ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នីតិវិធីតុលា​ការខេត្តកោះ​កុងហាក់​យឺតដូច​កៅស៊ូ សំណុំ​រឿងកប៉ាល់​ថៃអូស​សាឡង់​បុកទូកនេ​សាទស្លា.ប់​ខ្មែរ3​នាក់

11 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ សំណុំ​រឿង​កបា៉ល់​អូស​សាឡង់​បើក​បុក​ទូក​នេសាទ​បណ្តាល​ឱ្យ​លិច​ស្លា.ប់​កូន​ដៃ​ទូក​រហូត​ដល់​ទៅ​៣​នាក់ នៅ​ក្នុង​សមុទ្រ​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ថ្ងៃ​ទី​២៣ មករា រហូត​មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​បាន​ទទួល​យុត្តិ​ធម៌​ណា​មួយ​​ពី​សាលា​ដំបូង​ខេត្ត​កោះ​កុង​នៅ​ឡើយ​ទេ ។

ខេត្ត​ព្រះ​សីហនុ​ ៖ សំណុំ​រឿង​កបា៉ល់​អូស​សាឡង់​បើក​បុក​ទូក​នេសាទ​បណ្តាល​ឱ្យ​លិច​ស្លាប់​កូន​ដៃ​ទូក​រហូត​ដល់​ទៅ​៣​នាក់ នៅ​ក្នុង​សមុទ្រ​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ថ្ងៃ​ទី​២៣ មករា រហូត​មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​បាន​ទទួល​យុត្តិ​ធម៌​ណា​មួយ​​ពី​សាលា​ដំបូង​ខេត្ត​កោះ​កុង​នៅ​ឡើយ​ទេ ។ ការ​យឺ​ត​យា៉វ​លើ​ចំណាត់​ការ​នេះ​ បាន​ធ្វើ​ឱ្យ​ភាគី​ខាង​ជន​រង​គ្រោះ​ដាក់​មន្ទិល​សង្ស័យ​ថា លោក​ចៅ​ក្រម​កាន់​រឿង​ក្តី​នេះ​អាច​ត្រូវ​ថ្នាំ​សណ្តំ​ពី​ភាគី​ម្ខាង​ទៀត​ ។

ទោះ​បី​ជា​បែប​ណា​ នេះ​គ្រាន់​​តែ​ជា​ការ​សង្ស័យ​ ខណៈ​ដែល​ចំណាត់​ការ​នានា​យឺត​ដូច​កៅ​ស៊ូ​ប៉ុណ្ណោះ​ ។ លោក​ ជួន​ ម៉េង ម្ចាស់​ទូក​នេ​សាទ​រង​គ្រោះ​ បាន​និយាយ​ត្អូញ​ត្អែ​រ​ថា សាលា​ដំបូង​ខេត្ត​កោះ​កុង​មិន​ទាន់​ផ្តល់​ភាព​កក់​ក្តៅ​លើ​សំណង​មក​ដល់​ជន​រង​គ្រោះ​នៅ​ឡើយ​ទេ បើ​គិត​ចាប់​ពី​ថ្ងៃ​កើត​ហេតុ​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​១​ខែ​  ហើយ ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១៩​ កុម្ភៈ ឆ្នាំ​២០១៤ ចៅ​​ក្រម​កាន់​រឿង​ក្តី​នេះ​បាន​កោះ​ហៅ​ទៅ​សាក​សួរ​ម្តង​ដែរ​ ហើយ​ក៏​ស្ងាត់​ឈឹង​ទៅ​វិញ​ ។ លោក​ ជួន​ ម៉េង​ បាន​បន្តថា អ្វី​ដែល​គួរ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ គឺ​មាន​ករណី​មិន​ប្រក្រតី​មួយ​ ទើប​នឹង​កើត​ឡើង​នៅ​ក្នុង​សំណុំ​រឿង​ក្តី​នេះ​ដែរ​ ។ រឿង​នោះ​គាត់​បាន​ដឹង​ថា ភាគី​ខាង​ក្រុម​ហ៊ុន​ថៃ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​ បាន​រត់​ការ​ទៅ​បញ្ចុះ​បញ្ចូល​ឱ្យ​គ្រួសារ​សព​ដែល​ជា​កូន​ដៃ​ទូក​ចំនួន​៣​នាក់​នោះ​ទទួល​យក​ប្រាក់​ក្នុង​ម្នាក់​ៗ​២.៣០០​ដុល្លារ​អាមេ​រិក​ ។ បន្ទាប់​មក​ គេ​បាន​ធ្វើ​លិខិត​ស្នើ​សុំ​ដក​ពាក្យ​បណ្តឹង​ និង​ស្នើ​សុំ​ឱ្យ​អ្នក​បើក​បរ​កបា៉ល់​ជា​ជន​ជាតិ​ថៃ​ម្នាក់​ដែល​កំពុង​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នា​គារ​ខេត្ត​កោះ​កុង​បាន​ចេញនៅ​​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ទៀត​ផង ។

