ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតនិងបច្ចុប្បន្នខុសគ្នាខ្លាំង…ខ្សែ​ជីវិត​អ្នក​ចម្រៀង​ម្នាក់​​ធ្លាប់ប្រឡង​ជាប់​លេខ​១​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជាការពិត ខ្សែជីវិតមនុស្ស​គ្រប់រូបតែ​​មាន​លិចនិង​មាន​អណ្តែត ជាក់ស្តែង ក្រឡេក​មក​មើល​ជីវិតអ្នក​ចម្រៀង​ម្នាក់ ដែល​​ធ្លាប់ប្រឡងជាប់​បាន​លេខ​១​ គិតទៅ​រយៈពេល​៣៨​ឆ្នាំ​​មកនេះ ​គឺ​បាន​បន្សល់​​ទុក​តែ​បន្ទុក​នៃ​ការ​លំបាក​ក្នុង​ក្រុម​គ្រួសារ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​មិន​ដល់​ថ្នាក់​ដាច់​ពោះ​ស្លាប់​ដែរ…

ខេត្តបាត់ដំបង ៖ ជាការពិត ខ្សែជីវិតមនុស្ស​គ្រប់រូបតែ​​មាន​លិចនិង​មាន​អណ្តែត ជាក់ស្តែង ក្រឡេក​មក​មើល​ជីវិតអ្នក​ចម្រៀង​ម្នាក់ ដែល​​ធ្លាប់ប្រឡងជាប់​បាន​លេខ​១​ គិតទៅ​រយៈពេល​៣៨​ឆ្នាំ​​មកនេះ ​គឺ​បាន​បន្សល់​​ទុក​តែ​បន្ទុក​នៃ​ការ​លំបាក​ក្នុង​ក្រុម​គ្រួសារ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​មិន​ដល់​ថ្នាក់​ដាច់​ពោះ​ស្លាប់​ដែរ ។ នេះ​ជា​ពាក្យ​សម្តី​អ្នកស្រី ឡឹម វ​ណ្ណា​រី អាយុ​៥៨​ឆ្នាំ បច្ចុប្បន្ន​កំពុង​រស់នៅ​ភូមិ​សុ​ភី​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ជា​អ្នកចម្រៀង​ប្រឡង​ជាប់​លេខ​១ មេដាយមាស​នៅ​ក្រុងភ្នំពេញ​តាំងពី​ឆ្នាំ​១៩៨១ មក​ម្ល៉េះ ដែល​ជា​រៀមច្បង​របស់​អ្នកស្រី​ឆោម ឆ​វិ​ន និង​ជា​ដៃគូ​ចម្រៀង ​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​១៩៨២​ មក ដែល​​មាន​ដើម​កំណើត​នៅ​ខេត្តបាត់ដំបង ។

​​ជួប​ជាមួយ​កោះសន្តិភាព​នៅ​ក្នុងផ្ទះ​របស់​អ្នកស្រី កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​១៩​ សីហា ​ឡឹម វ​ណ្ណា​រី បាន​ថ្លែង​ថា ខ្ញុំ​មានចិត្ត​រំភើប ​ដែល​បាន​មក​ដល់​ផ្ទះ​របស់ខ្ញុំ ហើយ​ក៏​មានការ​ខ្មាស់​អៀន​ផង​ដែរ ព្រោះ​បាន​មក​ឃើញ​ផ្ទាល់​ជា​ជីវិត​ពិត​ ដែល​ខ្ញុំ​កំពុង​រស់នៅ​ជាមួយ​ចៅប្រុស​២​នាក់ ​ដែល​ម្តាយ​គេ​(​កូនស្រី​គាត់​)​បាន​ចេញ​ទៅ​រកស៊ី​លក់ដូរ​នៅ​ខាងក្រៅ​បាត់ ។ ពិតមែនតែ​ផ្ទះ​មិន​បាន​សមរម្យ​ដូច​គេដូច​ឯង តែ​នេះ​ជា​កម្មផល​ដែល​អ្នក​ស្រី​បាន​ជួប ហើយ​កំពុងផ្សែផ្សំ​លុយកាក់​ដែល​ខ្លួន​មាន​សម្រាប់​តែ​មួយ​រស់​ៗ​រៀងរាលថ្ងៃ​នេះ ដាច់​ចិត្ត​លើក​ផ្ទះ​ឲ្យ​បាន​ផុត​ពី​ទឹកជំនន់​ថ្មី​ៗ​នេះ​បាន​ស្រក​ទៅ​វិញ កុំ​ឲ្យ​លិចទៅ​ថ្ងៃក្រោយ​ទៀត តែ​វា​ជា​ដី​ទំនាប ជាប់មាត់​ស្ទឹង​នៅ​ជាប់​ក្បាល​ស្ពានថ្ម​ថ្មី (​ស្ពាន​ឧត្តរៈ​) ដែល​កំពស់​ថ្នល់​ផុត​ពី​ទឹក​មាន​រហូត​ទៅ​ដល់​២​ម៉ែត្រ​ឯណោះ។

