ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​កាន់​ថឺ​ នៅ​វៀតណាម ​អាច​នឹង​បើក​ទីផ្សារ​ការងារ​សម្រាប់​ពលករ​កម្ពុជា

16 ម៉ោង មុន

ក្រុមហ៊ុន​នានា​នៅ​ទីក្រុង កាន់​ថឺ នៃ​តំបន់​ដែនដី​សណ្តរ​ទន្លេមេគង្គ​ដែល​នៅ​ក្បែរ​នឹង​ប្រទេស​កម្ពុជា អាច​នឹង​បើក​ទីផ្សារ​ការងារ​ដើម្បី​ទទួល​ពលករ​ពី​កម្ពុជា ខណៈ​សង្វា​ក់​ផលិតកម្ម​នានា​នៅ​ក្នុង​ទីក្រុង​នេះ​កំពុង​តែ​ខ្វះខាត​ខ្លាំង ។

កាសែត​យុវជន​វៀតណាម​បាន​រាយការណ៍​ថា កម្មករ​ជំនាញ​វៀតណាម​ពួក​គេ​បាន​ស្វះ​ស្វែងរក​ទីផ្សារ​ការងារ​នៅ​ក្រៅប្រទេស​ដែល​មាន​ប្រាក់ខែ​ច្រើន ដូច្នេះ​ហើយ​ទីក្រុង​កាន​ថឺ​ប្រឈម​មុខ​នឹង​កង្វះខាត​ពលករ​ច្រើន ។

លោក ឃ្វៀន វាន់​ហាវ ( Nguyen Van Hao) ប្រធាន​សមាគម​ធុរកិច្ច​ទីក្រុង​កាន់​ថឺ បាន​អះអាង​ថា ក្រុមហ៊ុន​នានា​នៅ​ក្នុង​ទីក្រុង​កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​កម្មករ និង​បុគ្គលិក​បច្ចេកទេស​កាន់តែ​ខ្លាំង​ឡើង​។

លោក​បាន​អះអាង​ថា ជាមួយនឹង​ការ​បើក​ដំណើរការ​តំបន់ឧស្សាហកម្ម​បន្ថែម​ទៀត អាជីវកម្ម​នានា​កំពុង​ប្រកួតប្រជែង​គ្នា​យ៉ាង​ខ្លាំងក្លា​ដើម្បី​ដណ្តើម​យក​កម្មករ ដោយ​ក្នុង​ករណី​ខ្លះ ពួក​គេ​បាន​ដំឡើង​ប្រាក់​ឈ្នួល​ដើម្បី​ទាក់ទាញ​កម្លាំង​ពលកម្ម​ហើយ សហគ្រាស​ខ្លះ កំពុង​វិនិយោគ​លើ​បច្ចេកវិទ្យា​ដើម្បី​សម្រួល​ដល់​ដំណើរការ​ផលិត និង​កែ​ច្នៃ ក៏​ដូច​ជា​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ក៏​ដោយ ប៉ុន្តែ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​មិន​អាច​លុប​បំបាត់​តម្រូវការ​សម្រាប់​ធនធានមនុស្ស​បាន​ទេ​។

លោក​បាន​អះអាង ថា​«​បើ​គ្មាន​មនុស្ស​ទេ​នោះ ការ​ផលិត​ក៏​មិន​អាច​ដំណើរការ​បាន​ដែរ​»​។ លោក​បាន​បន្ត​ថា ទីក្រុង កាន់​ថឺ​គួរតែ​ដាក់​ចេញ​នូវ​គោលនយោបាយ​ច្បាស់លាស់​ដើម្បី​ជ្រើសរើស​កម្មករ​ពី​បរទេស​ជា​ពិសេស​គឺ​មក​ពី​ប្រទេស​កម្ពុជា និង ប្រទេស​ជិតខាង​វៀតណាម មក​បម្រើ​ការងារ​នៅ​ក្នុង​តំបន់​ដីសណ្ត​ទាំងមូល និង​ជា​ពិសេស​សម្រាប់​ទីក្រុង​នេះ​តែ​ម្តង​។

ជា​ការ​ពិត​មក​ដល់​ពេល​នេះ​វៀតណាម​មិនមែន​ជាទី​ផ្សារ​ការងារ​របស់​ពលករ​កម្ពុជា​នៅឡើយ​ទេ ។ កន្លង​មក​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ថៃ កាល​ពេល​មុន​មាន​បញ្ហា​អរិភាព​ព្រំដែន ។ ក្រៅពី​នោះ​មាន​កូរ៉េ​ខាងត្បូង ជប៉ុន ម៉ា​ឡេ​ស៊ី ជាដើម ៕​