ខេត្តកំពង់ចាម ៖ បុរសម្នាក់ខណៈកំពុងឆក់ត្រីនៅក្នុងអូរ ត្រូវកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកោះទន្ទឹមចាប់ខ្លួនបាន កាលពីវេលាម៉ោង១២ត្រង់ត្រង់ថ្ងៃទី២៦ កុម្ភៈ ២០១៤ ស្ថិតនៅចំណុចភូមិទី១២ ឃុំកោះសូទិន ស្រុកកោះសូទិន ។
ប្រភពបានឱ្យដឹងថា បុរសខាងលើឈ្មោះយូ ស៊ាងលី អាយុ៤០ឆ្នាំ រស់នៅភូមិកោះប្រាក់លើ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម មានប្រពន្ធ និងកូន៧នាក់ក្នុងបន្ទុក ។ ប្រភពបានបន្តថា បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចធ្វើការដកហូតបានប្រដាប់ឆក់១សម្រាប់ ត្រីជាង៣គីឡូក្រាម ប្រគល់ឲ្យទៅជំនាញរដ្ឋបាលជលផលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៏ត្រីប៉ាក ជាតិ អធិការនគរបាលស្រុកកំពង់សៀមបានប្រាប់ឱ្យដឹងថា ការចុះឃាត់ខ្លួននេះ គឺដោយសារប្រជាពលរដ្ឋនៅមូលដ្ឋានរាយការណ៍មករូបលោក ទើបកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកោះទន្ទឹម ធ្វើការចុះឃាត់ខ្លួន ។
ជនខាងលើសារភាពថា កាលពីមុនរូបគាត់ជាអ្នកនេសាទត្រីក្នុងទន្លេមេគង្គ ដោយរាយមងដាក់សន្ទូច ដើម្បីចាប់យកត្រីមកលក់ដោះស្រាយជីវភាពគ្រួសារ តែមួយរយៈចុងក្រោយនេះ រាយមិនត្រូវសោះ ព្រោះអ្នកភូមិរបស់គាត់មានប្រដាប់ឆក់ពី១០ ទៅ២០គ្រឿងសម្រាប់ឆក់ត្រីក្នុងទន្លេ ហើយរូបគាត់រកត្រីអត់ទាន់គេ ទើបឱ្យប្រពន្ធទៅស៊ីឈ្មួលគេបានលុយសន្សំទិញប្រដាប់ឆក់១គ្រឿងតម្លៃ៦ម៉ឺនរៀល យកមកឆក់ត្រីនៅត្រង់ចំណុចខាងលើបានមួយលើកប៉ុណ្ណោះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
ចែករំលែកព័តមាននេះ