ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​​​​ពេទ្យ​ផ្អើល​​​​ឈុល​​​រឿង​​លក់​​​មន្ទីរ​​ពេទ្យ​​​បង្អែក​​​រាជ​​ធានី​​​​ភ្នំ​ពេញ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្ត្រី​រាជ​ការ​សុទ្ធ​សឹង​​ជា​បុគ្គ​លិក​បម្រើ​ការ​ងារ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានី​ភ្នំពេញ​ ​ហៅ​មន្ទីរ​ពេទ្យ​សម្ភព​ក្រុង​ ប្រមាណ​ជាង​៣០០​នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ បាន​នាំ​គ្នា​តវ៉ា​ប្រៀប​ដូច​ជា​ការ​ផ្ទុះ​គ្រាប់​បែក​ទាំង​ព្រលឹម​​​អុរ​ ប្រមូល​ផ្តុំ​គ្នា​ប្រដាប់​ដោយ​បដា​ ឈរ​ត្រៀម​ត្រា​នៅ​មុខ​មន្ទីរ​ពេទ្យ​ នៅ​ពេល​ទទួល​ដំណឹង​ថា អគារ​មន្ទីរ​ពេទ្យ​ដែល​កំពុង​បម្រើ​ការងារ​​រាល់​ថ្ងៃ​​ ស្ងាត់ៗ​ត្រូវ​គេ​លួច​លក់​បាត់​ទៅ​ហើយ​ និង​បង្ខំ​ឱ្យ​រើ​តោក​រើ​​ហុឹង ​​ទៅ​នៅ​​អគារ​ថ្មី ស្ថិត​​នៅ​​ខាង​​ក្រោយ ។

រាជធានីភ្នំពេញ ៖ មន្ត្រី​រាជ​ការ​សុទ្ធ​សឹង​​ជា​បុគ្គ​លិក​បម្រើ​ការ​ងារ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានី​ភ្នំពេញ​ ​ហៅ​មន្ទីរ​ពេទ្យ​សម្ភព​ក្រុង​ ប្រមាណ​ជាង​៣០០​នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ បាន​នាំ​គ្នា​តវ៉ា​ប្រៀប​ដូច​ជា​ការ​ផ្ទុះ​គ្រាប់​បែក​ទាំង​ព្រលឹម​​​អុរ​ ប្រមូល​ផ្តុំ​គ្នា​ប្រដាប់​ដោយ​បដា​ ឈរ​ត្រៀម​ត្រា​នៅ​មុខ​មន្ទីរ​ពេទ្យ​ នៅ​ពេល​ទទួល​ដំណឹង​ថា អគារ​មន្ទីរ​ពេទ្យ​ដែល​កំពុង​បម្រើ​ការងារ​​រាល់​ថ្ងៃ​​ ស្ងាត់ៗ​ត្រូវ​គេ​លួច​លក់​បាត់​ទៅ​ហើយ​ និង​បង្ខំ​ឱ្យ​រើ​តោក​រើ​​ហុឹង ​​ទៅ​នៅ​​អគារ​ថ្មី ស្ថិត​​នៅ​​ខាង​​ក្រោយ ។

