ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជំរុញ​ការ​ចរចា​ទីផ្សារ​ថ្មី​ៗ​បន្ថែម ខណៈ​ទីផ្សារ​ចាស់​រង្គោះរង្គើ​ជាមួយ​ភាព​មិន​ច្បាស់លាស់​របស់ EBA

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ទីផ្សារ​ចាស់​ៗ​ដែល​មាន​ស្រាប់ ដូច​ជា​សហភាព​អឺរ៉ុប កំពុង​រង្គោះរង្គើ​និង​ប្រឈម​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (​ការ​អនុគ្រោះ​ពន្ធ​លើ​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​-EBA) ពី​កម្ពុជា​នោះ ថ្នាក់ដឹកនាំ​កម្ពុជា​ក៏​បាន​និង​កំពុង​ស្វែង​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​គោលដៅ​ថ្មី​ៗ​ទាំងនោះ ។…


រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ទីផ្សារ​ចាស់​ៗ​ដែល​មាន​ស្រាប់ ដូច​ជា​សហភាព​អឺរ៉ុប កំពុង​រង្គោះរង្គើ​និង​ប្រឈម​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (​ការ​អនុគ្រោះ​ពន្ធ​លើ​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​-EBA) ពី​កម្ពុជា​នោះ ថ្នាក់ដឹកនាំ​កម្ពុជា​ក៏​បាន​និង​កំពុង​ស្វែង​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​គោលដៅ​ថ្មី​ៗ​ទាំងនោះ ។

​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន នៅ​ឯ​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្នាក់​ជាតិ ស្តី​ពី​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ ២០១៩-២០២៣ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី កាលពី​ថ្ងៃ​ទី ២១ សីហា ម្សិលមិញ​នេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ប្រទេស​នៅ​លើ​ពិភពលោក ក៏​ដូច​ជា​ជំរុញ​ការ​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ថ្មី​ៗ​ជា​ច្រើន​ទៀត រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិការ បាន​ជំរុញ ការ​ចរចា​ទីផ្សារ​ថ្មី​បន្ថែម​ទៀត​ដើម្បី​នាំ​ទំនិញ​កម្ពុជា​ទៅ​កាន់​ប្រទេស​ទាំងនោះ ។ ​លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុង​ជជែក​ចរចា​ជាមួយ​ទីផ្សារ​សហគមន៍​អាស៊ី​អឺរ៉ុប ដែល​មាន​ប្រទេស​ចំនួន​៥ សុទ្ធសឹងតែ​ជា​ប្រទេស​មាន​ទីផ្សារ​ធំ​សម្រាប់​នាំ​ផលិតផលកម្ពុជា​ទៅ​កាន់​ទីនោះ ដូច​ជា​បេឡា​រ៉ុ​ស ប្រទេស​រុ​ស្ស៊ី កា​ហ្សា​ក់​ស្ថាន អា​មេ​នី និង​កៀ​ហ្សី​ស៊ី​ស្ថាន ។

​លោក ប៉ាន សូរ​ស័ក្តិ បាន​បន្ត​ថា « រហូត​មក​ដល់​ពេល​នេះ យើង​ជជែក​ចរចា​បាន​៣ ប្រទេស​ហើយ និង​កំពុង​ជជែក​ចរចារ​ជាមួយ​ប្រទេស​ទី​៤ ដោយ​រំពឹង​ថា​នឹង​បញ្ចប់​ទាំង​៥​ប្រទេស​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ ពីព្រោះ​កម្ពុជា​និង​ប្រទេស​ទាំងនោះ​បាន​បង្ហាញ​នូវ​ទំនាក់ទំនង​កាន់តែ​ខ្លាំង​រវាង​គ្នា​» ។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ទន្ទឹម​នឹង​ជំរុញ​ការ​ចរចា​ជាមួយ​ទីផ្សារ​ក្រៅប្រទេស កម្ពុជា​ក៏​បាន​និង​កំពុង​ពង្រឹង​នូវ​សកម្មភាព​ផលិត​ផង​ដែរ ដោយ​កម្ពុជា​បាន​និង​កំពុង​អភិវឌ្ឍន៍​នូវ​គោលនយោបាយ​បដិវត្តន៍ ឧស្សាហកម្ម​ជំនាន់​ទី​៤​ដោយ​នឹង​ត្រូវ​កាត់​បន្ថយ​នូវ​ការងារ​ណា​ដែល​ប្រើ​កំលាំងបាយ​សុទ្ធ​មក​ប្រើ​ជំនាញ ឬ កំលាំងបាយ​ដែល​មាន​ជំនាញ​ពិតប្រាកដ ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​មុន ។

