រាជធានីភ្នំពេញ ៖ ភូមិគ្រឹះមួយកន្លែងមានអាសយដ្ឋានលេខ៣ ផ្លូវលេខ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ ឆ្មក់ចូលឆែកឆេរ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៥ កុម្ភៈ និងឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន១២នាក់ពាក់ព័ន្ធនឹងការលួចប្រើទូរស័ព្ទទៅក្រៅប្រទេសជាមធ្យោបាយចាប់ជំរិតទារប្រាក់ ។
ប្រតិបត្តិការបង្ក្រាបក្រុមម៉ាហ្វីយ៉ាចិនចាប់ជំរិតនេះ ដឹកនាំដោយលោកហៀង សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ អុី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីសមត្ថកិច្ចខណ្ឌទួលគោកផងដែរ ។ តាមព័ត៌មានឱ្យដឹងថា លំនៅឋានដែលសមត្ថកិច្ចចុះឆែកឆេរនោះមានម្ចាស់ឈ្មោះ ប៉ែន ស៊ីណារ៉ា ភេទស្រី អាយុ៣៩ឆ្នាំ បានជួលទៅឱ្យជនជាតិចិនឈ្មោះ TING YEN WEN ភេទប្រុស អាយុ៤០ឆ្នាំ កាលពីថ្ងៃទី១៥ កុម្ភៈ ក្នុងមួយខែតម្លៃ១.០០០ដុល្លារ ដោយកក់ប្រាក់ចំនួន២ខែមុន ។ ការជួលនោះ គឺក្នុងគោលបំណងរៀបចំគម្រោងចាប់ជំរិតតាមប្រព័ន្ធអុីនធើរណេត បុ៉ន្តែមិនទាន់រៀបចំបណ្ដាញទូរស័ព្ទទាក់ទងបានផង ក៏ត្រូវកម្លាំងនគរបាលទៅបង្ក្រាបទប់ស្កាត់បានទាន់ពេល ។
តាមមន្ត្រីនគរបាលឱ្យដឹងថា ក្រុមជនជាតិចិនតៃវ៉ាន់ជាមុខញ្ញាចាប់ជំរិតតាមប្រពន្ធអីុនធើរណេតនេះ ត្រូវកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម សហការជាមួយមន្ត្រីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ធ្វើការស្រាវជ្រាវជាយូរមកហើយ តែក្រុមនេះដឹងខ្លួន ក៏ប្ដូរទីតាំងពីកន្លែងមួយទៅកន្លែង ហើយទើបមកជួលភូមិគ្រឹះខាងលើបានប្រមាណ១០ថ្ងៃ ក៏ត្រូវសមត្ថកិច្ចបង្ក្រាបតែម្ដង ។ មន្ត្រីដដែលឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការឆែកឆេរនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន១២នាក់ ព្រមទាំងដកហូតបានឧបករណ៍អេឡិចត្រូនិកសម្រាប់ជាមធ្យោបាយទាក់ទងចាប់ជំរិតនៅក្រៅប្រទេសមួយចំនួនធំរួចបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងភេរវកម្ម ដើម្បីសាកសួរ និងស្រាវជ្រាវរកបក្សពួកបន្តទៀត ៕
ចែករំលែកព័តមាននេះ