ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​កង់​បី​ឥណ្ឌា​ហក់​ឡើង​ខ្ពស់​រហ័ស ជំរុញ​អាជីវកម្ម​បញ្ចូល​ហ្គា​ស​នៅ​កម្ពុជា​កាក់កប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​មួយ​រយៈពេល​ប្រមាណ ២ ឆ្នាំ​ចុង​ក្រោយ​នេះ កំណើន​កង់​បី​ឥណ្ឌា​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ហាក់​កើនឡើង​ខ្ពស់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​តួលេខ​កន្លង​មក​គឺ​មាន​ចំនួន​ជាង ២ ម៉ឺន​គ្រឿង​ទូ​ទាំង​ប្រទេស​កម្ពុជា ជា​ពិសេស​យើង​អាច​មើល​ដឹង​តាម​រយៈ​ការ​ធ្វើ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​នានា​ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​មួយ​រយៈពេល​ប្រមាណ ២ ឆ្នាំ​ចុង​ក្រោយ​នេះ កំណើន​កង់​បី​ឥណ្ឌា​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ហាក់​កើនឡើង​ខ្ពស់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​តួលេខ​កន្លង​មក​គឺ​មាន​ចំនួន​ជាង ២ ម៉ឺន​គ្រឿង​ទូ​ទាំង​ប្រទេស​កម្ពុជា ជា​ពិសេស​យើង​អាច​មើល​ដឹង​តាម​រយៈ​ការ​ធ្វើ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​នានា​ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ គឺ​ពោរពេញ​ដោយ​វត្តមាន​របស់​កង់​៣​ឥណ្ឌា​រត់​ប្រដេញ​គ្នា ។

​ខណៈ​កំណើន​កង់​បី​ឥណ្ឌា ហាក់​ធ្វើ​ឲ្យ​មតិ​មហាជន​ខ្លះ​មិន​ពេញចិត្ត​ចំពោះ​ការ​បើកបរ​លើ​ដងផ្លូវ តែ​ក៏​បាន​បង្កើត​ជា​ឱកាស​ក្នុង​ការ​ជំរុញ​អាជីវកម្ម​បញ្ចូល​ហ្គា​ស​រថយន្ត និង​យានយន្ត​បាន​ឡើង​ខ្ពស់​មួយ​កម្រិត​ផង​ដែរ ដោយសារ​តែ​កង់​បី​ឥណ្ឌា​ជា​ប្រភេទ​ជា​យានយន្ត​ដែល​ប្រើ​ហ្គា​ស ។ ក៏​ប៉ុន្តែ​តម្លៃ​ហ្គា​ស​នៅ​ភ្នំពេញ​ហាក់​មាន​តម្លៃ​ខ្ពស់​ជាង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ជាក់ស្តែង​នៅ​ក្រុងភ្នំពេញ​កន្លែង​ខ្លះ​តម្លៃ ១ ៧០០ រៀល ទៅ ១ ៨០០ រៀល​ក្នុង​មួយ​លី​ត្រ ខណៈ​នៅ​តាម​ខេត្ត​ដូច​ជា​កំពត​ជាដើម​តម្លៃ​ត្រឹមតែ ១៥០០ រៀល​ក្នុង​មួយ​លី​ត្រ ។

​បើ​តាម​បុគ្គលិក​បញ្ចូល​ហ្កា​ស​យានយន្ត​មួយ​កន្លង​នៅ​បណ្ដោយ​ផ្លូវជាតិ​លេខ ៤ បានអោយ​ដឹង​ថា បន្ទាប់​ពី​មាន​វត្តមាន​កង់​បី​ឥណ្ឌា ដែល​ជា​យានយន្ត​ប្រើ​ហ្គា​ស​នៅ​កម្ពុជា​ដែរ​នោះ ការ​បញ្ចូល​ហ្គា​ស​យានយន្ត​រាង​មមាញឹក​ជាង​មុន​បន្តិច​តែ​មិន​ខ្លាំង​ប៉ុន្មាន​នោះ​ទេ ព្រោះ​អី​អា​ជីវ​កម្ម​បែប​នេះ ក៏​មាន​ច្រើន​ដែរ នៅ​ភ្នំពេញ​និង​តាម​បណ្ដា​ខេត្ត ។

