ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​​​​ជួប​ចរ​ចា​​ក្រុម​ការ​ងារ​បក្ស​ទាំង​​2​​ថ្ងៃទី​​27​កុម្ភៈ ត្រូវ​​បាន​លុប​​​ចោលវិញ​​ដោយ​សារ​​បញ្ហា​​​បច្ចេក​​ទេស​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រុម​ការងារ​បច្ចេក​ទេស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​សម្រេច​យក​ថ្ងៃ​ទី​២៧​ កុម្ភៈ​ ខាង​មុខ​នេះ​ដើម្បី​ជួប​ប្រជុំ​គ្នា​ពិភាក្សា​ពី​ការ​បង្កើត​គណៈ​កម្មការ​ចម្រុះ​សម្រាប់​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ដែល​មាន​សមាស​ភាព​៦​រូប​ម្ខាង​នោះ​ត្រូវ​បាន​លុប​ចោល​វិញ​ ។​

រាជធានី​ភ្នំពេញ​ ៖ ក្រុម​ការងារ​បច្ចេក​ទេស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​សម្រេច​យក​ថ្ងៃ​ទី​២៧​ កុម្ភៈ​ ខាង​មុខ​នេះ​ដើម្បី​ជួប​ប្រជុំ​គ្នា​ពិភាក្សា​ពី​ការ​បង្កើត​គណៈ​កម្មការ​ចម្រុះ​សម្រាប់​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ដែល​មាន​សមាស​ភាព​៦​រូប​ម្ខាង​នោះ​ត្រូវ​បាន​លុប​ចោល​វិញ​ ។​

លោក​​ យឹម​ សុវណ្ណ​ បាន​បញ្ជាក់​តាម​ទូរស័ព្ទ​នា​​ព្រឹក​ថ្ងៃ​ទី​២៥​ កុម្ភៈ​ ថា​ ការ​សម្រេច​លើក​ពេល​ជួប​ចរចា​រវាង​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ក្នុង​នាម​គណៈ​កម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​ ដែល​មាន​សមាស​ភាព​ម្ខាង​៦​រូប​ នា​ថ្ងៃ​ទី​២៧​ កុម្ភៈ​ នោះ​ មិន​មែន​មក​ពី​ហេតុ​ផល​នយោបាយ​ទេ​ គឺ​ដោយ​សារ​តែ​បញ្ហា​បច្ចេក​ទេស​របស់​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​​ និង​មាន​ការ​ស្ន​ើស​ុំ​ពន្យារ​ពី​ភាគី​គណបក្ស​ប្រជា​ជន​កម្ពុជា​ ។​ លោក​បាន​បន្ដ​ថា​ ការ​ពន្យារ​ពេល​ចរចា​នោះ​ មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ បាន​ស្នើ​លើក​ពេល​ដោយ​មូល​ហេតុ​ជាប់​រវ​ល់​ ។ ប៉ុន្ដែ​ក្រុម​ការ​ងារ​គណបក្ស​ទាំង​ពីរ​នឹង​កំណត់​ជួប​គ្នា​ក្នុង​ពេល​ឆាប់ៗ​ដែល​អាច​នៅ​សប្ដាហ៍​ក្រោយ​ ។​ កិច្ច​ប្រជុំ​ចរចា​ក្នុង​នាម​គណៈ​កម្មការ​ចម្រុះ​ ដើម្បី​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ដែល​គណបក្ស​​ទាំង​ពីរ​ទើប​តែ​ព្រម​ព្រៀង​បង្កើត​មាន​សមាស​ភាព​ម្ខាង​៦​រូប​ ក្នុង​នោះ​​របៀប​វារៈ​សម្រាប់​កិច្ច​ប្រជុំ​ចរចា​នោះ​ នឹង​ជជែក​លើក​ឡើង​ពី​អាណត្ដិ​របស់​គណៈ​កម្មការ​ចម្រុះ​ តួនាទី​ ភារកិច្ច​ និង​ក្រប​ខ័ណ្ឌ​ការ​ងារ​របស់​គណៈ​កម្មការចម្រុះ​សម្រាប់​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ ។​

លោក​ យឹម​ សុវណ្ណ​ មិន​បាន​ឱ្យ​ដឹង​ពី​ការ​ជួប​ចរចា​រវាង​ក្រុម​ការងារ​បច្ចេក​ទេស​ដែល​មាន​សមាស​ភាព​៦​រូប​លើក​​ក្រោយ​នៅ​កន្លែង​ណា​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ គ្រាន់​តែ​បញ្ជាក់​ថា​ពេល​កំណត់​រួច​ នឹង​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ជា​ក្រោយ​ ។​ ទាក់​ទង​នឹង​ការ​លើកឡើង​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ លុប​ចោល​និង​ពន្យារ​ពេល​នៅ​សប្ដាហ៍​ក្រោយ​ កោះ​សន្ដិភាព​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក​​ ព្រុំ​ សុខា​ ប្រធាន​ក្រុម​ការ​ងារ​ចរចា​បច្ចេក​ទេស​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​លោក​ ជាម​ យៀប​ សមាជិក​ជាន់​ខ្ពស់​​ និង​សមាជិក​គណៈ​កម្មការ​ចម្រុះ​សម្រាប់​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ​ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល​ ។​ ប៉ុន្ដែ​បើ​តាម​លោក​ ឈាង​ វុន​ ប្រធាន​គណៈ​កម្មការ​កិច្ច​ការ​បរទេស​ សហប្រតិប​ត្ដិ​ការ​អន្ដរជាតិ​ ឃោស​នា​ការ​​និង​ព័ត៌មាន​ បាន​ប្រាប់​បន្ទាប់​ពី​ចប់​ជំនួប​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក​ Joachim Baronvan Maschall ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​​ បាន​ឱ្យ​ដឹង​ថា​ ​លោក​ក៏​មាន​ឈ្មោះ​ជា​សមា​ជិក​មួយ​ក្នុង​​ចំណោម​សមា​ជិក​​៦​រូប​​ ដែល​ត្រូវ​ជួប​ចរចា​គ្នា​ដែល​បាន​រៀប​ចំ​ជា​ស្រេច​​ក្នុង​ការ​ពិភាក្សា​ជាមួយ​ក្រុម​បច្ចេក​ទេស​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ​ដែរ​ ។

