រាជធានីភ្នំពេញ ៖ ដោយមានការស្នើសុំពីតំណាងសហភាពសហព័ន្ធសហជីព និងកម្មករនិយោជិតវិស័យកាត់ដេរ និងដេរស្បែកជើង ធ្វើវេទិកាសាធារណៈ ឬសម្តែងមតិនៅទីលានប្រជាធិបតេយ្យនាថ្ងៃទី៨ មីនា ដែលគ្រោងមានកម្មករចូលរួមប្រមាណ៣ម៉ឺននាក់នោះ នៅព្រឹកថ្ងៃទី៤ មីនា អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានកោះអញ្ជើញតំណាងភាគីអ្នកស្នើសុំទាំងនោះដើម្បីប្រជុំពិភាក្សា និងផ្តល់យោបល់ដែលពាក់ព័ន្ធទៅនឹងការស្នើសុំនោះ ។
ក្រោយពីពិភាក្សាវែកញែក និងពន្យល់ហេតុផលខុសត្រូវរួចមក អាជ្ញាធររាជធានីភ្នំពេញ បានបដិសេធមិនអនុញ្ញាតឱ្យសហភាពសហព័ន្ធសហជីពធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី៨ មីនា ខាងមុខនេះទេ ។ គួររំលឹកថា តំណាងសហភាពសហព័ន្ធសហជីព និងកម្មករនិយោជិតវិស័យកាត់ដេរ និងដេរស្បែកជើង ដែលមានប្រមាណ៨សហព័ន្ធ បានស្នើសុំទៅសាលារាជធានីភ្នំពេញ ដើម្បីធ្វើវេទិកាសាធារណៈ ឬសម្តែងមតិនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៨ មីនា ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់ ដែលគ្រោងមានកម្មករចូលរួមប្រមាណ៣ម៉ឺននាក់ ហើយក៏អញ្ជើញតំណាងស្ថាប័នក្នុងជួររាជរដ្ឋាភិបាលពាក់ព័ន្ធចូលរួមផងដែរ ។ ទោះជាយ៉ាងណា ឆ្លងកាត់តាមរយៈកិច្ចពិភាក្សាមួយព្រឹកធំមក លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានប្រកាសថា សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យសហជីព និងសមាគមធ្វើបាតុកម្មដើម្បីទាមទារឱ្យមានការដោះលែងមនុស្ស២១នាក់ និងស្នើឱ្យមានការចរចាប្រាក់ឈ្នួលកម្មករឡើងវិញនោះទេ ។
លោកលើកឡើងនេះដោយសំអាងថា ស្ថានភាពបច្ចុប្បន្នកំពុងមានភាពស្ងប់ស្ងាត់ មិនចង់ឱ្យមានការកើតឡើងជាថ្មីនូវការធ្វើបាតុកម្ម និងមានមនុស្សចូលរួមបាតុកម្មនៅទីលានប្រជាធិបតេយ្យច្រើន គឺប្រមាណ៣ម៉ឺននាក់នោះឡើយ ណាមួយចំទិវាអន្តរជាតិនារី ៨ មីនា ផង។ លោកឃួង ស្រេង បានលើកហេតុផលថា ករណីផ្ទុះអំពើហិង្សានៅផ្លូវវ៉េងស្រេង កាលពីដើមខែមករាកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើការសើុបអង្កេតស្រាវជ្រាវដើម្បីឈានទៅដល់ការចាប់ខ្លួនអ្នកញុះញង់ ឬអ្នកនៅពីក្រោយខ្នងនៃការបង្កឱ្យមានហិង្សានេះ ។
ម្យ៉ាងទៀត ជនបង្កអាចសង្ស័យចេញពីទីលានប្រជាធិបតេយ្យ ដូច្នេះយើងកំពុងមានការសើុបអង្កេត និងតាមដាន ។ បុ៉ន្តែទោះជាយ៉ាងណា តំណាងសហជីព២ឬ៣នាក់នៅពេលប្រជុំចប់ ដើរបណ្តើរនិយាយគ្នាបណ្តើរថា ទោះជាសាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យ ក៏ពួកគេនៅតែធ្វើដដែល ៕
ចែករំលែកព័តមាននេះ