ទឹកប្រាក់​ជិត​២០០​លាន​ដុល្លារ​គ្រោង​ចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត​ព្រះ​សីហ​នុ​…ចិន​សម្រុក​សាងសង់​កាស៊ីណូ


រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ការ​វិនិយោគ​ជា​ច្រើន​ពី​សំណាក់​វិនិយោគិន​អន្តរជាតិ ជា​ពិសេស​វិនិយោគិន​ចិន​ដែល​សម្រុក​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ សាងសង់​សណ្ឋាគារ និង​កាស៊ីណូ ជាដើម​នោះ ក៏​បាន​ធ្វើ​ឱ្យ​កំណើនប្រជាជន​នៅ​ទីនោះ​ក៏​កាន់តែ​ច្រើន​ដែរ ដូច្នេះ​បញ្ហា​ហេ​ដ្ឋារចនាសម្ព័ន្ធ ជា​ពិសេស​ប្រព័ន្ធ​លូ​ទឹក​ស្អុយ​បាន​បង្ក​ជា​បញ្ហា​សម្រាប់​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​។ ដើម្បី​ដោះស្រាយ​ពី​បញ្ហា​នេះ ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន បាន​សិក្សា​ពី​គម្រោង​ប្លង់​មេ និង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វក់​នៅ​ខេត្ត​នេះ ដើម្បី​រៀបចំ​ការ​ចំណាយ​និង​គៀងគរ​មូលនិធិ ដើម្បី​អភិវឌ្ឍន៍​។

បើ​តាម​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​មាន​ប្រសាសន៍​ថា ការ​ចំណាយ​សរុប​ទៅ​លើ​ការ​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូ​ទឹក​ស្អុយ ទាំងមូល​ប្រមាណ​១៧០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​នោះ​ត្រូវ​អភិវឌ្ឍន៍​ទៅ​លើ​ប្រព័ន្ធ​ចម្រោះ​ទឹក​ចំណុះ​៤​ម៉ឺន​ម៉ែត្រគូប ចំណាយ​ប្រាក់​ប្រមាណ​៥០​លាន​ដុល្លារ​អា​មេ​រិ​ក កសាង​ប្រព័ន្ធ​លូ ៤៥​គីឡូម៉ែត្រ​ត្រូវ​ចំណាយ​ប្រាក់​៤០​លាន​ដុល្លារ​អា​មេ​រិ​ក អភិវឌ្ឍន៍​លូ​តូច​ៗ​ត​ភ្ជាប់​ពី​លំនៅ​ឋាន​ពលរដ្ឋ ពី​សណ្ឋាគារ និង​អគារ​ពាណិជ្ជកម្ម​នានា​ទៀត ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​៨​លាន​ដុល្លារ​អា​មេ​រិ​ក​, សាងសង់​កន្លែង​បូមទឹក​កខ្វក់​ពី​លូ ចូល​មក​កន្លែង​ចម្រុះ ចំណាយ​ប្រាក់ ១៥​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត ។

​លោក​បាន​បន្ត​ថា «​សរុប​តែ​ប្រព័ន្ធ​លូ​ទឹក​កខ្វក់ យើង​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ជាង​១៤០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​នៅ​ប្រព័ន្ធ​លូ​ទឹកភ្លៀង សម្រាប់​រំដោះ​ទឹកភ្លៀង​កុំអោយ​ជន់​លិច ជាង​២០​គីឡូម៉ែត្រ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​២៥​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត សរុប​ទាំងអស់​ជាង​១៧០​លាន​ដុល្លារ​អា​មេ​រិ​ក » ។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា នេះ​គ្រាន់តែ​ជា​គម្រោង​នៃ​ការ​ចំណាយ​ប៉ុណ្ណោះ ហើយ​បញ្ហា​ថវិកា​មកពីណា​នោះ ជា​ភារៈ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​អ្នក​សម្រេច​ថា​យក​មកពីណា ។

