រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៥ មីនា ២០១៤ នេះ បានកោះហៅប្រធានផ្សារទាំងអស់ទូទាំងរាជធានីដើម្បីប្រជុំដាក់ផែនការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់តាមផ្សារនីមួយៗ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងថា ផ្សារទូទាំងរាជធានីភ្នំពេញមានផ្សាររដ្ឋ២៥ ផ្សារឯកជន២៦ ផ្សារទំនើប១៨ និងម៉ាតតូចៗជាង៩០។ មន្ត្រីដដែលបានឱ្យដឹងថា កិច្ចប្រជុំនេះផ្តោតសំខាន់លើការពង្រឹងសន្តិសុខជុំវិញផ្សារ ការយកភាស៊ី ជាពិសេសរៀបចំចំណតរថយន្ត ឬម៉ូតូ និងការលក់ដូរឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ។
កិច្ចប្រជុំនេះតម្រូវឱ្យអភិបាលខណ្ឌនីមួយៗយកផ្សារមួយក្នុងខណ្ឌរបស់ខ្លួនធ្វើជាគំរូ ចំណែកអ្នកយកភាស៊ី អ្នកទទួលផ្ញើរថយន្ត ឬម៉ូតូ បើធ្វើខុសពីគោលការណ៍ក្នុងសៀវភៅបន្ទុក ត្រូវលុបចោលឈប់ឱ្យរកស៊ីបន្តទៀត។
ជាមួយគ្នានោះដែរ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញក៏បានស្នើឱ្យតាមផ្សារទាំងអស់ទូទាំងរាជធានីភ្នំពេញត្រូវមានប្រអប់សំបុត្រដើម្បីឱ្យភ្ញៀវមានមតិយោបល់ ហើយប្រអប់សំបុត្រនេះមានតែអភិបាលខណ្ឌទេដែលមានកូនសោសម្រាប់បើក៕
ចែករំលែកព័តមាននេះ