ក្រុងប៉ោយប៉ែត ៖ រទេះដឹកទំនិញមួយត្រូវកម្មករអូសចូលមកពីប្រទេសថៃ តាមច្រកប៉ោយប៉ែត មកដល់ចំណុចក្រោមប្រាសាទកំពូល៣ ផុតកងព័ន្ធទី១ ដែលជាកន្លែងឈរជើងរបស់ក្រុមមន្ត្រីជំនាញគយហើយនោះ ត្រូវបានមន្ត្រីកាំកុងត្រូល និងសមត្ថកិច្ចប៉ូលិសអន្តោប្រវេសច្រកប៉ោយប៉ែត ឃាត់ចាប់រទេះឆែកឆេររកឃើញម៉ូតូគេចពន្ធប្រមាណ ២គ្រឿង ដែលក្រុមឈ្មួញដាក់ក្នុងការ៉ុងពណ៌សបង្កប់នៅក្នុងរទេះ។
ការឃាត់ចាប់នេះ ធ្វើឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៦ កុម្ភៈ ២០១៤ ប្រគល់ឲ្យមន្ត្រីជំនាញគយ និងរដ្ឋាករការិយាល័យច្រកប៉ោយប៉ែត ដើម្បីធ្វើកំណត់ហេតុតែម្តង។ សូមបញ្ជាក់ថា ទំនិញគេចពន្ធស្ទើរសព្វសារពើត្រូវបានក្រុមមេឈ្មួញធំៗ នៅតំបន់ប៉ោយប៉ែត មានគ្នា ៤ ទៅ ៥នាក់ ដឹកតាមរទេះពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកប៉ោយប៉ែតនេះ ដោយបានឃុបឃិតគ្នាជាមួយមន្ត្រីជំនាញគយ និងរដ្ឋាករ រួមទាំងមន្ត្រីស្ថាប័នពាក់ពន្ធមួយចំនួនទៀត ដែលឈរជើងនៅមាត់ច្រកប៉ោយប៉ែត នាំទំនិញគេចពន្ធទាំងនេះ ចូលមកយ៉ាងគគ្រឹកគគ្រេងក្នុង ១ថ្ងៃៗ មានចំនួនរាប់សិបតោន។
ជុំវិញបញ្ហាទាំងអស់ខាងលើ លោក ឈួន ហៃ ប្រធានស្តីទីការិយាល័យគយ និងរដ្ឋាករច្រកប៉ោយប៉ែត មិនអាចសុំការបំភ្លឺព័ត៌មាននេះបានទេ កាលពីល្ងាចថ្ងៃទី២៦ កុម្ភៈ ដោយទូរសព្ទ័របស់លោកចុចចូល តែជាប់រវល់រហូតគ្មានអ្នកទទួល៕
ចែករំលែកព័តមាននេះ