ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​យីកេ​ខេត្ត​តាកែវ​ជាប់​លេខ​1​ក្នុង​​មហោ​ស្រព​​សិល្បៈ​បុរាណ​​ថ្នាក់​​ជាតិ​ គណៈ​​កម្ម​ការ​​សរសើរ​​ថា​សម្តែង​​ល្អ​តាម​​ទម្រង់​​ដើម​ និង​​ក្បួន​ខ្នាត​​ត្រឹម​​ត្រូវ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កិត្តិយស​ និង​ភាព​សប្បាយ​រីក​រាយ​កើត​ឡើង​សម្រាប់​ក្រុម​សិល្បៈ​យីកេ​ខេត្ត​តាកែវ​ នៅ​ពេល​ឈ្មោះ​ក្រុម​នេះ​ត្រូវ​បាន​ប្រកាស​ឱ្យ​ឡើង​ទទួល​យក​ពាន​ជ័យ​លាភី​ចំណាត់​ថ្នាក់​លេខ​១​ ក្នុង​មហោ​ស្រព​ប្រឡង​សិល្បៈ​បុរាណ​ថ្នាក់​ជាតិ​ ។​ ការ​ប្រកាស​ជ័យ​លាភី​នេះ​ក្នុង​ទិវា​វប្បធម៌​ជាតិ​៣​ មីនា​ ឆ្នាំ​២០១៤​ នៅ​សាល​សន្និ​សីទ​ចតុ​ម្មុខ​ រាជ​ធានី​ភ្នំពេញ​ ក្រោម​អធិបតី​ភាព​ប្រមុខ​រដ្ឋា​ភិបាល​ ។​

រាជធានីភ្នំពេញ​ ៖ កិត្តិយស​ និង​ភាព​សប្បាយ​រីក​រាយ​កើត​ឡើង​សម្រាប់​ក្រុម​សិល្បៈ​យីកេ​ខេត្ត​តាកែវ​ នៅ​ពេល​ឈ្មោះ​ក្រុម​នេះ​ត្រូវ​បាន​ប្រកាស​ឱ្យ​ឡើង​ទទួល​យក​ពាន​ជ័យ​លាភី​ចំណាត់​ថ្នាក់​លេខ​១​ ក្នុង​មហោ​ស្រព​ប្រឡង​សិល្បៈ​បុរាណ​ថ្នាក់​ជាតិ​ ។​ ការ​ប្រកាស​ជ័យ​លាភី​នេះ​ក្នុង​ទិវា​វប្បធម៌​ជាតិ​៣​ មីនា​ ឆ្នាំ​២០១៤​ នៅ​សាល​សន្និ​សីទ​ចតុ​ម្មុខ​ រាជ​ធានី​ភ្នំពេញ​ ក្រោម​អធិបតី​ភាព​ប្រមុខ​រដ្ឋា​ភិបាល​ ។​

ភាព​លេច​ធ្លោ​ជាង​គេ​របស់​ក្រុម​សិល្បៈ​យីកេ​ប្រជា​ប្រិយ​ខេត្ត​តាកែវ​នេះ​ គឺ​ការ​សម្តែង​តាម​ទម្រង់​ដើម​យីកេ​ដំកង់​ (អង្គុយ​ជុំ​គ្នា​ជា​រង្វង់​) ក្បួន​ខ្នាត​ត្រឹម​ត្រូវ​ និង​ទេព​កោសល្យ​ល្អ​របស់​សិល្ប​ករ​-​សិល្ប​ការិនី​ ។​

លោក​ជំទាវ​នង​ ច័ន្ទ​ថន​ ទីប្រឹក្សា​អម​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ និង​ជា​គណៈ​កម្ម​ការ​វិនិច្ឆ័យ​ការ​ប្រឡង​សិល្បៈ​បុរាណ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៤​ មីនា​ ឆ្នាំ​២០១៤​ ថា​ «ជា​ការ​កត់​សម្គាល់​ទម្រង់​យីកេ​របស់​អ្នក​តាកែវ​យក​មក​សម្តែង​នេះ​ ជា​ទម្រង់​ដើម​បំផុត​របស់​លោក​តា​ឃី​បាន​រៀប​ចំ​ ហើយ​បន្សល់​ទុក​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​ដែល​រក្សា​បាន​ទម្រង់​នេះ​ ។​ នេះ​ជា​ទម្រង់​យីកេ​ដំ​កង់​ ហើយ​អ្នក​សម្តែង​ទាំង​អស់​គឺ​អង្គុយ​ជុំវិញ​គ្នា​នៅ​លើ​ឆាក​ ។​ ការ​សម្តែង​របស់​គេ​ឃើញ​ថា​ មាន​ប្រមាណ​ជា​៥០%​ទៅ​៦០%​ នៃ​ទម្រង់​ដើម​ ទោះ​ជា​មាន​ការ​អភិវឌ្ឍ​មែន​ តែ​មិន​ប្រាស​ចាក​ពី​ទម្រង់​ដើម​ទេ​ ។​ គេ​យក​រឿង​ «សុវណ្ណ​សាម​» មក​សម្តែង​ ជា​រឿង​របស់​ព្រះ​ គឺ​សម្តែង​ល្អ​ ហើយ​​ការ​រៀប​ចំ​ត្រូវ​ទម្រង់​ដើម​ ខុស​ប្លែក​តែ​យើង​មាន​ឆាក​ជា​ភ្លើង​អគ្គិសនី​ មាន​សម្លៀក​បំពាក់​ មាន​លាប​មុខ​ម្សៅ​ទំនើប​មែន​ តែ​ខ្លឹម​សារ​គ្មាន​កែ​ទេ​។​ ដូច​នេះ​គណៈ​កម្ម​ការ​មើល​ឃើញ​ថា​ រឿង​របស់​គាត់​មាន​លក្ខណៈ​លេច​ធ្លោ​ជាង​គេ​ ។​