​អ្នកស្រីបន្តថា យ៉ាង​ហោច​ណាស់​ កុំតែបាន​តួ​ផ្ទះ​ផុត​ទឹក​ពេល​ទឹក​ឡើង ទុក​គ្រាន់​បាន​ទុកដាក់​ខោអាវ ឥ​វ៉ា​ន់ និង​សម្រាក​ពេល​យប់​ខ្លះ​ដែរ ។ កោះសន្តិភាពក៏​បាន​បង្វែរ​អារម្មណ៍​ខ្លះ​ៗ ​ដើម្បី​ចង់​ដឹង​ពី​មូលហេតុ​អ្វី​បានជា​អ្នកចម្រៀង​ដែល​ល្បី​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​ កាលពី​ជាង​៣០​ឆ្នាំ​មុន បាន​មក​រស់នៅ​របៀប​ដូច្នេះ​ទៅ​វិញ ?

អ្នកស្រី​ងាក​មុខ​ចេញ ព្រោះ​ចង់​ស្រក់​ទឹកភ្នែក ព្រោះ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​គេ​មក​សួរ​ប្រ​វត្ត​ខ្ញុំ​ដូច្នេះ ​ខ្ញុំ​មិន​ចង់​រំលឹក​រឿង​អតីតកាល​ទេ ព្រោះ​វា​បាន​ចាក់​ដោត​ដួងចិត្ត គ្រាំគ្រា​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​បាន​ជួប​រឿង​ហេតុ​អាក្រក់ ទើប​វិល​មក​រក​ស្រុក​កំណើត​របស់​ខ្លួន​វិញ ។ អ្នកស្រី​បាន​បញ្ជាក់​ថា ក្រោយ​ពី​ពេល​ប្រឡង​ជាប់​លេខ​១ ទទួល​ពានមាស​ផ្នែក​ចំរៀង​នៅ​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៨១ ជាមួយ​លោក​ហូ ឡា​វី​, លោក​លី រតនា និង​លោក​សុខ សំ​អុល រួច​មក ដែល​មាន​លោក ម៉ា សំកុល ជា​ប្រធាន​ឃោសនាការខេត្តបាត់ដំបង លោក​មុំ ក្រា​ត ជា​អនុប្រធាន បាន​លើក​ស្ទួយ​វិស័យ​សិ​ល្បៈ​បន្ថែម​ទៀត ដោយ​ទទួលយក​អ្នកស្រី​មក​ច្រៀង​នៅ​ក្នុង​អង្គភាព​រដ្ឋ ហើយ​ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រប​ខណ្ឌ​​រដ្ឋ​នៅ​ឆ្នាំ​១៩៨៣​ ជាមួយ​ក្រុម​តន្ត្រីករ​ដែល​មាន​លោក​គឹ​ម ឈ​ន​, លោក​កៅ លឹ​ម​ហ៊ា​ង​, លោក​ខ្ចៅ ពេជ្រ​, លោក​មឿ​ន ឆៃ​, លោក​ប្រាក់ ប៊ុ​ន​ថន​, លោក​កែវ សំអាត​, លោក​ម៉ាង ឈួ​ម ដែល​មាន​ដៃគូរ​ចម្រៀង​ជាមួយ​អ្នកស្រី​ឆោម ឆ​វិ​ន អ្នកស្រី​សៀង គឹ​ម​យេ​ង អ្នកស្រី ពេញ សុធា​រី លោក រ៉​ម រ៉ើ​ន លោក​ម៉ែ​ន សា​ឌឿ​ន លោក​ហូ​យ កុសល ។​ល​។

