រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា កម្ពុជាកំពុងរងសម្ពាធទាបនាំឲ្យតំបន់មួយចំនួនរងទឹកភ្លៀងខ្លាំង ដែលធ្វើឲ្យស្ថានីយជលសាស្ត្រនានា មានការកើនឡើងកម្ពស់ទឹក តែទោះជាបែបណាមិនដល់កម្ពស់ប្រុងប្រយ័ត្នទេ ។ យោងតាមការព្យាកររបស់ក្រសួងធនធានទឹកនិងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យនិងតាមដានលើស្ថានភាពអាកាសធាតុជាប្រចាំរួចមក ក្រសួងធនធានទឹកនិងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ មានប្រព័ន្ធសម្ពាធទាប(ITCZ) មួយ បានកើតឡើង និងកំពុងអូសកាត់លើអាងទន្លេមេគង្គ ចាប់ពីប្រទេសវៀតណាមដល់ប្រទេសមីយ៉ាន់ម៉ា ។
ប្រព័ន្ធសម្ពាធទាបនេះ ក៏មានឥទ្ធិពលផងដែរទៅលើប្រទេសឡាវ ថៃ និងប្រទេសកម្ពុជា ពិសេសតំបន់ខ្ពង់រាបភាគឦសាន តំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ដោយបង្កឲ្យមានភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងកម្រិតពីមធ្យមទៅខ្លាំង ចាប់ពីថ្ងៃទី២១ ខែសីហាឆ្នាំ២០១៩ តទៅ ។ ប្រភពបន្តថា ការធ្លាក់ភ្លៀងខាងលើនឹងធ្វើឲ្យទឹកទន្លេមេគង្គកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមាន ៖
១-ស្ថានីយជលសាស្ត្រស្ទឹងត្រែង ទឹកអាចឡើងដល់កម្ពស់៨,៥០ម៉ែត្រ នៅទាបជាងកម្រិតកម្ពស់ត្រូវប
្រុងប្រយ័ត្ន(កម្ពស់ប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ) ។២-ស្ថានីយជលសាស្ត្រក្រចេះ ទឹកអាចឡើងដល់កម្ពស់១៨,៥០ ម៉ែត្រ នៅទាបជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន(កម្ពស់ប្រុងប្រយ័ត្ន២២ម៉ែត្រ)។៣-ស្ថានីយជលសាស្ត្រកំពង់ចាម ទឹកអាចឡើងដល់កម្ពស់១០ម៉ែត្រ នៅទាបជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន(កម្ពស់ប្រុងប្រយ័ត្ន១៥,២០ ម៉ែត្រ)។ ៤-រីឯនៅទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ទឹកបន្តឡើងជាបន្តបន្ទាប់ ។
ជារួម ស្ថានភាពទឹកទន្លេឡើងក្នុងពេលនេះ អាចចាត់ចូលជាការហក់ឡើងអតិបរមាលើកទី១។ ជាទូទៅ ទឹកទន្លេមេគង្គតែងតែហក់ឡើង២ដង ក្នុងមួយឆ្នាំៗ ដែលហៅថាអតិបរមាលើកទី១ និងអតិបរមាលើកទី២ ។
ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវនិងជូនដំណឹងដល់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ ជាពិសេសបងប្អូនប្រជាកសិករ ដែលប្រកបរបរកសិកម្មនៅអមសងខាងទន្លេទាំងអស់ រួសរាន់ក្នុងការប្រមូលកសិផល និងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