ជា​ការ​កត់​សម្គាល់​អ្នក​មក​ប្រឡង​ នីមួយៗ​របស់​ខេត្ត​ នីមួយៗ​គឺ​មាន​ចំណុច​ខ្វះ​ខាត​ខ្លះ​ ព្រោះ​នោះ​ជា​សិល្បៈ​មហា​ជន​ ។​ បើ​អ្នក​មាន​ប្រាក់​ខែ​រដ្ឋ​ នោះ​ជា​អ្នក​អាជីព​ តែ​អ្នក​មហា​ជន​និស្ស័យ​ប៉ុន​ណា​គឺ​ហាត់​ប៉ុណ្ណឹង​ គឺ​ធ្វើ​តាម​ការ​យល់​ដឹង​ ។​ យើង​បាន​ផ្តាំ​ដល់​បណ្តា​ក្រុម​ដែល​កែ​លម្អ​រួច​ហើយ​ថា​ អ្នក​ឯង​ខ្វះ​អ្វី​ត្រូវ​ចេះ​ពង្រីក​សមត្ថ​ភាព​ខ្លួន​ឯង​ បើ​រាំ​ត្រូវ​ឱ្យ​ពូកែ​រាំ​ ការ​ដំឡើង​ល្ខោន​ក្តី​ក៏​ត្រូវ​ពឹង​លើ​សមត្ថ​ភាព​ស្រាវ​ជ្រាវ​ជា​មុន​សិន​ ពិសេស​ប្រវត្តិ​រឿង​ឱ្យ​ពិត​សិន​ មាន​ទីតាំង​មែន​អត់​នៅ​កន្លែង​ណា​ នេះ​ហើយ​គេ​ហៅ​ថា​ការ​ស្រាវ​ជ្រាវ​» ។​ លោក​ប្រាក់​ ប៊ន​ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​តាកែវ​ ថ្លែង​ទាំង​មាន​មោទន​ភាព​ចំពោះ​ក្រុម​យីកេ​ខេត្ត​តាកែវ​ថា​ «យើង​ទាំង​អស់​គ្នា​នៅ​តែ​រក្សា​បាន​រូប​ភាព​ជ័យ​លាភី​ល្អ​ជា​រៀង​រាល់​ឆ្នាំ​ ។​ នេះ​ដោយ​សារ​តែ​សិល្ប​ករ​ដែល​យើង​បណ្តុះ​បណ្តាល​គាត់​ទទួល​បាន​ផែន​ការ​ហាត់​រៀន​ជា​ប្រចាំ​ មិន​ធ្វេស​ប្រហែស​ឡើយ​ ។​ យើង​បាន​ដាក់​ផែន​ការ​ឱ្យ​អ្នក​សិល្បៈ​អាជីព​ទៅ​ជួយ​បង្រៀន​សិល្បៈ​មហា​ជន​ រើស​ពេល​វេលា​បង្ហាត់​គ្នា​ យក​ចិត្ត​ទុក​ដាក់​ជាមួយ​គ្នា​ ឱ្យ​ពួក​គាត់​សម្តែង​បាន​ល្អ​ ។​

