រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់កំពុងតែកាយបេតុងចាក់ប្លង់សេលើដំបូលត្រូវដងបាញ់បេតុងបាញ់ចំបណ្តាលឱ្យដួលផ្កាប់មុខសន្លប់ស្តូកស្តឹង ហើយបានស្លាប់ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៤ មីនា ២០១៤ នៅការដ្ឋានម្តុំស្ពានហង្សកោះពេជ្រ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះសូ វឿន ភេទប្រុស អាយុ៤១ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅការដ្ឋានកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិស្រែរនោង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
ប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុការដ្ឋានខាងលើចាក់បេតុងប្លង់សេនៅជាន់លើ ដោយក្រុមហ៊ុនហេង គង់ ជាអ្នកបាញ់បេតុង ហើយជនរងគ្រោះជាអ្នកចាំកាយបេតុងនោះ ខណៈពេលបេតុងបាញ់អស់ម្តងហើយជនរងគ្រោះបានទៅកាយពង្រាបបេតុង អត់ដឹង ស្រាប់តែដងបាញ់បេតុងបានបាញ់ម្តងទៀតដោយកម្លាំងខ្លាំងបាញ់ចំជនរងគ្រោះបណ្តាលឱ្យដួលផ្កាប់មុខសន្លប់ស្តូកស្តឹង។
ភ្លាមៗនោះសាច់ញាតិបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន តែអាការធ្ងន់ធ្ងរពេកគ្រូពេទ្យមិនហ៊ានទទួលបានដឹកបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ខណៈកំពុងធ្វើដំណើរតាមផ្លូវទៅមន្ទីរពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ។
សពត្រូវប៉ូលិសជំនាញធ្វើកោសល្យវិច័យមានស្នាមរយះថ្ងាស និងស្នាមលើដងខ្លួន រួចប្រគល់ឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