ភ្ជុំបិណ្ឌ៣ថ្ងៃ! ភ្ញៀវទេសចរជាង ២៥ម៉ឺននាក់ មកកម្សាន្តខេត្តសៀមរាប
- សៀមរាប
ខេត្តសៀមរាប ៖ ក្នុងរដូវវស្សា តែងតែមានភ្លៀងធ្លាក់ជាញឹកញាប់ តែនេះមិនមែនជាឧបសគ្គសម្រាប់ទេសចរមកទស្សនារមណីយ ដ្ឋានអង្គរ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិយើងឡើយ។ បើទោះបីជាមេឃកំពុងតែភ្លៀង រលឹមក្តី ក៏ ភ្ញៀវទេសចរនៅតែចូលមកទស្សនាប្រាសាទដោយអ្នកខ្លះបាំងឆត្រ មួក ឬ កន្សែង អ្នកខ្លះពាក់អាវភ្លៀង និងខ្លះទៀត ដើរក្រោមដំណក់ភ្លៀងដោយផ្ទាល់តាម ដំណើរធម្មជាតិ ដែលហាក់កំពុងទទួលទឹកពិសិដ្ឋប្រោសព្រំពីអាទិទេពដូច្នោះដែរ។
ភ្ញៀវទេសចរទាំងនោះ ហាក់ទទួលបានការចាប់ អារម្មណ៍មួយប្លែកមើលទៅប្រាសាទមានទស្សនីយភាពមានសោភ័ណភាពស្រស់ស្អាតមួយបែបខុសពីផ្ទៃមេឃបើកថ្ងៃ ហើយទេសចរក៏មិនទុកពេលវេលានេះកន្លងទៅដោយអសារបង់ឡើយ។ ពួកគាត់មានទឹកមុខញញឹម ញញែមមិននឿយណាយនឹងការដើរក្រោមដំណក់ទឹកភ្លៀង ដោយពួកគេដើរទស្សនាឥតរុញរា និងថតផ្តិតរូបភាពទុកជាអនុស្សាវរីយ៍ផង។ ការមកទស្សនាប្រាសាទនិង ចំពេលវេលា បុណ្យភ្ជុំបិណ្ឌ មានភ្លៀងធ្លាក់ ក្រោមបរិយាកាសត្រជាក់ត្រជុំបែបនេះក៏ជាបទពិសោធន៍ដ៏កម្រក្នុងឆាកជីវិត ដែលមានពេលវេលាបានមកទស្សនារមណីយដ្ឋានអង្គរ នារដូវវស្សានេះផង ដែរ ។
បើតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀម រាប ដែលបាន ស្រង់ទិន្នន័យស្ថិតិ ភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋដើរបកម្សាន្តក្នុងខេត្តសៀមរាបចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ ២០២៦ មានដូចខាងក្រោម៖ ភ្ញៀវទេសចរសរុបមានចំនួន ២៥៦,៧១៥ នាក់ កើនឡើង ៧.៧៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ចំនួនប្រមាណ ២៣៨, ២០១ នាក់ ក្នុងនោះ ៖ ១. ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តមានចំនួនប្រមាណ៖ ២៥១,១៥០ នាក់ កើនឡើង ៧.៦៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៥ ចំនួន ២៣៣,៣២០ នាក់ ។ ២. ទេសចរបរទេស៖ ៥,៥៦៥ នាក់ កើនឡើង ១៤.០១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ចំនួន ៤,៨៨១ នាក់ ផងដែរ ៕










ចែករំលែកព័តមាននេះ