លោក ស៊ុន ចាន់​ថុ​ល បន្ត​ថា «​ថវិកា​ទាំងនេះ វា​អាច​ជា​ថវិកា​កម្ចី ជា​ជំនួយ រឺ​ជា​ថវិកា​របស់​រដ្ឋាភិបាល​ផ្ទាល់ ហើយ ការ​អនុវត្តន៍​ការងារ​នេះ យើង​រំពឹង​ថា​នឹង​ចាប់ផ្ដើម​ឆាប់​ៗ​នេះ បន្ទាប់​ពី​បាន​សិក្សា​និង​ចុះ​វាយតម្លៃ​រួច​ជា​ស្រេច​មក » ។ លោក​បន្ថែម​ថា នៅ​ពេល​ដែល​ការ​សាងសង់​ប្រព័ន្ធ​លូ​ទាំងនេះ​រួច​ជា​ស្រេច នៅ​ថ្ងៃ​ខាង​មុខ យើង​នឹង​លែង​មានទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ​ទៀត​ឡើយ ដោយ​មុន​នឹង​បង្ហូរ​ទៅ​សមុទ្រ​យើង​នឹង​ចម្រោះ​វា​អោយ​ស្អាត​សិន ហើយ​បច្ចុប្បន្ន​នេះ យើង​អាច​គ្រប់គ្រង​ទឹក​កខ្វក់​បាន​តែ​ជាង​៣​ម៉ឺន​ម៉ែត្រគូប​ប៉ុណ្ណោះ តែ​បើសិនជា​ការ​ប្រើប្រាស់​ទឹក​កាន់តែ​ច្រើន ទឹក​កខ្វក់​ហូរ​ចេញពីផ្ទះ​ពលរដ្ឋ អគារ​សណ្ឋាគារ​ផ្សេង​ក៏​កាន់តែ​ច្រើន ដូច្នេះ​ហើយ​ត្រូវការ​សាងសង់​ប្រព័ន្ធ​លូ និង​អាង​ចម្រោះ​ជា​បន្ទាន់ ។

​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​មួយ​ដែល​មាន​សន្ទុះ​វិនិយោគ​ខ្លាំង​ហើយ​កំនើន​ប្រជាពលរដ្ឋ លំនៅ​ឋាន អគារ​ខ្ពស់​ៗ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក៏​មាន​ច្រើន​ដែរ ត្រឹម​រយៈពេល​ខ្លី ដូច្នេះ​ហើយ​ទើប​តម្រូវការ​ប្រើប្រាស់​ទឹក និង​កាក​សំណល់​ក៏​ដូច​ជា​ទឹក​ស្អុយ ដើម ដូច្នេះ​ហើយ​ទើប​ខេត្ត​នេះ មាន​បញ្ហា​ច្រើន​លើ​បញ្ហា​ទឹក​ស្អុយ​និង​កាក​សំណល់ ។ ​លោក​បន្ត​ថា « មិនតែប៉ុណ្ណោះ ដោយសារ​តែ​ពលរដ្ឋ​មួយ​ចំនួន​បាន​សងផ្ទះ​នៅ​លើ​អូរ ប្រឡាយ​បង្ហូរទឹក ទើប​នៅ​ពេល​ភ្លៀង​ខ្លាំង ធ្វើ​ឱ្យ​ស្ទះ​និង​ជន់​លិច​ម្ដងម្កាល » ។ លោក​បន្ត​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​ទៀត​ខេត្ត​នេះ នឹង​លែង​មាន​បាតុភាព​លិចលង់​ដូច​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ទៀត​ហើយ ដោយ​ពួក​យើង​បាន​គិតគូរ​ទុកជា​មុន ជាក់ស្ដែង​ដូច​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូ​នេះ​ជាដើម គឺ​ត្រូវ​បាន​ធ្វើ​ឡើង តាម​ការ​ព្យាករណ៍​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ។

គួរ​បញ្ជាក់​ថា យោង​តាម​សេចក្តី​ព្រាង​ផែនការមេ បរិមាណ​ទឹក​កខ្វក់ ក្នុង​ក្រុងព្រះសីហនុ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​នឹង​មាន​ចំនួន ប្រមាណ​២៥.៧០០​ម៉ែត្រគូប ក្នុង​ឆ្នាំ ២០១៨​និង​បរិមាណ​៤៧.០០០​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ នៅ​ឆ្នាំ ២០២៣ និង​ប្រមាណ​៦៤.០០០​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ នៅ​ឆ្នាំ ២០៣០ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