រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានអញ្ជើញចូលរួម ក្នុងទិវាអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា កាលពីព្រឹកមិញ ដែលរៀបចំដោយក្រុមប្រឹក្សា សហជីពជាតិកម្ពុជា (CCNU) រួចមក នារសៀលថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប លើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ដែលរៀបចំឡើងដោយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ក្រោមប្រធានបទ «យើងរួមគ្នាជំរុញសមភាពយេនឌ័រ ក្នុងវិស័យការងារ» នៅទីស្នាក់ការកណ្ដាល ។

ពិធីនេះមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ និងសមាជិកមកពីសហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងសមាគមចំណុះឱ្យ NACC ប្រមាណជាង ៣០០នាក់ រួមទាំងមានវត្តមានថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងសមាគម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជា (TAFTAC) និងតំណាងមជ្ឈមណ្ឌលសាមគ្គីភាព (ACILS) ផងដែរ ។

ថ្លែងក្នុងពិធីដ៏រីករាយប្រកបដោយ ស្មារតីសាមគ្គីភាពនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កម្មការិនីនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការចូលរួមផលិតផលិតផល សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ទន្ទឹមនឹងការបំពេញតួនាទីដ៏មមាញឹក នៅក្នុងគ្រួសារ ។ ស្របពេលជាមួយគ្នានេះ លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងជាពិសេសសមភាពយេនឌ័រ នៅកន្លែងការងារ ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្តបន្ទាប់ ។

កម្មការិនីក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងផលិតផលិតផលធ្វើដំណើរ បានរួមចំណែក យ៉ាងសំខាន់ក្នុងការបង្កើតចំណូល សម្រាប់គ្រួសារ និងជួយលើកកម្ពស់ជីវភាពរស់នៅ រួមចំណែកក្នុងការបង្កើនទំហំ នាំចេញរបស់ប្រទេសកម្ពុជាផងដែរ ដែលជាចន្ទល់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ដោយបានបង្កើតការងារជាច្រើន និងចូលរួមចំណែកប្រមាណជា ៥៥% នៃការនាំចេញសរុប ។ ជាមួយគ្នានេះ វិស័យនេះក៏បានផ្តល់ឱកាសការងារយ៉ាងច្រើន ដល់អតីតពលករខ្មែរមកពីថៃផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ប្រធានបទដ៏មានសារៈសំខាន់នេះ ស្របជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដែលតែងតែផ្តល់គុណតម្លៃដល់ស្ត្រីកម្ពុជា ចំពោះការចូលរួមសកម្មភាពក្នុងការសម្រេចចិត្ត និងជំរុញឱ្យមានសន្តិភាព ភាពធន់ និងសុវត្ថិភាពក្នុងសង្គម។ ពិធីដ៏មានអត្ថន័យនេះ មិនមែនគ្រាន់តែជានិមិត្តរូបនោះទេ តែជាការជួបជុំដើម្បីសម្ដែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះការចូលរួម និងតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់ស្ត្រី ក្នុងការរួមចំណែកកសាងសេដ្ឋកិច្ច និងអភិវឌ្ឍជាតិមាតុភូមិ ឱ្យមានភាពរីកចម្រើន ដូចបច្ចុប្បន្ន ។

ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្រសួងបាននិងកំពុងបន្តយកចិត្តទុកដាក់លើកកម្ពស់ លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការអនុវត្តយ៉ាងហ្មត់ចត់នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ-អន្តរជាតិពាក់ព័ន្ធនានា ដែលកម្មករនិយោជិតជាស្ត្រី តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់ ។
ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យសហជីព និងនិយោជក ត្រូវបង្កើនកិច្ចសហការគ្នា ក្នុងការដោះស្រាយវិវាទការងារដោយចៀសវាងដាច់ខាត នូវការជ្រើសរើសយក «ការបិទផ្លូវថ្នល់ជាចំណាប់ខ្មាំង» ដែលទង្វើនេះបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋផ្សេងទៀត ។

យោងតាមរបាយការណ៍របស់ លោក គឹម ចាន់សំណាង ប្រធាន NACC ក្នុងឆ្នាំ២០២៥ កន្លងទៅ NACC បានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលដោះស្រាយវិវាទការងារ, ចុះចងក្រងបង្កើតសហជីព, ផ្សព្វផ្សាយច្បាប់ និងបទបញ្ញត្តិនានា, ចូលរួមក្នុងយន្តការត្រីភាគី ពិសេសជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនពលករខ្មែរ ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់ NACC ដែលបានរួមចំណែកយ៉ាងធំធេង ដល់ការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យ NACC បន្តយកចិត្តទុកដាក់បន្ថែមទៀត លើការកសាងជំនឿទុកចិត្ត ដើម្បីទាក់ទាញសមាជិកឱ្យចូលរួមកាន់តែច្រើន តាមរយៈការបង្ហាញពីលទ្ធផលការងារប្រកបដោយតម្លាភាព និងគណនេយ្យភាពដែលជាដៃគូមិនអាចខ្វះបានក្នុងយន្តការកិច្ចសន្ទនាសង្គមជាមួយនិយោជក និងក្រសួង ដើម្បីដោះស្រាយបញ្ហានានា ព្រមទាំងជួយបង្កើនការជឿជាក់ពីសំណាក់អ្នកវិនិយោគ ក្នុងការបន្តពង្រីកការវិនិយោគ និងបង្កើតឱកាសការងារសមរម្យជូនដល់បងប្អូនកម្មករនិយោជិតបន្ថែមទៀត។ ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តឱ្យ NACC បន្តរៀបចំកម្មវិធីជួបជុំអបអរសាទរបែបនេះឱ្យបានញឹកញាប់ ដើម្បីពង្រឹងចំណងសាមគ្គីភាព និងទំនាក់ទំនងល្អរវាងគ្នានឹងគ្នា ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