ខេត្តកណ្តាល ៖ ក្រុមចោរមួយក្រុមប្រដាប់ដោយកាំភ្លើងវែងខ្លី០២ដើម បានធ្វើសកម្មភាពបាញ់ប្លន់អ្នកលក់មាសនិងប្តូរប្រាក់នៅផ្សារព្រែកតាមាក់ ខណៈដែលចេញពីផ្សារមកដល់មុខផ្ទះ បណ្តាលឱ្យមនុស្សប្រុសស្រីចំនួន៣នាក់រងរបួស ដោយត្រូវគ្រាប់កាំភ្លើង និងបាត់បង់គ្រឿងអលង្ការមាន មាស ប្លាទីន ជាង៥០តម្លឹង ព្រមទាំងលុយរៀល លុយដុល្លារជិត១ម៉ឺនដុល្លារ កាលពីវេលាម៉ោង៦និង៣នាទីល្ងាច ថ្ងៃទី២៥ កុម្ភៈ ២០១៤ នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ។
ជនរងគ្រោះ០៣នាក់ដែលរងរបួសដោយក្រុមចោរបាញ់ ខណៈធ្វើសកម្មភាពប្លន់យកគ្រឿងអលង្ការនិងលុយកាក់នោះ ទី១-ឈ្មោះភឿន ស្រឿន ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកលក់មាស និងដូរលុយនៅផ្សារព្រែកតាមាក់ រងរបួសត្រង់ភ្លៅខាងស្តាំ ,ទី២-ឈ្មោះឡាង ណារិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ របួសត្រង់កំភួនជើងឆ្វេង និងទី៣-ឈ្មោះប៉ោ សុគន្ធារី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរអ៊ុតសក់ របួសត្រង់ស្មាខាងស្តាំ អ្នកទាំង៣មានទីលំនៅកន្លែងកើតហេតុខាងលើ។
បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបាននិយាយថា គ្រឿងអលង្ការនិងលុយកាក់ ដែលក្រុមចោរប្លន់យកទៅបាត់នោះមាន មាស២៣តម្លឹង ប្លាទីន២៥តម្លឹង គ្រឿងប្រាក់១០តម្លឹង ប្រាក់រៀល១០លានរៀល ប្រាក់ដុល្លារ៦០៥០ដុល្លា។
សាក្សីបាននិយាយថា ក្រុមចោរមានគ្នា០៤នាក់ ប្រដាប់ដោយកាំភ្លើង០២ដើម គឺកាំភ្លើងAK មួយដើម និងកាំភ្លើងខ្លី ពណ៌ស មួយដើម មិនស្គាល់ម៉ាកបានធ្វើសកម្មភាពបាញ់ប្លន់ជនរងគ្រោះនៅត្រង់ចំណុចមុខផ្ទះ ខណៈដែលជនរងគ្រោះបានប្រមូលគ្រឿងអលង្ការនិងលុយកាក់ចេញពីផ្សារព្រែកតាមាក់ជិះម៉ូតូមកផ្ទះរបស់ខ្លួន។
ចែករំលែកព័តមាននេះ