រឿង​មួយ​ទៀត​យើង​បាន​ព្យាយាម​រើស​យក​ខ្លឹម​សារ​ ព្រោះ​សំខាន់​ណាស់​ដោយ​សារ​តែ​កាល​ណា​យើង​ចូល​រួម​កម្ម​វិធី​ នីមួយៗ​ត្រូវ​មើល​ទៅ​លើ​បញ្ហា​ខ្លឹម​សារ​ជា​សំខាន់​ ។​ គណៈ​មេ​ប្រយោគ​យើង​ត្រូវ​ដឹង​ថា​ ពួក​គាត់​ត្រូវ​ការ​អ្វី​ជា​ចាំបាច់​នៅ​ពេល​ដែល​គាត់​ដាក់​ផែន​ការ​ឱ្យ​ប្រឡង​ ។​ ដូច្នេះ​ហើយ​ទើប​ឱ្យ​តែ​បាន​ទទួល​ព័ត៌​មាន​ហើយ​ យើង​តែង​តែ​ប្រមូល​គ្នា​គិត​ពី​ខ្លឹម​សារ​ ហើយ​បាន​ចាត់​ចែង​ជា​លក្ខណៈ​សម្តែង​ ទោះ​ជា​រឿង​នោះ​ជា​រឿង​ថ្មី​ សំខាន់​ពឹង​លើ​ខ្លឹម​សារ​ជា​គោល​ ។​ យើង​បាន​យក​រឿង​បុរាណ​មួយ​មក​ដាក់​ប្រឡង​ ហើយ​ក្នុង​រឿង​នោះ​យើង​បាន​ព្យាយាម​រក​ទម្រង់​យីកេ​បុរាណ​ តែ​មិន​មែន​ជា​បុរាណ​ធម្មតា​ទេ​ ជា​ទម្រង់​យីកេ​ដំកង់​ ។​ យីកេ​ប្រភេទ​នេះ​ មាន​​តាំង​ពី​យូរ​លង់​មក​ហើយ​ តែ​គេ​មិន​សូវ​សម្តែង​ទេ​ ទើប​យើង​ជ្រើស​រើស​យក​យីកេ​ដំកង់​នេះ​មក​សម្តែង​ ។​ យើង​បាន​បង្ហាញ​ជូន​ពី​ក្បាច់​ដើម្បី​បង្ហាញ​ជូន​ពី​របៀប​យីកេ​ដំកង់​ និង​យើង​បង្ហាញ​ថា​ យីកេ​ដំ​កង់​មាន​រាំ​បិទ​ ព្រោះ​ក្បាច់​រាំ​រក្សា​ទុក​តាំង​ពី​យូរ​របស់​ខេត្ត​តាកែវ​ទាំង​មូល​ ។ ខ្ញុំ​បាន​ចង​ក្រង​ក្បាច់​យីកេ​នេះ​ដើម្បី​រក្សា​ទុក​ជូន​កូន​ខ្មែរ​ទាំង​អស់​បាន​ស្គាល់​ ហើយ​ប្រមាណ​ជា​២​ ឬ​៣​ឆ្នាំ​ទៀត​ ខ្ញុំ​នឹង​សម្រេច​ឱ្យ​ចប់​ ដើម្បី​ឱ្យ​កូន​ខ្មែរ​ស្គាល់​ ព្រោះ​ខ្លាច​យីកេ​យើង​បាត់​បង់​ ។​ អ្នក​ខេត្ត​តាកែវ​ បាន​បង្ហាញ​ពី​ខ្លឹម​របស់​យីកេ​ពិត​ប្រាកដ​ ជា​បាត​របស់​យីកេ​ ជា​ក្បាច់​ដើម​របស់​យីកេ​ ពី​របៀប​សម្តែង​បុរាណ​ ។​