ការ​បែក​ធ្លាយ​រឿង​នេះ​ គឺ​ដោយ​សារ​លោក​ចៅ​ក្រម​ជា​អ្នក​កាន់​ក្តី​បាន​យក​មក​បង្ហាញ​ដោយ​ផ្ទាល់​ កាល​ពី​ពេល​កោះ​ហៅ​រូប​គាត់​ឱ្យ​ចូល​បំភ្លឺ​ នៅ​ថ្ងៃ​ទី​១៩​ កុម្ភៈ ២០១៤ ។
ម្ចាស់​ទូក​នេសាទ​ដដែល​នេះ​បាន​បន្ថែម​ទៀត​ថា​ គាត់​ជា​ម្ចាស់​ទូក​រង​គ្រោះ​ និង​ម្ចាស​់​សព​កូន​ដៃ​ទូក​ចំនួន​៣​នាក់​ និង​ពីរ​នាក់​ទៀត​ដែល​នៅ​រស់​ សរុប​ជន​រង​គ្រោះ​ទាំង​អស់​មាន​៦​នាក់​បាន​ដាក់​ពាក្យ​ពឹង​ពាក់​មេ​ធា​វី​ តាំង​ពី​ថ្ងៃ​ទី​៥​ កុម្ភៈ ឆ្នាំ​២០១៤​មក​ម៉្លេះ ។ ដូច​នេះ​ការ​បញ្ចុះ​បញ្ចូល​គ្រួសារ​សព​ឱ្យ​ទទួល​ប្រាក់​ចំនួន​២.៣០០​ដុល្លារ​អាមេ​រិក​ក្នុង​ម្នាក់​ៗ​នោះ​ គឺ​ជា​ល្បិច​កល​ដ៏​គម្រក់​មួយ​ដើម្បី​បំបែក​​សំណុំ​រឿង​​ក្ដីនេះពី​ធំ​​ឱ្យមក​តូច​​ក្នុងគោល​បំណង​​ដោះលែង​​ជន​សង្ស័យ​​​ជា​អ្នក​បើក​បរ​​កបា៉ល់​ជន​ជាតិ​ថៃ​ម្នាក់​​នៅក្នុង​ពន្ធនាគារ​​ខេត្តកោះកុង​ ​ឱ្យនៅក្រៅឃុំ​​ជា​ថ្នូរ​ នឹង​អំពើ​​ពុករលួយ​មួយគួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ។ ​​លោក​មេធាវី​​អីុវ ចំរើន ក៏បាន​ឱ្យ​ដឹ​ងដែរ​​ថា សម្រាប់​​រូប​លោក​ជា​មេ​ធា​វី​ការ​ពារក្ដី​​ដោយ​អាណត្តិ​​ លោក​មិនខ្វល់​​រឿង​​បញ្ចុះបញ្ចូល​កូន​​ក្ដីរបស់​លោក​នោះទេ ​ព្រោះកូន​ក្ដីរបស់​លោក​មិនបាន​ជូន​ដំណឹង​​​​ណា​មួយដល់​លោក​​នោះទេ ​ដូចនេះ​ដំណើរ​​រឿង​ក្ដី​​នៅដដែល ។ ​​លោក​មេធាវី​​រូប​នោះ​​​បាន​បញ្ជាក់​ថា ក្នុង​សំណុំ​រឿង​​​​​នេះកូន​ក្ដី​បាន​ដាក់​ពាក្យបណ្ដឹង​​​ពឹង​ពាក់​​រូប​លោក​ជាមេធាវី​​​មាន​ចំនួន​​៦នាក់​ ក្នុង​​នោះ​​​​​​អា​ណាព្យាបាល​​​​​សព​ចំនួន​៣នាក់​ កូន​​ដៃទូក និង​​អ្នក​បើក​បរ​ដែល​​នៅ​រស់​​ចំនួន​​២នាក​់ ​និងម្ចាស់​​ទូកម្នាក់​ទៀត ។

​លោក មីន មករា​ ចៅក្រម​​សាលា​ដំបូង​​ខេត្ត​កោះកុង​​​ កោះសន្ដិ​ភាព​មិន​អាច​ទាក់ទង​​សុំ​ការ​បំភ្លឺ​​បាន​ទេ​នៅ​​ថ្ងៃ​ទី​២៦​ កុម្ភៈ តែ​ទោះជា​​យ៉ាង​នេះក្ដី​​​មន្ត្រីអ្នកច្បាប់​​​​​​មួយ​រូប​នៅសាលា​ដំបូង​ខេត្ត​កោះកុង​​បាន​បង្ហើប​​ថា សំណុំ​​រឿង​នេះមិន​មាន​អ្វី​​ពិបាក​​ទេ ព្រោះភាគីខាង​​ជន​រង​គ្រោះត្រូវ​​ការ​តែសំណង​សមរម្យ​មួយ​ដែលអាច​ទទួល​យក​បាន​​​​ប៉ុណ្ណោះ​ មិនមាន​អ្វី​ចង់​ឈ្នះចង់ចាញ់​​នោះទេ ដូច្នេះ​​សីុ​ស​ង​​លើ​ចៅក្រម​​អ្នក​កាន់សំណុំ​រឿង​​​ក្ដីនេះ​​បើ​មាន​សុច្ឆ​ន្ទៈ​​ដោះ​ស្រាយ​​​ចប់​ទៅ​ហើយ​ ។ ប៉ុន្តែ​​បើ​ចៅក្រម​កាន់ក្ដី​នោះ​​​បក្ខ​ពួកនិយម​​​ ពុករលួយ​​​ព្យាយាម​​បំបែកសំណុំ​រឿង​​ពីធំមក​តូច​ក្នុងគោល​បំណង​​អ្វីមួយនោះ​​ ជន​រង​គ្រោះ​ពិត​ជា​វេទនាមិន​ខាន ៕​