រាជធានីភ្នំពេញ ៖ ឃ្លាំងស្តុកសម្ភាររបស់អង្គការបំរើសេវាសង្គមដើមឈើសប្បាយចំនួន៣ដែលស្ថិតនៅអគារស្ពានឥន្ទធនូក្នុងបរិវេណមន្ទីរពេទ្យព្រះកេតុមាលា(ពេទ្យ១៧៩)សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានភ្លើងឆាបឆេះខ្ទេច កាលពីវេលាម៉ោង០៥និង១៥នាទីព្រឹកថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៤ បើទោះបីជាមានកិច្ចអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យយ៉ាងណាក៏ដោយ ។
ស្ត្រីម្នាក់ដែលឃើញហេតុការណ៍បានឱ្យឲ្យសមត្ថកិច្ចមូលដ្ឋានដឹងថា នៅវេលាម៉ោងប្រហែល០៥ព្រឹកថ្ងៃទី២៨ កុម្ភៈ គាត់បានដើរកាត់តាមអគារស្ពានឥន្ទធនូដែលមានអង្គការបំរើសេវាសង្គមដើមឈើសប្បាយនៅជាប់ក្បែរ ស្រាប់តែធំក្លិនឈ្ងៀមស្របពេលមានផ្សែងហ៊ុយចេញពីក្នុងឃ្លាំងដាក់សម្ភារ ភ្លាមៗនោះក៏បានប្រាប់ទៅអ្នកយាមប្រចាំការទីនោះនិងសុំកិច្ចអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យមកជាបន្តបន្ទាប់។
សមត្ថកិច្ចមូលដ្ឋានដែលចុះទៅដល់ចំណុចកើតហេតុបាននិយាយថា បើទោះជាមានកិច្ចអន្តរាគមន៍បាញ់ទឹកយ៉ាងណាក៏ដោយឃ្លាំងស្តុកសម្ភារចំនួន៣របស់អង្គការបំរើសេវាកម្មសង្គមដើមឈើសប្បាយត្រូវបានភ្លើងឆេះខ្ទេចផ្នែកខាងក្នុង តែមិនមានមនុស្សស្លាប់ឬរងរបួសនោះទេ ព្រោះមិនមែនជាកន្លែងកុមារស្នាក់នៅ ហើយមូលហេតុមិនទាន់ដឹងនៅឡើយដែរ រីឯទំហំនៃការខូចខាតក៏មិនទាន់ដឹងដែរ។
លោកវរសេនីយ៍ទោ នេត វត្ថា នាយការិយាល័យនគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលដឹកនាំកម្លាំងចុះអន្តរាគមន៍ផ្ទាល់បានឲ្យដឹងថា ក្នុងកិច្ចអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ភ្លើងឆេះឃ្លាំងរបស់អង្គការបំរើសេវាសង្គមដើមឈើសប្បាយនេះប្រើប្រាស់រថយន្តអស់០៣គ្រឿង ប្រើទឹកអស់៤ឡាន។
នេះជាលើកទី២ហើយដែលអង្គការនេះត្រូវបានទទួលរងអគ្គិភ័យនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង០១រំលងអធ្រាត្រ អគ្គិភ័យបានឆាបឆេះ បន្ទប់ធ្វើការនៅជាន់ទីមួយអស់មួយបន្ទប់និងមិនមានមនុស្សរងរបួសនោះទេ៕
ចែករំលែកព័តមាននេះ