប៉ុន្តែទោះបីវិស័យមីក្រូហិរញ្ញវត្ថុនេះមានការរីកចម្រើនយ៉ាងណាក៏ដោយលោក រ័ត្ន សុវណ្ណនរៈបានបញ្ជាក់ថា វិស័យនេះនៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួនដែលត្រូវតែមានការចូលរួមពីគ្រប់អ្នកពីអ្នកពាក់ព័ន្ធ ពិសេសរវាងអ្នកផ្ដល់ឲ្យខ្ចីនិង អ្នកខ្ចី។ ដោយឡែកនៅខេត្តប៉ៃលិនគឺមានបញ្ហាតិចតួចណាស់ ។ ពោលលទ្ធផលនៃការប្រើប្រាស់ប្រាក់កម្ចីនេះល្អបរសើរនិងទទួលបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់នេះបើតាមការលើកឡើងជាបន្តបន្ទាប់ពីប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ប្រាក់កម្ចីពីបណ្ដាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកន្លងមកនេះ ។


ទាក់ទងលទ្ធផលនេះលោក ជា ចាន់តូ បានបញ្ជាក់ថា ភាពលូតលាសចម្រើនគ្រប់វិស័យទាំងអស់ក្នុងនោះរួមទាំងការរីកចម្រើនវិស័យមីក្រូហិរញ្ញវត្ថុផងដែរគឺបានមកដោយគុណបុណ្យនៃកក្តាសុខសន្តិភាពដែលប្រសូត្រចេញពីនយោបាយឈ្នះឈ្នះសម្ដេចតេជោហ៊ុនសែន និងគោលនយោបាយព្រមទាំងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ។ ហើយដើម្បីឲ្យសកម្មភាពផ្ដល់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កាន់តែប្រសើរនោះលោក ជា ចាន់តូ បានស្នើដល់អ្នកពាក់ព័ន្ធឲ្យបន្តចូលរួមនិងសហការគ្នាឲ្យបានល្អថែមទៀត ។

ហើយកក្តាសំខាន់គឺត្រូវមានការយោគយល់គ្នាដោយឈរលើស្មារតីស្មោះត្រង់ជាមួយគ្នាគឺរវាងអ្នកឲ្យខ្ចីនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ្នកផ្ដល់ឲ្យគេខ្ចីទើបទទួលបានផលប្រយោជន៍ទាំងអស់គ្នាពោលអ្នកខ្ចី«គឺហ៊ានខ្ចីត្រូវសង»ព្រោះថាបើវិស័យនេះមានដំណើរការល្អវាជាផ្នែកមួយដ៏សំខាន់ក្នុងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិក្នុងនោះរួមទាំងភាពរីកលូតលាស់របស់រដ្ឋបាលដែនដីនីមួយៗឲ្យកាន់មានតែរីកចម្រើនបន្ថែមទៀតស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ក្នុងឱកាសនោះដែរឯកឧត្ដម ជា ចាន់តូ បានស្នើឲ្យអ្នកពាក់ព័ន្ធ ពិសេសអាជ្ញាធរមានសមត្ថ
កិច្ចក្នុងខេត្តត្រូវបន្តចូលរួមសហការទប់ស្កាត់ឲ្យបានរាល់សកម្មភាពដើរបោកប្រាស់របស់ជន
ខិលខូលដែលចងការឬឲ្យខ្ចីប្រាក់ក្រៅប្រព័ន្ធដែលគ្មានច្បាប់ឲ្យជាបានដាច់ខាត ។ ជាមួយនេះត្រូវបន្តផ្សព្វផ្សាយនិងអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីច្បាប់នៃការខ្ចីប្រាក់ ការប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោលដៅនិងកាតព្វកិច្ចសងប្រាក់វិញដើម្បីបញ្ជៀសប្រជាពលរដ្ឋឲ្យចាកចេញផុតពីកូនបំណុលវន្ត័កដោយការមិនយល់នោះ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