ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​កំណាត់​ផ្លូវ​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ​នៅ​ស្រុក​​សាមគ្គី​មាន​ជ័យ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទដឹកនាំ​មន្ត្រី​ជំនាញចុះនិង​ណែនាំ​ត្រូវ​ជួសជុល​ជា​បន្ទាន់ ​

15 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ណែនាំ​ដល់​​អគ្គនាយកដ្ឋាន​បច្ចេកទេស​របស់​ក្រសួង និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក និង​ឃុំ​ធ្វើការ​ជួសជុល​ជាបន្ទាន់​នូវកំណាត់​ផ្លូវ​ត្រង់​ចំណុច​ដែល​រង​ការ​ខូចខាត ដោយសារ​ជំនន់​ទឹកភ្លៀង ដើម្បី​ឱ្យ​ប្រជាជន​ប្រើប្រាស់​បាន​ដូច​ដើម​វិញ​ ។

​មាន​ប្រសាសន៍​បែប​នេះ ក្នុង​ពេល​ឯកឧត្តម រួម​ដំណើរ​ដោយ​ឯកឧត្តម​ជា​ថ្នាក់ដឹកនាំ មន្ត្រី​បចេ្ចកទេស​ក្រសួង​ និងមន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ឆ្នាំង ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​ចុះ​ពិនិត្យ​ជាក់ស្ដែង​ហេដ្ឋា​រច​នាសម្ព័ន្ធ​ផ្លូវ​ជនបទ​ចំនួន​០៣​ខ្សែ ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ធ្វើ​ឱ្យ​ហូរ​ច្រោះ​ផ្លូវ​នៅ​ក្នុងស្រុក​សាមគ្គី​មាន​ជ័យ​ ។

ក្រោយ​ការ​ត្រួតពិនិត្យ បាន​រក​ឃើញ​ចំណុច​ខូចខាត រួម​មាន​៖ ​ខ្សែ​ទី​១ ផ្លូវ​ផ្សារ​ត្រាច​ទៅ​ដល់​វត្ត​ព្រះ​ធាតុ ជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​មាន​ប្រវែង​សរុប​៣៥​គ​.​ម​. ទទឹង​៦​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្សារ​ត្រាច ឃុំ​ស្វាយ ដោយ​ឆ្លងកាត់ ឃុំ​ត្បែងខ្ពស់ ឃុំ​ស្វាយ​ជុក ទៅ​ដល់​ភូមិ​ច្រ​កូវ ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ​ ។ ផ្លូវ​នេះ ត្រូវ​បាន​កសាង​ដោយ​ក្រសួង​​អភិវឌ្ឍន៍ជនបទ​ក្នុង​ឆ្នាំ​២០១៥ ក្រោម​ក្រប​ខណ្ឌ​គម្រោង​កែ​លម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​១ (RRIP-I) ដោយ​ប្រើប្រាស់​ហិរញ្ញប្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ ។ នៅ​លើ​ខ្សែ​ផ្លូវ​នេះ ត្រូវ​បាន​ទឹក​ទឹក​ហូរ​ច្រោះ​ជើងទេរ លូ​ប្រអប់​០១​កន្លែង ។​

ខ្សែ​ទី​២-ឈ្មោះ​ផ្លូវ​ជំទាវ​ជ្រែង ទៅ​ដល់​ទ្រ​ម៉ូង​ជ្រុំ ជា​ផ្លូវ​កម្រាល​ល្បាយ​ក្រួស​ក្រហម មាន​ប្រវែង​៩,២០​គ​.​ម​. ទទឹង​៦​ម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​ជំទាវ​ជ្រែង ទៅ​ដល់​ភូមិ​ទ្រ​ម៉ុង​ជ្រុំ ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មាន​ជ័យ ។ ផ្លូវ​នេះ ត្រូវ​បាន​កសាង​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុង​ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​ថវិកា​របស់​រាជរដ្ឋាភិបាល​ ។

នៅ​លើ​ខ្សែ​ផ្លូវ​នេះ ត្រូវ​បាន​ទឹក​ទឹក​ហូរ​ច្រោះ​ជើងទេរ និង​ចិញ្ចើម​ផ្លូវ​ម្ខាង ប្រវែង​ប្រហែល ១០០​ម៉ែត្រ ប៉ុន្ដែ​នៅ​អាច​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​មួយ​ចំហៀង​បានជា​ធម្មតា ​។ ​ផ្លូវ​០១​ខ្សែ​នេះ ត្រូវ​បាន​ក្រសួង​ដាក់​ទៅ​ក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ក្រោម​ហិ​រញ្ញប្បទាន​ដៃគូ​អភិវឌ្ឍន៍ នា​ពេល​ខាង​មុខ​នេះ​ ​និង ខ្សែ​ទី​៣-​ឈ្មោះ​ផ្លូវ ស្ពាន​ពោធិ ទៅ​ដល់​ស្ថានីយ៍​រថភ្លើង មា​.​នកជា​ប្រភេទ​ផ្លូវ​កម្រាល​កៅស៊ូ​ពីរ​ជាន់ (DBST) មាន​ប្រវែង ១២,៥០​គ​.​ម​. ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ភូមិ​ស្ពាន​ពោធិ ឃុំ​សេដ្ឋី ទៅ​ដល់​ភូមិ មា​.​នក កើត​ឃុំ​ត្បែងខ្ពស់ ​ស្រុក​សាមគ្គី​មាន​ជ័យ​ ។ ​

ផ្លូវ​នេះ ​ត្រូវ​បាន​កសាង​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ក្នុង​ឆ្នាំ​២០១៥ ក្រោម​ក្រប​ខណ្ឌ​គម្រោង​កែ​លម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​១ (RRIP-I) ដោយ​ប្រើប្រាស់​ហិរញ្ញប្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ​។ នៅ​លើ​ខ្សែ​ផ្លូវ​នេះ ត្រូវ​បាន​ទឹកភ្លៀង​ជន់​លិច និង​ហូរ​កាត់​ផ្លូវ ប៉ុន្ដែ​នៅ​អាច​បន្ដ​ធ្វើ​ចរាចរណ៍​ទូទៅ​បានជា​ធម្មតា​ ។