ការ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​សម្រាប់​នាំ​ចេញ​ផលិតផល​របស់​កម្ពុជា នៅ​ពេល​នេះ ក៏​គាប់​ជួន​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ របស់​សហភាព​អឺរ៉ុប​ដែល​ផ្ដល់​ជូន​មក​កម្ពុជា ហៅ​កាត់​ថា EBA កំពុង​រង​ភាព​រង្គោះរង្គើ​ដែរ ដោយ​សហភាព​អឺរ៉ុប​បាន​ព្រមាន​ពី​ការ​ព្យូ​រ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ។ ប៉ុ​ន្តេ​យ៉ាងណា​ក៏​ដោយ​ថ្នាក់ដឹកនាំ​ប្រទេស​បាន​លើក​ឡើង​កន្លង​មក​ហើយ ថា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​គឺ​សម្រាប់​ផ្ដល់​ជូន​ប្រទេស​ដែល​មានការ​អភិវឌ្ឍន៍​តិចតួច ឬ​ប្រទេស​ក្រីក្រ តែ​សម្រាប់​កម្ពុជា បាន​ឆ្លង​ផុត​បន្តិច​ម្ដង​ៗ​ពី​ប្រទេស​អភិ​ឌ្ឍ​ន៍​តិចតួច ជាក់ស្ដែង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ កំណើនសេដ្ឋកិច្ច​កម្ពុជា បាន​កើនឡើង​ក្នុង​រង្វង់​ប្រមាណ​លើស​ពី​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ ។

លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​មាន​ប្រសាសន៍​កន្លង​មក​ថា កម្ពុជា​ត្រូវ​តែ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ទាំង​ទីផ្សារ និង​ផលិតផល ដោយ​ត្រូវ​រក​ទីផ្សារ​ថ្មី​ៗ​បន្ថែម និង​ត្រូវ​ផលិត​នូវ​ទំនិញ​ណា​ដែល​នាំ​ចេញ​ហើយ​បាន​តម្លៃបន្ថែម​ខ្ពស់ ដើម្បី​រក្សារ​កំណើន​សេដ្ឋកិច្ចជាតិ និង​បន្ថែម​តម្លៃ​ទៅ​លើ​កំលាំង​ពលកម្ម​ក្នុងស្រុក​ផង​ដែរ ។ ​លោក​បាន​បន្ត​ថា ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច មិនមែន​ធ្វើ​នៅ​ពេល​ដែល​មាន​បញ្ហា​ពី​ទីផ្សារ​ខាងក្រៅ​នោះ​ទេ ពោល​គឺ ត្រូវ​តែ​ត្រៀម​ទុក​មុន​បួន​ប្រាំ​ឆ្នាំ ដើម្បី​ទប់ទល់​ជាមួយនឹង​ស្ថានភាព ដូច​បច្ចុប្បន្ន​នេះ​ជាដើម ដែល​សហគមន៍​អឺរ៉ុប​គេ​ចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ។

​លោក ម៉ី កល្យាណ បាន​និយាយ​ថា «​យើង​រក​ទីផ្សារ​ខាងក្រៅ បាន​កាន់តែ​ច្រើន នឹង​ធ្វើ​អោយ​កម្ពុជា​យើង​កាន់តែ​នាំ​ចេញ​ទំនិញ​បាន​កាន់តែ​ច្រើន ហើយ​ក៏​ធ្វើ​ទំនិញ​របស់​យើង​កាន់តែ​ល្បី​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ » ។

គួរ​បញ្ជាក់​ថា យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ឆមាស​ទី​១​ឆ្នាំ ២០១៩​នេះ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា មាន​តម្លៃ ប្រមាណ​ជាង​១៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណ​៦,៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​នាំ​ចូល​មក​វិញ​មាន​ទឹកប្រាក់​ជាង​១០,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ចំពោះ​ទីផ្សារ​ថ្មី​ដែល​កំពុង​ចរចា បើសិនជា​បាន​សម្រេច កម្ពុជា​នឹង​អាច​នាំ​ចេញ​នូវ​ផលិតផល​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​ផលិតផល​ដែល​កម្ពុជា​កំពុង​ផលិត​នៅ​ពេល​បច្ចុប្បន្ន ដូច្នេះ ទំហំ​នៃ​ការ​នាំ​ចេញ​របស់
កម្ពុជា​នឹង​កើនឡើង​ខ្ពស់​ជាង​នេះ​ច្រើន​ដង​ថែម​ទៀត ។

យ៉ាងណាមិញ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC កន្លង​មក​បាន ចេញ​សេចក្ដីថ្លែងការណ៍​ជា​បន្តបន្ទាប់​ដោយ​បង្ហាញ​នូវ​ក្តី​បារ​ម្ម​ណ៍​ពាក់ព័ន្ធ​នឹង​ភាព​មិន​ច្បាស់លាស់​របស់ EBA ដោយ​បាន​លើក​ឡើង​ថា លទ្ធភាព​នៃ​ការ​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ធ្វើ​ឲ្យ​រង​គ្រោះ​ដល់​កម្មករ​កម្មការិនី ៧៥ ម៉ឺន​នាក់ និង​គ្រួសារ​របស់​ពួក​គេ​ប្រមាណ ៣ លាន​នាក់​ទៀត ហើយ​ក៏​មិន​បម្រើ​ឱ្យ​គោលបំណង​ដើម​នៃ​កម្មវិធី​អនុគ្រោះ​ពន្ធ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នោះ​ទេ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