លោក​បាន​បន្ត​ថា «​បង​អើយ ការ​បញ្ចូល​ហ្គា​ស​ជា​ពិសេស​ពេល​ព្រឹក មមាញឹក​ណាស់ ដោយសារ​តែ​បង​ៗ​អ្នក​រត់​កង់​បី​ឥណ្ឌា ត្រូវ​ចេញពីផ្ទះ​និង​បញ្ចូល​ហ្គា​ស​ដើម្បី​រត់​ដឹក​ម៉ូយ​របស់​ពួក​គាត់ តែ​យ៉ាងណា​មិន​មាន​ច្រើន​ប៉ុន្មាន​នោះ​ទេ តែ​ពិតជា​ច្រើន​ជាង​មុន​» ។ ប្រភព​ដដែល​បាន​បន្ត​ថា ការ​បញ្ចូល​ហ្គា​ស​កង់​បី​ឥណ្ឌា មិន​ប្រើ​ពេល​យូរ​ប៉ុន្មាន​នោះ​ទេ ព្រោះ​អី​វា​មាន​ធុង​ហ្គា​ស​តូច បញ្ចូល​តែ​ប្រមាណ​ពី​៧​ទៅ​១០​លី​ត្រ​ពេញ​ហើយ តែបើ​បញ្ចូល​ហ្គា​ស​រថយន្ត គឺ​ត្រូវ​ប្រើ​ពេល​យូរ​បន្តិច ដោយសារ​តែ​ធុង​វា​ធំ​ជាង​ធុង​ហ្គា​ស​កង់​បី​ឥណ្ឌា ។

​លោក​បាន​បន្ថែម​ទៀត​ថា « អាជីវកម្ម​នេះ បើ​ថាអោយ​កើន​ក៏​វា​មិន​កើន​ខ្លាំង​ប៉ុន្មាន​ដែរ ព្រោះ​អី​កង់​បី​ឥណ្ឌា​បញ្ចូល​តែ​បន្តិច​ៗ​ទេ ហើយ​តម្លៃ​ហ្គា​ស​បញ្ចូល​សម្រាប់​កង់​បី​នីមួយ​ៗ ក៏​បាន​តិច​ៗ​ដែរ ជាក់ស្ដែង​កង់​បី​ឥណ្ឌា​មួយ​ៗ​បញ្ចូល​មួយ​ពេញ​បាន​ប្រមាណ​តែ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ » ។

ដោយឡែក​អាជីវករ​បញ្ចូល​ហ្កា​ស​យានយន្ត​មួយ​រូប​ទៀត​នៅ​ផ្សារ​កំពង់ត្រាច​ខេត្តកំពត បានអោយ​ដឹង​ថា ពី​មុនគេ​បញ្ចូល​តែ​សម្រាប់​រថយន្ត​និង​ចង្ក្រាន តែ​ពេល​នេះ មាន​កង់​បី​ឥណ្ឌា​ខ្លះ​ៗ​ហើយ​នៅ​ស្រុក​កំពង់​ត្រាច​បាន​ចាប់ផ្តើម​សេវាកម្ម​កង់​៣​ឥណ្ឌា​នៅ​ខេត្ត​មួយ​នេះ ដូច្នេះ​ហើយ​អាជីវកម្ម​នេះ​ហាក់​កើន​បន្តិច តែ​មិន​ច្រើន​ប៉ុន្មាន​ទេ ព្រោះ​អី​អ្នក​រត់​កង់​បី​ឥណ្ឌា មិនមែន​ចាក់​រាល់ថ្ងៃ​ទេ គាត់​ចាក់​ម៉ា​ពេញ តែ​ជាង​២០០០០​រៀល តែ​គាត់​អាច​រត់​បាន​ពីរ ទៅ​បី​ថ្ងៃ បើសិនជា​មិនសូវ​រវល់ ។

