ក្រៅពីបទ «លាអ្នកមានគុណ» តើជីតាលោកណុប បាយ៉ារិទ្ធ មានស្នាដៃអ្វីទៀត ?
- ភ្នំពេញ
រាជធានីភ្នំពេញ៖ លោកថូ សំកុល ជាជីតារបស់តារាចម្រៀងណុប បាយ៉ារិទ្ធ គឺជាអ្នកនិពន្ធទំនុកច្រៀងបទលាអ្នកមានគុណ ដ៏ល្បីដែលបន្សល់ទុករហូតមកដល់ពេលបច្ចុប្បន្ន ។ តើក្រៅពីនេះលោកមានស្នាដៃបទចម្រៀងអ្វីទៀត ?
ក្រុមស្រាវជ្រាវដំណើរខ្មែរ លើកឡើងថា កន្លងទៅមហាជនបានដឹងរួចហើយថា តារាចម្រៀងស៊ីវិល័យដ៏មានប្រជាប្រិយភាពលោកណុប បាយ៉ារិទ្ធ ជាបុត្រាបង្កើតនៃវរផលិតករ ណុប សម្បត្តិ និងវរសិល្បការិនីឆ្នើមសំកុល សុធាវី សុទ្ធសឹងតែជាសែស្រឡាយអ្នកសិល្បៈ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ជីតាបង្កើតខាងមាតារបស់លោកបាយ៉ារិទ្ធ ឈ្មោះថូ សំកុល គឺជាអ្នកនិពន្ធបទចម្រៀងកាលពីដើមទសវត្សរ៍៦០ ម្ចាស់ស្នាដៃបទលាអ្នកមានគុណ ច្រៀងដោយលោកម៉ិញ កាម៉ាច (ម៉ុល កាម៉ាច) ប្រគំដោយក្រុមតន្ត្រីបក្សីចាំក្រុងដ៏ល្បីល្បាញ ហើយបានចេញលក់លើថាសចន្ទឆាយា នៅអំឡុងឆ្នាំ១៩៦៦-៦៧ មានភស្តុតាងបញ្ជាក់ស្រាប់ ។
ក្រៅពីនេះលោកថូ សំកុល បាននិពន្ធបទភ្លេង និងទំនុកច្រៀងបទតូចចិត្តនឹងវាសនា ច្រៀងដោយលោកស៊ីន ស៊ីសាមុត ដែលមានបន្សល់ទុកនូវភស្តុតាងជាអត្ថបទចម្រៀងពីសង្គមស្រាប់ ។ យោងតាមការស្រាវជ្រាវបទនេះអាចចេញផ្សាយតាមវិទ្យុជាតិនៅអំឡុងឆ្នាំ១៩៦៥ ។ ស្នាដៃរបស់លោកថូ សំកុល មានច្រើនទៀត តែបានវិនាសអស់ដោយសារស្នាដៃពួកអាវខ្មៅខ្មែរក្រហម ។
យោងតាមការបង្ហោះរៀបរាប់យ៉ាងលំអិតនៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកណុប បាយ៉ារិទ្ធ ឱ្យដឹងថា លោកថូ សំកុល ជាទាហាន(នៅតែសមរភូមិមុខ ឃ្លាតឆ្ងាយប្រពន្ធកូនដើម្បីការពារជាតិមាតុភូមិ) និងភរិយាលោកឈ្មោះ លោកស្រីថា គីមហួយ ជាគ្រូបង្រៀនសម័យសង្គមរាស្ត្រនិយម ។
ក្រុមស្រាវជ្រាវដំណើរខ្មែរ សម្ដែងការគោរពដល់វិញ្ញាណក្ខន្ធ និងចងចាំស្នាដៃលោកថូ សំកុល ។ លើសពីនេះកោតសរសើរពីការតស៊ូបន្តវេនសិល្បៈដ៏ល្អថ្លៃថ្នូររបស់តារាចម្រៀងណុប បាយ៉ារិទ្ធ ដែលខិតខំរក្សាតម្លៃនៃត្រកូលសិល្បៈឱ្យបានគង់វង្សដល់សព្វថ្ងៃ ៕




ចែករំលែកព័តមាននេះ