ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ធ្លាក់ខ្លួនពិការភ្នែកម្ខាង ហើយអះអាងថា គាត់និងកូនស្រី២នាក់ផ្សេងទៀតត្រូវប្ដីចុងចិត្តអប្រិយដែលជាអតីតជាគ្រូពេទ្យ ប៉ងកាប់សម្លាប់កាលពីជិត៨ខែមុនស្ថិតនៅភូមិត្រសេកជ្រំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ហើយបានគេចខ្លួនបាត់ដោយសុវត្ថិភាព ទើបតែបែកធ្លាយនៅពេលជួបជាមួយអ្នកយកព័ត៌មាន និងបានសុំសំណូមពរឱ្យជួយចុះផ្សាយរឿងរ៉ាវនេះផង ព្រោះគិតថាជាអំពើអយុត្តិធម៌ ។
ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើឈ្មោះយឿន លីណា អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ចំណែកប្ដីចុងចិត្តអប្រិយមានឈ្មោះដល់ទៅ៣ គឺឈ្មោះសាន សារ៉េត, ដួង សម្បត្តិ, សុខ ពៅ អាយុ៥២ឆ្នាំ ជាអតីតគ្រូពេទ្យផ្នែកវះកាត់នៅមណ្ឌលសុខភាពម៉ាឡៃ និងមានទីលំនៅក្នុងភូមិជ្រោយស្ដៅ ឃុំបឹងព្រីង ស្រុកថ្មគោល
ស្ត្រីរងគ្រោះបានឱ្យដឹងថារវាងគាត់និងប្ដីនេះ បានគ្នាជាប្ដីប្រពន្ធកាលពីឆ្នាំ២០០៣ ខណ:គាត់នាំកូនៗរត់ចោលប្ដីមុនដោយសារការ ប្រើអំពើហិង្សាដែរ ។ មុនដំបូងរូបគាត់និងកូនស្រីទី៣ កាលពីអាយុ៦ឆ្នាំមករស់នៅស្រុកម៉ាឡៃ ដោយរូបគាត់លក់ចាបហួយ ហើយនៅគ្រាមួយពេលព្រលប់ ប្ដីចុងរូបនេះបានទៅយកកូនស្រីរបស់គាត់ឱ្យមកដេកផ្ទះរបស់គេ ហើយទូរស័ព្ទថា អាណិតកូនស្រីតូចនេះ។ស្ត្រីខាងលើបន្តថា លុះគាត់ឈប់ពីលក់ដូរ ក៏ធ្វើដំណើទៅដល់ផ្ទះប្ដីចុងនេះ ប្រុងយកកូនស្រីត្រឡប់ទៅផ្ទះវិញ ក៏ត្រូវប្ដីចុងនេះចាប់ជាប់មិនឱ្យចុះពីផ្ទះគេឡើយ ហើយនិយាយសុំស្រឡាញ់ និងរស់នៅជុំគ្នាជារៀងរហូតមក និងបានគ្នាបង្កើតបានកូនស្រីម្នាក់បច្ចុប្បន្នអាយុ៤ឆ្នាំ ។
ស្ត្រីរងគ្រោះបានបន្តថា ហេតុការណ៍កើតហិង្សានោះ គឺកើតឡើងនៅវេលាម៉ោង១រំលងអាធ្រាត្រចូលព្រឹកថ្ងៃទី០១ មិថុនា ២០១៣ កន្លងមក ហើយក្រៅពីរូបគាត់នៅមានកូនៗស្រីប្ដីមុនរបស់គាត់២នាក់ផ្សេងទៀត ត្រូវប្ដីចុងកាប់របួសផ្ទៃមុខ១ពូថៅ និងកូនស្រីទី២អាយុ១៣ឆ្នាំ កាប់ចំនួន៤ពូថៅចំក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ទាំង៣នាក់ម្ដាយ និងកូន ។ ហិង្សានេះ គឺបណ្ដាលមកពីភ្លើងប្រចណ្ឌគឺប្ដីគាត់ហាមឃាត់មិនឱ្យគាត់ទៅណាមកណា ឬទាក់ទងជាមួយនរណានោះទេ មិនតែប៉ុណ្ណោះ នៅយប់កើតហេតុប្តីអគតិរូបនោះបានសុំគាត់រួមរ័ក តែគាត់មិនព្រមព្រោះគាត់មិនស្រួលខ្លួនបែរជាប្ដីកំហូចនោះនិយាយថា បើមិនឱ្យរួមដំណេកគេនឹងទៅដេកជាមួយកូនស្រីរបស់គាត់ ពេលនោះក៏កើតទៅរឿងតែម្ដងទៅ ។
ស្ត្រីរងគ្រោះខាងលើបន្តថា ក្រោយហេតុការណ៏កើតឡើង ប្តីអប្រិយរូបនោះបានបើករថយន្តសង្រ្គោះរបស់មណ្ឌលសុខភាពម៉ាឡៃទៅទុកចោលនៅក្រុងប៉ោយប៉ែត ហើយបានគេចខ្លួនបាត់រហូតមកទល់បច្ចុប្បន្ន ។ រូបគាត់និងកូនៗក្រោយពីរបួស ត្រូវបានគេបញ្ជូនពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយ ពីស្រុកម៉ាឡៃដល់ប៉ោយប៉ែតបន្ទាប់មកបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី និងចុងក្រោយ ត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់នៅឯខេត្តបាត់ដំបង។
អ្វីដែលស្ត្រីរងគ្រោះខាងលើនិយាយថាជាអំពើអយុត្តិធម៌នោះ ព្រោះក្រោយកើតហេតុ រឿងរ៉ាវហាក់កប់បាត់ឈឹងគ្មានដំណោះស្រាយ អ្វីសោះ ហើយពេលគាត់ជជីកសួរទៅសមត្ថកិច្ច បែរជាឆ្លើយដាក់គ្នា និងនិយាយថា បាត់ឯកសារទៀតផង។
ចែករំលែកព័តមាននេះ