រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ កុម្ភៈ ២០១៤ បានលើកយកសំណុំរឿងករណីសម្លាប់សិស្សសាលាស្រីចំនួន២នាក់យកទៅទម្លាក់ចោលក្នុងដីឡូត៍មួយកន្លែងកាលពីឆ្នាំមុន។
ជនជាប់ចោទទាំង២នាក់ ម្នាក់ឈ្មោះហ៊ុល សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវតុលាការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងម្នាក់ទៀតឈ្មោះផុន សារុំ ភេទប្រុស អាយុ២៧ឆ្នាំ ជាប់ចោទពីបទទទួលផលចោរកម្ម។
នៅក្នុងពេលសវនាការក្រុមគ្រួសារនារីរងគ្រោះបានទាមទារសំណងជំងឺចិត្តចំនួន១ម៉ឺនដុល្លារអាមេរិក និងទាមទារឲ្យតុលាការកាត់ទោសជនល្មើសតាមច្បាប់។
គួររំលឹកថា ជនសង្ស័យ២នាក់ដែលជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មគិតទុកជាមុនដែលប្លន់ និងសម្លាប់ក្មេងស្រីសិស្សសាលា២នាក់ រួចយកសពទៅប្លុងចោលនៅជិតប៉ុស្ដិ៍ នគរបាលក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ពីសំណាក់កម្លាំងនគរបាលព្រហ្មទណ្ឌនៃការិយាល័យកណ្ដាលយុត្ដិធម៌ រួមសហការ ជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងបានរឹបអូសម៉ូតូជនរងគ្រោះយកមកវិញផងដែរ ។
យុវតីសិស្សសាលាទាំង២នាក់ត្រូវបានគេស្គាល់ឈ្មោះ ជួប ស្រីលក្ខណ៍ អាយុ១៦ឆ្នាំ និងម្នាក់ទៀតឈ្មោះវ៉ន លក្ខិណា អាយុជិត១៩ឆ្នាំ ជាសិស្សសាលាមេតូឌីសកម្ពុជា មានទីលំនៅភូមិជ្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាមួយគ្នា៕
ចែករំលែកព័តមាននេះ