ក្រោយ​ពេល​ប្រឡង​ជាប់ រៀប​ជា​ក្រុម​តន្ត្រី​ឃោសនាកា​ដែល​បាន​ទិញ​គ្រឿង​ឧបករណ៍​ភ្លេង​ថ្មី​មួយ​ឈុត តម្លៃ​៤៨​តម្លឹង​មាស ដើម្បី​រៀបចំ​តែង​បទ ថត​ចម្រៀង និង​ចេញ​សម្តែង​នៅ​ពេល​រដ្ឋ​មានកម្ម​វិធី​ធំ​ៗ និង​បុណ្យ​ផ្សេង​ៗ​គ្រប់​ទីកន្លែង ដោយ​គ្រាន់តែ​អ្នកស្រី​ម្នាក់ឯង អាច​ថត​ចម្រៀង​បានជា​១០០​បទ​ក្នុង​ពេល​នោះ បទ​ដែល​ល្បី​ជាងគេ គឺ​បទ​ដើម​ត្នោត បទ​អាង​ទំនប់​ទឹក​កំពីងពួយ បទឧក្រិដ្ឋ​កម្ម​ឯក​ភ្នំ បទ​លក់​ស្រូវ​ជូរ​ដ្ឋ បទ​ថ្ងៃ​រំដោះ​៧​មក​រា (​ច្រើន​ទៀត​) ដែល​តែង​និ​ព​ន្វ ប្រគុំ​តន្ត្រី និង​ច្រៀង ដោយ​ក្រុម​ឃោសនាកា​ខេត្ត​ដែល​បាន​រៀបរាប់​រឿង​ពិត​ៗ​កំពុង​មាននៅ​ប៉ែក​បាត់ដំបង ផ្នែក​ទារុណកម្ម ទីកន្លែង​សម្លាប់​មនុស្ស អំពើ​ពិឃាត​ដែល​បាន​ងើប​ចេញពី​បន​ប្រល័យពូជសាសន៍​រួច​មក​ធ្វើ​ឲ្យ​ល្បី​សុះសាយ​ពេញ​ប្រទេស​កម្ពុជា ដោយ​មានការ​កើត​សរសើរ​ទទួលស្គាល់​ពី​សម្តេច​ទាំង​៣ និង​លោក​ជំទាវ សំខាន់​ថ្នាក់ដឹកនាំ​សំខាន់​ៗ​ដែល​បានដឹង​រឿង​ពិត ប្រ​វត្ត​ពិត​ដែល​បាន​រៀបរាប់​ក្នុង​បទ​ចម្រៀង​នោះ គឺជា​រឿង​ពិត​របស់​ប្រជាជន​កម្ពុជា​ទាំងអស់ ។

ដោយឡែក​មួយទៀត​ អ្នកស្រី​ត្រូវ​បាន​ជួប​គ្នា​ជា​ប្តី​ប្រពន្ធ​ជាមួយ​លោក​ប្រាក់ ប៊ុ​ន​ថន នៅ​ឆ្នាំ​១៩៨២ មាន​កូន​៤​នាក់ (​ប្រុស​១ ស្រី​៣) បាន​ស្វែងរក​កន្លែង​មាន​អនាគត់​នៅ​ក្រុងភ្នំពេញ​នៅ​ឆ្នាំ​១៩៨៧ អ្នកស្រី​បាន​ទៅ​ច្រៀង​នៅ​កាំ​បូត​ឌី​យ៉ា​ណា​អ៊ី​ង និង​លោក​ប្រាក់ ប៊ុ​ន​ថន​(​ប្តី​)​ជា​តន្ត្រីករ បាន​ចេញ​ជួយ​រក​ចំណូល​ចី​ញ្ចឹ​ម​កូន​ដូច​គ្នា តែ​អកុសល​ចេះ​តែ​មានរឿង​រកាំរកូស​ដោយ​ប្តី​លួច​មាន​ស្រី​ថ្មី តែងតែ​រករឿង​នៅ​ពេល​មក​ផ្ទះ​វិញ​រហូត ដល់​នៅ​ជាមួយ​គ្នា​លែង​ចុះ និង​នៅ​ឆ្នាំ​១៩៨៧​បង្ខំចិត្ត​ត្រូវ​រៀបចំ​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​ក្រៅ​ដែល​កំពុង​ត្រូវការ តែ​ប្តី​តាម​គំរាម​រករឿង​រហូត ទើប​នៅ​ឆ្នាំ​១៩៩៣ ក៏​សម្រេចចិត្ត​បែក​គ្នា​ដោយ​អ្នកស្រី​តស៊ូ​រស់នៅ​ក្រុងភ្នំពេញ​មិន​បានជា​ច្រើន​ឆ្នាំ​កន្លង​មក ទើប​សម្រេចចិត្ត​ត្រឡប់​មក​រស់នៅ​ក្នុងស្រុក​កំណើត​វិញ​ទាំង​ក្តី​អស់សង្ឃឹម​ក្នុង​ដួងចិត្ត​គ្រាំគ្រា​ជាប់​ជា​ប្រចាំ ។

