រាជធានីភ្នំពេញ៖ តារាចម្រៀងវង្ស ថាណាន់ និងតារាសម្តែងពេជ្រ ចរណៃ គឺជាតារាថ្មីទើបតែចាប់ផ្ដើមល្បីឈ្មោះប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ពួកគេជាក្មេងកំព្រាដែលប្រឹងប្រែងកសាងជីវិតឲ្យមានរស្មីនៅពេលពេញវ័យ ។
កាលពីពេល ថ្មីៗកន្លងមកវង្ស ថាណាន់ និងពេជ្រ ចរណៃ បានទៅមណ្ឌលកុមារកំព្រាមួយដើម្បីចែកអំណោយ និងលើកទឹកចិត្តដល់កុមារកំព្រា។ នៅចំពោះមុខក្មេងកំព្រាជាច្រើន អ្នកទាំងពីរបានចែករំលែកក្ដីស្រទ្បាញ់ ព្រមទាំងអំណោយមួយចំនួនផង ។ នោះគឺនៅមណ្ឌលកុមារកំព្រានួនអកព្រៃជុំ ស្ថិតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
តារាចម្រៀង និងតារាសម្ដែងទាំង២នាក់សុទ្ធតែជាក្មេងកំព្រា ឳពុក ម្ដាយ នៅចំពោះមុខកុមារដែលមានជីវិតដូចពួកគេទាំងនោះ ពួកគេនិយាយទាំងអួលដើមក រលីងរលោងទឹកភ្នែក ។ ពួកគេនិយាយផ្ដល់កម្លាំងចិត្តដល់កុមារ ទាំងនោះ កុំឱ្យអស់សង្ឃឹមនៅក្នុងជីវិត ។
តារាចម្រៀងវង្ស ថាណាន់ ឲ្យដឹងថាលោក គឺជាកំព្រាតាំងពីវ័យកុមារដោយសារតែឳពុក ម្ដាយ បែកបាក់គ្នា ហើយបោះបង់លោក បណ្ដាលឲ្យលោករស់នៅមណ្ឌលកុមារកំព្រា ក្នុងខេត្ត កំពង់ស្ពឺ ជាច្រើនឆ្នាំ ។
លោកវង្ស ថាណាន់ និយាយទៅកាន់ ក្មេងៗ ថា «ជីវិត ប្អូនៗអាចនឹងមានអនាគតល្អប្រសើរជាងបងផង បើ ប្រឹងរៀនសូត្រ និងតស៊ូ »។
តារាសម្ដែងកញ្ញាពេជ្រ ចរណៃ និទានពីប្រវត្តិជីវិតរបស់ខ្លួនថា នាងអត់មានឳពុក ម្ដាយបង្កើត ហើយក្លាយជាក្មេងរសាត់អណ្ដែត ខ្វះភាពកក់ក្ដៅខ្លាំងជាងកុមារកំព្រា ដែលនៅ មណ្ឌលនួនអកព្រៃជុំ នេះទៅទៀត ។ នាងទើបតែមានជីវិតប្រសើរឡើងខ្លះ ក្រោយពេល ជួបម្ដាយចិញ្ចឹម ។ ជីវិតនាងបានហែលឆ្លង ឧបសគ្គរាប់មិនអស់ ទម្រាំមានថ្ងៃនេះ ។
ពេជ្រ ចរណៃ និយាយថា «បើថ្ងៃនេះនាង ខ្ញុំមិនចេះអក្សរ នាងខ្ញុំមិនមែនជាតារាសម្ដែង និងមិនចេះជំនាញល្បុក្កតោ តើមានអ្នកណាខ្លះ គេឲ្យតម្លៃ ។ អ៊ីចឹងហើយបងសូមទទូចឲ្យ ប្អូនៗ កុមារកំព្រាខិតខំរៀនសូត្រ និងកុំគិតថា ខ្លួនឯកា»។
កញ្ញាពេជ្រ ចរណៃ ប្រកាសនឹងបន្តជួយ ដល់មណ្ឌលកុមារកំព្រាមួយនោះទាំង កម្លាំងកាយ និងកម្លាំងចិត្ត ប្រសិនបើមានតម្រូវការ ។ វង្ស ថាណាន់ និងពេជ្រ ចរណៃ បានចែក អំណោយដល់កុមារកំព្រានាឱកាសនោះរួមជាមួយតារាជាច្រើននាក់ទៀត ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