ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពក្នុងមូលដ្ឋាន បន្ទាប់ពីធ្លាក់ពីលើចុងត្នោត កាលពីល្ងាចថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៤ ដែលបានកើតឡើងនៅភូមិសែនព្រេន ឃុំត្នោតជុំ ស្រុកក្រគរ។
តាមការផ្ដល់ព័ត៌មានពីអ្នកភូមិនៅទីនោះបានប្រាប់កោះសន្តិភាពឲ្យដឹងថា ជនរងគ្រោះឈ្មោះណៃ ក្រេន ភេទប្រុស អាយុ៣៤ឆ្នាំ មានប្រពន្ធនិងកូន០២នាក់រស់នៅភូមិឃុំកើតហេតុខាងលើ។ នៅថ្ងៃកើតហេតុជនរងគ្រោះបានចូលរួមផឹកស៊ីជាមួយអ្នកភូមិជាច្រើននាក់ទៀតក្នុងពិធីបុណ្យមួយក្នុងភូមិដែលមានរាំធុងបាសកំសាន្តផងដែរ។
ជនរងគ្រោះផឹកស៊ីជាមួយគេរហូតដល់ម៉ោងប្រហែល៥និង៣០នាទីល្ងាច រួចហើយក៍ទៅឡើងបិតត្នោតដូចសព្វដងដើម្បីរម្ងាស់យកទឹកធ្វើស្ករត្នោត។ មិនមានអ្នកណាបានឃើញផ្ទាល់នឹងភ្នែកទេ គឺពេលឡើងទៅដល់ចុងត្នោតមិនដឹងជាយ៉ាងម៉េចស្រាប់តែរបូតដៃធ្លាក់មកដីចំលើផ្លូវដើរ បណ្ដាលឲ្យសន្លប់បាត់មាត់ឈឹង។ ភ្លាមៗនោះក្រុមគ្រួសារនិងអ្នកស្រុកអ្នកភូមិដែលកំពុងសប្បាយក្នុងពិធីបុណ្យបានផ្អើលឈូឆររត់ទៅមើលចង់ស្វាងស្រវឹង ព្រមទាំងបានលោតកន្លងតាមជំនឿប៉ុន្តែដោយសារនៅតែមិនកំរើកក៍បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពក្នុងភូមិ បានមិនដល់កន្លះម៉ោងផងក៍ដាច់ខ្យល់ស្លាប់បាត់ទៅ។
អ្នកភូមិនិយាយថា ជនរងគ្រោះបាក់ឆ្អឹងនិងបែកគ្រឿងក្នុងទើបបណ្ដាលឲ្យស្លាប់ ហើយពេលដែលធ្លាក់មកនោះមានកាំបិតចិតត្នោតនិងបំពង់ទទេចំនួនពីរនៅជាប់នឹងចង្កេះផងដែរ។ ដើមត្នោតនោះកម្ពស់ប្រហែល២៣ម៉ែត្រហើយជនរងគ្រោះទំនងជាទើបតែឡើងដល់កត្នោតប៉ុណ្ណោះ ក៍របូតដៃធ្លាក់តែម្ដងព្រោះកាំបង្អោងគេពិនិត្យឃើញពុំមានបាក់ទេ ។
សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់សព ស្ថិតក្នុងភូមិសែនព្រេន ឃុំត្នោតជុំ ស្រុកក្រគរ ៕
ចែករំលែកព័តមាននេះ