នៅ​ពេល​មក​រស់នៅ​បាត់ដំបង​វិញ ដោយ​ចាប់ផ្តើម​សារ​ជា​ថ្មី ដែល​កូន​ៗ​បាន​បែក​គ្នា កូនប្រុស​បង​គេ​ត្រូវ​រស់នៅ​ជាមួយ​ប្រពន្ធ​នៅ​កៀនស្វាយ កូនស្រី​២​នាក់​នៅ​ក្នុង​បន្ទុក​នៅ​បាត់ដំបង ចំណែក​កូនប្រុស​ពៅ​បាន​ទៅ​រក​ការងារ​ធ្វើ​នៅ​ស្រុក​ថៃ បន្ទុក​ទាំងអស់​ត្រូវ​ធ្លាក់​នៅ​លើ​ខ្លួនឯង​ជា​អ្នក​កាច់ចង្កូត ហើយ​ក៏​សម្រេចចិត្ត​ថា ឈប់​ប្រកប​មុខរបរ​ចម្រៀង​តាំងពី​ឆ្នាំ​២០១៦ ដោយ​មាន​មូលហេតុ​ច្រើន ណាមួយ​គ្រាំគ្រា​ផ្លូវចិត្ត​ដល់​សព្វថ្ងៃ ណាមួយ​ខ្លួន​កាន់តែ​ចាស់​ដែល​កំពុង​មាន​រលក​ក្រោយ​បាន​រុញ​រលក​មុខ ហើយ​ពេល​នេះ​គេ​មិនសូវ​គាំទ្រ​បទ​ចាស់​ពី​ដើម​ទេ គឺ​មាន​តែ​ក្មេង​ៗ​ស្រករ​ក្រោយ​បាន​មក​សុំ​តែ​ខ្លឹមសារ និង​ស៊ី​ឌី​(​ឌី​ស​) ដែល​មាន​សល់​ខ្លះ​ៗ​បទ​ខ្លួនឯង​ធ្លាប់​ច្រៀង​នោះ​យក​ទៅ​ច្រៀង​ថត​សារ​ថ្មី​ដោយ​ខ្លួនឯង​ខុស​ពី​លក្ខណៈ​ដើម​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​ឡើយ ។

អ្នកស្រី​បាន​សំណូមពរ​ទៅ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​មាន​បទ​ល្បី​ៗ​ជំនាន់​រដ្ឋ​កម្ពុជា​ច្រើន​ណាស់​ ដែល​គេ​បាន​យក​ទៅ​ក្រ​ឡៃ​ខុស​ដែល​ជា​កម្ម​សិទ្ធ​បញ្ញា​ខូចគុណភាព​បាត់បង់​ប្រវត្តិសាស្ត្រ​ខ្លឹមសារ​ក្នុង​បទ​ចម្រៀង​បាន​រៀបរាប់​រឿង​ពិត​កំពុង​តែ​បាត់បង់​ទៅ​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ដោយ​គ្មាន​វិធាន
ការ​ណាមួយ​បាន​ទប់ស្កាត់ និង​ជួយ​ថែរក្សា​សោះ ។ ចំពោះ​ការ​ស្នង​វិស័យ​សិល្បៈ ចំពោះ​កូន​ៗ​អ្នកស្រី​ដូច​ជា​គ្មាន​និស្ស័យ​ទេ មាន​តែ​ក្មួយ​ស្រី​ម្នាក់​នៅ​ស្រុក​សំឡូត ធ្វើ​ចំការ មាន​សម្លេង​ល្អ ចេះ​ប្រើ​សម្លេង ត្រឹមត្រូវ​តាម​ចង្វាក់ភ្លេង អ្នកស្រី​ចង់​បណ្តុះបណ្តាល​បន្ថែម​ទៀត តែ​ឪពុក​គេ​មិន​អនុញ្ញាត​សុខចិត្ត​ឲ្យ​កូន​ធ្វើ​ចំការ​ព្រោះ​ខ្លាច​កូន​ខូចអនាគត់ ។

សព្វថ្ងៃ​អ្នកស្រី​ឡឹម វ​ណ្ណា​រី កំពុង​រស់នៅ​ជាមួយ​កូនស្រី ដោយ​មើលថែ​ចៅ​ឲ្យ​កូន ហើយ​កំពុង​ផ្សែផ្សំ​លុយ​មិន​បាន​១​ពាន់​ដុល្លា​ផង យក​មក​លើក​ផ្ទះ​ឲ្យ​ផុត​ពី​ទឹក​បន្តិច​នៅ​ពេល​ទឹក​ឡើង ហើយ​បាន​ទៅ​ចងការ​ខ្ចី​ធនាគារ​បន្ថែមចំនួន​១​លាន​កន្លះ​ដើម្បី​ផ្សំ​ឈើ​ចាស់​ៗ​រៀបចំ​ទ្រនំ​ជា​មុន​សិន ។ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