​លោក ម៉េ​ង សុខ​នី អ្នក​រត់​កង់​បី​ឥណ្ឌា​មួយ​រូប​បាន​និយាយ​ថា តាម​ពិត​ទៅ​កង់​បី​ឥណ្ឌា ប្រើប្រាស់​ឥន្ធនៈ​តិច​ជាងកង់​បី​ខ្មែរ ជាក់ស្ដែង លោក​ចាក់​តែ​១០​លី​ត្រ តម្លៃ​១៥០០០​ទៅ​១៨០០០ ( តម្លៃ​តាម​តំបន់ ) លោក​អាច​ប្រើ​បាន​ពីរ​បី​ថ្ងៃ​តែ​បើសិនជា​កង់​បី​ខ្មែរ ចាក់​ចាក់​តែ​៥ លី​ត្រ តម្លៃ​ជិត​២​ម៉ឺន​រៀល ហើយ​រត់​បាន​តិច​ជាងកង់​បី​ឥណ្ឌា​ទៅ​ទៀត ។

​លោក​បាន​បន្ត​ថា ចាប់តាំងពី​លោក​ប្តូរ​ពី​កង់​បី​ខ្មែរ​មក​ប្រើ​កង់​បី​ឥណ្ឌា​ចំណូល​របស់​លោក​បាន​ច្រើន​ជាង​មុន​បន្តិច បន្ទាប់​ពី​ទូទាត់​រួច ហើយ​ម្យ៉ាងទៀត​អ្នកដំណើរ​ក៏​ពេញ​និយម​ជិះ​កង់​បី​ឥណ្ឌា ជាងកង់​បី​ខ្មែរ​ដែរ ពីព្រោះ​វា​អាច​គិត​ចំងាយ​ត្រឹមត្រូវ​និង​មាន​តម្លៃ​ទាប​ជាងរ​ម៉ក់​ម៉ូតូ​ខ្មែរ (​កង់​បី​ខ្មែរ​) ។ យ៉ាងណា​ក៏​ដោយ វត្តមាន​កង់​បី​ឥណ្ឌា​កាន់តែ​ច្រើន​នៅ​កម្ពុជា ជា​ពិសេស​រាជធានី​ភ្នំពេញ ក៏​បាន​បង្ក​បញ្ហា​មួយ​ដល់​សង្គម​ដែរ ដូច​ជា​អ្នកបើកបរ មិន​គោរព​ច្បាប់​ចរាចរណ៍​ត្រឹមត្រូវ បើក​វ៉ា​ជែង​មិន​ប្រុង​ប្រយ័ត្ន និង​ពូកែ ប្រជ្រៀត​ធ្វើ​ឱ្យ​ស្ទះ​កាន់តែ​ខ្លាំង ។

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ម៉េ​ត មាស​ភក្ដី បានអោយ​ដឹង​ថា ពេល​នេះ សាលា​រាជធានី​ភ្នំពេញ និង​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន ក៏​ដូច​ជា​ក្រសួង បាន​និង​កំពុង​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នកបើកបរ​កង់​បី​ពី​ច្បាប់​ចរាចរណ៍​កម្ពុជា ដោយ​មិន​តម្រូវ​ឱ្យ​បង់ប្រាក់​ឡើយ ។ នៅ​ពេល​បន្ទាប់ ពេល​ដែល​ចំនួន អ្នករៀន​ច្បាប់​ចរាចរណ៍​នៃ​អ្នកបើកបរ​កង់​បី​ឥណ្ឌា​មាន​ចំនួន​ច្រើន នៅ​ពេល​សាលាក្រុង​នឹង​ចាត់​វិធានការ ដោយ​នឹង​ផាកពិន័យ​ពួក​គាត់ តែ​វិធានការ​យ៉ាងណា​នោះ នៅ​មិន​ទាន់​បាន​កំនត់ និង​ប្រជុំ​ជា​ផ្លូវការ​នៅឡើយ អ្វី​ដែល​ត្រូវធ្វើ​ពេល​នេះ គឺ​ត្រុ​វ​ឱ្យ​អ្នកបើកបរ​ទាំងអស់​រៀន​ពី​ច្បាប់​ចរាចរណ៍​អោយ​បាន​យល់​ដឹង​ច្រើន​សិន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