រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៦ កុម្ភៈ ២០១៤ នៅអគារសភាពាណិជ្ជកម្មកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម និងសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំធ្វើសន្និសីទកាសែតស្តីពីការតាំងពិព័រណ៍ឧស្សាហកម្ម អេស អ៊ឹម អ៊ី លើកទី៤ ឆ្នាំ២០១៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩-៣០ មីនា ២០១៤ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៌កោះពេជ្រ ក្រោមប្រធានបទ «ឧត្តមភាពនៃផលិតផលខ្មែរ ឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ចសហគមន៍អាស៊ានឆ្នាំ២០១៥» ។
ការរៀបចំតាំងពិព័រណ៌នេះ គឺដើម្បីជួយលើកស្ទួយផ្នែកឧស្សាហកម្ម សិប្បកម្ម សេវាកម្មបើកផ្លូវ ឆ្ពោះទៅរកការប្រកួតប្រជែងខ្ពស់ទាំងក្នុងទីផ្សារជាតិ និងអន្តរជាតិ ជាពិសេសការត្រៀមខ្លួនចូលក្នុងសមាហរណកម្មអាស៊ាន ឆ្នាំ២០១៥ ខាងមុខនេះ ។ តាមរយៈ ពិព័រណ៌នេះ ពាណិជ្ជករ ឧស្សាហករណ៍ និងសិប្បករមានឱកាសធ្វើការផ្សព្វផ្សាយនូវផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីធ្វើការទាក់ទាញអតិថិជន ក៏ដូចជាការពង្រីកទីផ្សាររបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយថែមទៀត
ម្យ៉ាងទៀត វាជាឱកាសដ៏មានតម្លៃមួយសម្រាប់ពាណិជ្ជករ ឧស្សាហករណ៍ សិប្បករ និងអាជីវករបានជួបប្រាស្រ័យការងារស្វែងរកដៃគូសហការ ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ។
ចែករំលែកព័តមាននេះ