លោក ឈាង វុន បាន​ឱ្យ​ដឹង​ថា​ ក្រុម​ការ​ងារ​​បច្ចេក​ទេស​​របស់​​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​កំណត់​យក​វិមាន​ព្រឹទ្ធ​សភា​សម្រាប់​ចរចា​គ្នា​  តែ​សម្រាប់​លោក​វិញ​​ចង់​ឱ្យ​​ការ​ចរ​ចា​គ្នា​នៅ​វិមាន​រដ្ឋ​​សភា ព្រោះ​​ថា​វិមាន​រដ្ឋ​សភា​គឺ​មិន​មែន​ ជា​របស់​គណបក្ស​ប្រជា​ជន​តែ​ម្នាក់​ឯង​នោះ​ទេ​ វា​សម្រាប់​ប្រជា​ជន​ទូទៅ​ក៏​ដូច​ជា​គណ​បក្ស​សង្គ្រោះ​ជាតិ​ ។
​គួរ​បញ្ជាក់​​ថា ការ​ឈាន​ដល់​ការ​កំណត់​ថ្ងៃ​​ទី​២៧ កុម្ភៈ ​ជា​ថ្ងៃ​ជួប​គ្នា​នៃ​ក្រុម​បច្ចេក​ទេស​ទាំង​ពីរ​ រហូត​ដល់​ការ​លុប​ចោល​គម្រោង​កិច្ច​​ជួប​វិញ​នោះ​ លោក សុន ឆ័យ​ ប្រធាន​ក្រុម​ការងារ​បច្ចេក​ទេស​​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ធ្លាប់​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ ក្រុម​បច្ចេក​ទេស​របស់​គណ​បក្ស​​សង្គ្រោះ​ជាតិ​បាន​ដាក់​លិខិត​ស្នើ​សុំ​ទៅ​ក្រុម​បច្ចេក​ទេស​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ។​ លោក​ក៏បាន​លើក​ឡើង​ទៀត​ថា ក្រុម​ការងារ​បច្ចេក​ទេស​នេះ​មាន​ឈ្មោះ​ថា គណៈ​កម្ម​ការ​ចម្រុះ​ដើម្បី​​រៀប​ចំ និង​​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ដែល​មាស​សមា​ស​ភាព​ម្ខាង​ៗ​ចំនួន​៦​នាក់​ ដោយ​​ក្រុម​ការងារ​​បច្ចេក​ទេស​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​រូប​លោក​ផ្ទាល់​ (សុន​ ឆ័យ​) លោក​ យឹម សុវណ្ណ លោក យ៉ែម បុញ្ញ​ឫទ្ធិ លោក​ គួយ ប៊ុន​រឿន​ លោក ម៉ៅ មុនីវណ្ណ​ និង​លោក អេង ឆៃ​អ៊ាង ។ កាល​នោះ លោក សុន ឆ័យ​ ក៏​មិន​បាន​បញ្ជាក់​ពី​ទី​កន្លែង​ដែល​ក្រុម​បច្ចេក​ទេស​ទាំង​ពីរ​គ្រោង​នឹង​ជួប​គ្នា​​ជា​ថ្មី​ច្បាស់​លាស់​នោះ​ទេ គឺ​ថា​គ្រាន់​តែ​ស្នើ​ជួប​ជាមួយ​ក្រុម​បច្ចេក​ទេស​ និង​កំពុ​ង​រង់​ចាំ​​ពី​ក្រុម​បច្ចេក​ទេស​របស់​​គណបក្ស​ប្រជា​ជន​កម្ពុជា។

​លោក​ សុន ឆ័យ​ បាន​ឱ្យ​ដឹង​ទៀត​ថា​ ការ​ជួប​រវាង​ក្រុម​បច្ចេក​ទេស​របស់​គណ​បក្ស​ទាំង​ពីរ​ មិន​អាច​ដោះ​​ស្រាយ​បញ្ហា​នយោ​បាយ​សព្វ​ថ្ងៃ នេះ​ទេ គឺ​មាន​តែ​ថ្នាក់​ដឹក​នាំ​របស់​គណ​បក្ស​ទាំង​២​ ទើប​ជា​​អ្នក​សម្រេច​ ។ លោក​ថា ភាគី​​របស់​គណ​បក្ស​ប្រជា​ជន​ក៏​មាន​សមាស​ភាព​ចំនួន​៦​រូប​ផង​ដែរ ។ ​ការ​ស្នើ​សុំ​ជួប​ចរចា​​របស់​ក្រុម​ការងារ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ទៅ​គណ​បក្ស​ប្រជាជន​​​កម្ពុជា​នោះ​​ ក៏​មាន​បណ្តាញ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ បាន​ចុះ​ផ្សាយ​ពី​សមាស​ភាព​របស់​ក្រុម​ការ​ងារ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​រួច​មក​ហើយ​ដែរ​ ក្នុង​នោះ​មាន​​ លោក ជាម យៀប​, លោក ឈាង វុន​, លោក ប៉ែន បញ្ញា​, លោក ស៊ិក​ ប៊ុន​ហុក, លោក ប៊ិន ឈិន និង​លោក​ជំទាវ​ គ្រួច​ សំអាន៕