សម្រាប់​ឱកាស​ទិវា​វប្បធម៌​ជាតិ​ អ្នក​បាន​ទស្សនា​យីកេ​ខេត្ត​តាកែវ​រឿង​ «សុវណ្ណ​សាម»​ គឺ​យើង​សម្តែង​បាន​តែ​២០​នាទី​ប៉ុណ្ណោះ​ តែ​ឃើញ​ថា​ អ្នក​ទស្សនា​ដក់​អារម្មណ៍​យីកេ​របស់​យើង​គឺ​គាត់​ហូរ​ទឹក​ភ្នែក​តាម​សាច់​រឿង​ទស​ជា​តក​ របស់​ព្រះ​ពុទ្ធ​សាសនា​ ។​ ចំពោះ​តួ​អង្គ​យើង​បាន​ជ្រើស​រើស​យ៉ាង​ចម្រាញ់​បំផុត​ ជាក់​ស្តែង​តួ​អង្គ​សុវណ្ណ​សាម​ យើង​បាន​សម្លឹង​មើល​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ​ ដោយ​បាន​បង្ហាត់​បង្រៀន​តួ​អង្គ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ព្រម​ទាំង​ជួយ​បង្ហាត់​ដល់​ផ្ទះ​ទៀត​ផង​ ព្រោះ​គាត់​មាន​និស្ស័យ​ជាមួយ​សិល្បៈ​ មិន​ត្រឹម​តែ​ច្រៀង​ទេ​ សូម្បី​តែ​ការ​និយាយ​ស្តី​ក៏​ពីរោះ​គួរ​ឱ្យ​ចង់​ស្តាប់​សម​ជា​អ្នក​យីកេ​» ​។​ ចំណែក​លោក​អោក​ សាវង្ស​ ជា​តួអង្គ​យីកេ​ក្នុង​រឿង​ «សុវណ្ណ​សាម» ​និង​ជា​អតីត​ជ័យ​លាភី​ចំណាត់​ថ្នាក់​លេខ​២​ ផ្នែក​ចម្រៀង​យីកេ​ ក្នុង​កម្ម​វិធី​ប្រឡង​ចម្រៀង​មរតក​វប្បធម៌​ខ្មែរ​ របស់​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​ នា​ពេល​កន្លង​មក​ បាន​ថ្លែង​ថា​ លោក​ចេះ​តែ​ច្រៀង​ទេ​ ព្រោះ​ចូល​ចិត្ត​ច្រៀង​ មិន​ពូកែ​សម្តែង​ទេ​ ។​ ដូច្នេះ​ហើយ​គ្រាន់​តែ​លោក​គ្រូ​ហៅ​ឱ្យ​ទៅ​សម្តែង​រឿង​សុវណ្ណ​សាម​ សម្រាប់​ប្រឡង​ គឺ​ភ័យ​បុក​ពោះ​ ។​ លោក​ចូល​រួម​សម្តែង​ប្រឡង​នេះ​ហាត់​បាន​តែ​បួន​ដប់​ថ្ងៃ​ប៉ុណ្ណោះ​ ។​ លោក​មាន​ចរិត​ខ្មាស​អៀន​ណាស់​ ពិសេស​រឿង​ស្នេហា​លើ​ឆាក​អូន​បង​ គឺ​ទៅ​មិន​រួច​ ហើយ​កាន់​តែ​ភ័យ​នោះ​គឺ​ជា​ការ​ធ្វើ​ទឹក​មុខ​ គឺ​មិន​ពូកែ​ទេ​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​តាកែវ​ ប្រាក់​ ប៊ន​ ខំ​ជួយ​បង្ហាត់​ ទើប​រូប​លោក​ទទួល​បាន​ផ្លែ​ផ្កា​ល្អ​បែប​នេះ​ ។​

លោក​អោក​ សាវង្ស​ សប្បាយ​ចិត្ត​ណាស់​ដែល​ក្រុម​សិល្បៈ​យីកេ​ខេត្ត​តាកែវ​របស់​លោក​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ ក្នុង​មហោ​ស្រព​ថ្នាក់​ជាតិ​ ។​ ចំពោះ​លោក​ ទិត្យ​ សាវ៉ន​ ជា​តួ​ត្លុក​នាយ​ខ្ចៅ​ ដែល​សម្តែង​ក្នុង​យីកេ​ រឿង​សុវណ្ណ​សាម​ ដែរ​នោះ​ មាន​ប្រសាសន៍​ថា​ ដ្បិត​តែ​លោក​បាន​ប្រឡូក​ការ​សម្តែង​បែប​បុរាណ​យូរ​មក​ហើយ​មែន​ តែ​សម្រាប់​ការ​ប្រឡង​យក​ស្នាដៃ​ លោក​ខិត​ខំ​ព្យាយាម​សម្តែង​ធ្វើ​យ៉ាង​ណា​ឱ្យ​សម​ជា​តួ​ត្លុក​ ព្រោះ​នេះ​ជា​ការ​សហ​ការ​គ្នា​ គ្មាន​តួ​ណា​តម្កើង​ខ្លួន​ជា​តួ​អង្គ​ឯក​ តួ​រង​ទេ​ ព្រោះ​ជ័យ​លាភី​បាន​មក​គឺ​បាន​ទាំង​អស់​គ្នា​ កើត​ពី​ការ​សាមគ្គី​គ្នា​ ។​ ដូច​នេះ​ លោក​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​សិល្បៈ​យីកេ​ខេត្ត​តាកែវ​ នៅ​តែ​ទទួល​បាន​ជោគ​ជ័យ​ មាន​ការ​គាំទ្រ​ និង​នៅ​តែ​ទាក់​ទាញ​ប្រជា​ប្រិយ​ភាព​ ។​ នាយ​ខ្ចៅ​សន្យា​ថា​ នឹង​ខិត​ខំ​បង្ហាត់​បង្រៀន​ ក្មេងៗ​រលក​ក្រោយ​ឱ្យ​មាន​ទេព​កោសល្យ​ខ្ពស់​ និង​កាន់​តែ​សម្បូរ​បន្ថែម​ទៀត​ សម្រាប់​ក្រុម​យីកេ​ខេត្ត​តាកែវ​ ៕​