​ពេល​ទទួល​បាន​ព័ត៌​មាន​ថា មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានី​​ភ្នំពេញ​ ហៅ​​ពេទ្យ​សម្ភព​ក្រុង​ ​ត្រូវ​គេ​លក់​ស្ងាត់ៗ​​នោះ មន្ត្រី​​រាជ​ការ​​ជា​បុគ្គលិក​ជាង​​១០០​នាក់ បាន​នាំ​គ្នា​​លើក​បដា​ព្រោង​ព្រាត​​នៅ​មុខ​អគារ​​មន្ទីរ​ពេទ្យ​ ដើម្បី​តវ៉ា​ពី​ដំណឹង​​នៃ​ការ​លួច​លក់​ឆ្នាំង​បាយ​​​​របស់​ពួក​គេ​នោះ ហើយ​ប្រមាណ​​ជាង​២០០​នាក់​​​​ទៀត​នៅ​ក្នុង​ប៊ុយ​រ៉ូ​ ក៏​មិន​ធ្វើ​ការ​ដែរ​ ដែល​ពួក​គេ​ធ្វើ​ដូច្នេះ​ដើម្បី​ឱ្យ​ថ្នាក់​លើ​ដោះ​ស្រាយ​​ កុំ​ឱ្យ​មាន​ការ​លក់​ដូរ​អគារ​រដ្ឋ​តទៅ​ទៀត ។ ​មន្ត្រី​រាជ​ការ​​​នៃ​មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានី​ បាន​នាំ​គ្នា​សរសេរ​បដា​​លើក​កាន់​បង្ហាញ​ខ្លឹម​សារ​ជូន​អ្នក​​សារ​ព័ត៌​មាន​​ និង​ដល់​មហា​ជន​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​មក​ថា ប្រឆាំង​ដាច់​ខាត​​ការ​លក់​ដូរ​​មន្ទីរ​ពេទ្យ​រដ្ឋ ចូល​រួម​បំបាត់​អំពើ​ពុក​រលួយ​ គ្មាន​​ឱ្យ​លក់​ដូរ​និង​រុះ​រើ​ទេ ។ល។ អ្នក​ខ្លះ​បាន​កាន់​​សេច​ក្តី​ប្រកាស​របស់​សម្តេច​អគ្គ​មហា​​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​​ព្រះ​រាជា​ណា​កច្រ​កម្ពុជា​​​ ដែល​ជម្រាប​ទៅ​ក្រសួង​មន្ទីរ​​ រាជ​ធានី​-​ខេត្ត ក្រុង​ ដែល​​មាន​ខ្លឹម​សារ​​ មិន​ឱ្យ​​មាន​ការ​រុះ​រើ​​ដោះ​ដូរ​ នូវ​ទី​តាំង​សាលា​រៀន​ អគារ​សិក្សា​ មណ្ឌល​សុខ​ភាព​ និង​មន្ទីរ​ពេទ្យ​ ដោយ​សារ​​ការ​ប្រឹង​ប្រែង​​អភិ​វឌ្ឍ គឺ​យើង​ត្រូវ​ការ​មន្ទីរ​ពេទ្យ សាលា​រៀន​បន្ថែម​ទៀត​ ដើម្បី​ឆ្លើយ​តប​​ទៅ​នឹង​តម្រូវ​ការ​ ។​

​អ្នក​ខ្លះ​ក៏បាន​បញ្ចេញ​មតិ​តវ៉ា​​ដាច់​ខាត​ថា មិន​ឱ្យ​មាន​ការ​រុះ​រើ​ទី​តាំង​អគារ​មន្ទីរ​ពេទ្យ​សម្ភព​​ក្រុង​នេះ​ឡើយ ។ ក្នុង​ចំណោម​ក្រុម​អ្នក​តវ៉ា​​ មាន​​មន្ត្រី​​មន្ទីរ​ពេទ្យ​ម្នាក់ បាន​រៀប​រាប់​ប្រាប់​កោះ​សន្តិ​ភាព​ថា មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានី​ភ្នំពេញ​ ដែល​ហៅ​ថា​ ពេទ្យ​សម្ភព​ក្រុង​ មាន​៩​​ផ្ទះ​ល្វែង​​ដែល​​បាន​រៀប​ចំ​ជា​អគារ​មន្ទីរ​ពេទ្យ​បង្អែក​១ ស្ថិត​នៅ​​តាម​បណ្តោយ​ផ្លូវ​​លេខ​១៦៩​ សង្កាត់​វាល​វង់​ ខណ្ឌ​៧​  មករា បែរ​មុខ​ចំ​បុរី​កីឡា ។ មន្ទីរ​ពេទ្យ​មាន​មន្ត្រី​រាជ​ការ​​​បម្រើ​ការងារ​ប្រមាណ​ជាង​៣០០​នាក់​ តាម​ផ្នែក​ តាម​ជំនាញ​នីមួយៗ​ ។ មន្ទីរ​ពេទ្យ​សម្ភព​ក្រុង​បាន​​កើត​មាន​តាំង​ពី​​ក្រោយ​ថ្ងៃ​រំដោះ​​​​​​ឆ្នាំ​១៩៧៩​ ម្លេ៉ះ។ មន្ទីរ​ពេទ្យ​នេះ​មាន​ផ្នែក​ចំនួន​១២ ​គឺ ១-​ផ្នែក​សម្ភព​ និង​រោគ​ស្ត្រី ២-​ផ្នែក​ត្រចៀក និង​​បំពង់​ក ៣-​ផ្នែក​មាត់ និង​ធ្មេញ​ ៤-​ផ្នែក​រដ្ឋបាល ៥-​ផ្នែក​គណ​នេយ្យ​ ៦-​ផ្នែក​ទទួល​ជំងឺ​ចេញ​ចូល ៧-​ផ្នែក​ឱសថ ៨-​ផ្នែក​ប្រឹក្សា​ផ្តល់​ឈាម​ និង​អេដស៍ ៩-​ផ្នែក​អេកូសាស្ត្រ ១០-​ផ្នែក​ឆ្លុះ​ពោះ​វៀន​ និង​ក្រពះ​ ១១-​ផ្នែក​កាម​រោគ​ និង​១២-​ផ្នែក​ឃ្លាំង​ឱសថ​ ។ ​មន្ត្រី​ពេទ្យ​ខាង​លើ​​និយាយ​រៀប​រាប់​បន្ត​ថា​ មន្ទីរ​ពេទ្យ​នេះ​​គឺ​ជា​អង្គ​ភាព​របស់​រដ្ឋ​ដែល​មាន​លោក នេត សុវិរៈ ជា​ប្រធាន ។ ​បាន​ជា​មាន​ការ​ផ្ទុះ​​​ការ​តវ៉ា​​​នា​ព្រឹក​នេះ ព្រោះ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤ កុម្ភៈ មាន​លោក​អនុ​ប្រធាន​មន្ទី​រសុខា​ភិបាល​​រាជ​ធានី​ភ្នំពេញ​​​ម្នាក់ បាន​មក​កាន់​មន្ទីរ​ពេទ្យ​សម្ភព​ក្រុង​ ហើយ​បាន​ហៅ​ប្រធាន​មន្ទីរ​ពេទ្យ និង​ប្រធាន​ផ្នែក​​ខ្លះ​​ទៅ​ខ្សឹប​ប្រាប់​​ ឱ្យ​មន្ត្រី​រាជ​ការ​​ និង​បុគ្គលិក​ទាំង​អស់​​​រើ​សម្ភារ​ចេញ​ពី​អគារ​​នេះ ទៅ​​បោះ​ទី​តំាង​នៅ​ខាង​ក្រោយ​ ដើម្បី​យក​ទី​តាំង​​ជួស​ជុល ។

ពេល​ទទួល​បាន​ព័ត៌មាន​ថា​ លោក​អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ម្នាក់​ទៅ​ខ្សឹប​ប្រាប់​នៅ​មន្ទីរ​ពេទ្យ​ដូច្នោះ​ មន្ដ្រី​រាជការ​ និង​បុគ្កលិក​ជាង​៣០០​នាក់​ ក៏​រំជើប​រំជួល​តាំង​ពី​ល្ងាច​មក​ ដោយ​បាន​ប្រមូល​ផ្ដុំ​មតិ​គ្នា​ថា​ មិន​មែន​ជា​ការ​រុះ​រើ​ជួស​ជុល​អគារ​ទេ​ គឺ​មន្ទីរ​ពេទ្យ​ត្រូវ​បាន​គេ​លក់​បាត់​ហើយ​ លក់​តាំង​ពី​មុន​បោះ​ឆ្នោត​តំណាង​រាស្រ្ដ​មក​ម៉្លេះ​ មាន​តម្លៃ​រាប់​លាន​ដុល្លារ​ដែល​គ្មាន​អ្នក​ណា​ដឹង​ឡើយ​ ។​ ពាក្យ​ថា​រុះ​រើ​បណ្ដោះ​អាសន្ន​ដើម្បី​យក​អគារ​ជួស​ជុល​នោះ​ គ្រាន់​តែ​ជា​ការ​បំភាន់​ភ្នែក​មន្ដ្រី​រាជការ​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​ ហើយ​ពាក្យ​នេះ​មាន​បទ​ពិសោធន៍​ជា​ហូរ​ហែ​ រហូត​លក់​ខ្ទេច​លក់​ខ្ទី ​ពេល​នេះ​លក់​​រហូត​ដល់​មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានី​ភ្នំពេញ​​ទៀត ​​ហើយ​ដេញ​ឱ្យ​ពួក​គេ​ទៅ​នៅ​អគារ​តូច​ចង្អៀត​ខាង​ក្រោយ​ ដែល​មិន​អាច​ធ្វើ​ការ​បាន​​ សូម្បី​ឡើយ​អ្នក​ជំងឺ​ដេក​ព្យាបាល​នោះ​ ។​ បន្ទាប់​ពី​កើត​មាន​ផ្ទុះ​ការ​តវ៉ា​នៅ​មុខ​មន្ទីរ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ​ ប្រមាណ​ជា​២​ទៅ​៣​ម៉ោង​ក្រោយ​មក​ គេ​បាន​សង្កេត​ឃើញ​លោក​ សុខ​ សុគន្ធ​ នាយក​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ អញ្ជើញ​ទៅ​​ដល់​ ហើយ​បាន​ប្រកាស​ឱ្យ​មន្ដ្រី​រាជការ​ទាំង​នោះ​ចូល​រួម​ប្រជុំ​ដោះ​ស្រាយ​គ្នា​នៅ​សាល​ប្រជុំ​របស់​មន្ទីរ​ពេទ្យ​ជាន់​ទី​២​ ដោយ​មានការ​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌មាន​ចូល​រួម​ស្ដាប់​​ផង​ដែរ​ ។​

ការ​ជួប​ប្រជុំ​គ្នា​នោះ​ លោក​នាយក​មន្ទីរ​សុខា​ភិបាល​ បាន​បញ្ជាក់​ថា​ អគារ​ធ្វើ​ការ​របស់​មន្ទីរ​ពេទ្យ​រាល់​ថ្ងៃ​នេះ​ចាស់​ទ្រុឌទ្រោម​ ហើយ​ថ្នាក់​លើ​តម្រូវ​ឱ្យ​មាន​ការ​រុះ​រើ​ដោះ​ដូរ​ទៅ​កន្លែង​ថ្មី​វិញ​គឺ​​ស្ថិត​នៅ​ក្នុង​ដី​រដ្ឋ​ខាង​ក្រោយ​គ្នា​នេះ​ ។​ លោក​នាយក​មន្ទីរ​ពេទ្យ​​ថ្លែង​ថា​​ អគារ​ចាស់​ជួស​ជុល​ច្រើន​ដង​ហើយ​ ដោយ​បាន​ចំណាយ​ថវិកា​រដ្ឋ​អស់​ច្រើន​ណាស់​ ហើយ​បើ​ជួស​ជុល​ទៀត​ក៏​ពិបាក​ដែរ ។​ ​ក្រុម​មន្ត្រី​ពេទ្យ​និយាយ​ទាំង​មួម៉ៅ​ប្រាប់​កោះ​សន្តិភាព​​ថា ការ​ជួប​ប្រជុំ​នោះ​ លោក​នាយក​មន្ទីរ​​មាន​ប្រសាសន៍​​មិន​ចំ​ទិស​ដៅ​នូវ​អ្វី​ដែល​មន្ដ្រី​រាជការ​ឬ​ហៅ​ថា​ក្រុម​អ្នក​តវា៉​ចង់​បាន​នោះ​ទេ​​ ដែល​ពួក​គេ​សុំ​អនុ​វត្ត​នៅ​​នឹង​កន្លែង​ ពោល​គឺ​រុះ​រើ​ជួស​ជុល​ ហើយ​សុំ​នៅ​ធ្វើ​ការ​​ទី​នេះ​ដដែល​ គ្មាន​ការ​ដោះ​​ដូរ​ទៅ​ណា​ទេ ។ ចំណោទ​ដែល​មន្ត្រី​រាជ​ការ​ចង់​បាន​ លោក​នាយក​មន្ទីរ​និយាយ​ថា អាស្រ័យ​ថ្នាក់​លើ​សម្រេច​ ។ ការ​ជួប​ប្រជុំ​​នោះ​រឹត​តែ​ធ្វើ​ឱ្យ​មន្ត្រី​រាជ​ការ​មន្ទីរ​ពេទ្យ​​បង្អែក​រាជ​ធានី​ភ្នំពេញ​ កាន់​តែ​ដាក់​ការ​សង្ស័យ​ថា​ពិត​ជា​មាន​ការ​លក់​ដូរ​មែន​ហើយ​ ។ ទោះ​ជា​យា៉ង​ណា​ មន្ត្រី​រាជការ​​នៃ​មន្ទីរ​ពេទ្យ​សម្ភព​ក្រុង​នៅ​​តែ​ទទូច​ទៅ​ដល់​សាមីុ​ក្រសួង​ ពិសេស​​​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​ជួយ​អន្តរា​គមន៍​ដល់​ពួក​គាត់​ផង សុំ​ទុក​អគារ​នេះ​ធ្វើ​ការ​ជា​ធម្ម​តា ។ ការ​ជួប​ប្រជុំ​បាន​ធ្វើ​ឡើង​មិន​បាន​កន្លះ​ម៉ោង​ នឹង​មិន​ទាន់​អស់​សេច​ក្តី​ផង​ លោក​នាយក​​មន្ទីរ​សុខា​ភិបាល​ប្រញាប់​ប្រញាល់​ឡើង​រថ​យន្ត​ចេញ​បាត់​ទៅ​ ដែល​ទង្វើ​នោះ​បាន​ធ្វើ​ឱ្យ​មន្ត្រី​រាជ​ការ​ទាំង​អស់​ នៅ​តែ​បន្ត​ធ្វើ​ការ​តវា៉​ ​និង​ប្រកាស​ថា​មិន​ព្រម​រុះ​រើ​ទៅ​​ទី​ណា​ឡើយ​ ។

ជាមួយ​បាតុភាព​នេះ ក្រុម​បុគ្គ​លិក​បាន​លើក​បង្ហាញ​លិខិត​មួយ​ ចុះ​ថ្ងៃ​ទី​៣​ មិថុនា ២០១១ ដែល​សាលា​រាជ​ធានី​តម្រូវ​ឱ្យ​រុះ​រើ​កែ​លម្អ​អគារ​មន្ទីរ​ពេទ្យ​បង្អែក​ចំការ​មន​ ដើម្បី​បំពាក់​ឧប​ករណ៍​សម្ភារ​បរិ​ក្ខារ​ពេទ្យ​​ទំនើប​ ដែល​ត្រូវ​បញ្ជា​ឱ្យ​រើ​តោក​រើ​ហុឹង​ចេញ​​​ទៅ​នៅ​អគារ​ផ្សេង​ ដើម្បី​យក​មន្ទីរ​ពេទ្យ​​ជួស​ជុល​ថ្មី​ ។ ​​ពួក​គេ​និយាយ​ខ្លាំងៗ​ថា ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ពេល​បុគ្គ​លិក​ពេទ្យ​ចាក​ចេញ​ទៅ​​ផ្ញើ​​ខ្លួន​រាយ​បា៉យ​តាម​កន្លែង​ផ្សេង​ៗ​ ស្រាប់​តែ​មន្ទីរ​​ពេទ្យ​បង្អែក​ចំការមន​​នោះ​​​ទាំង​មូល​​ មិន​ត្រឹម​តែ​អត់​ជួស​ជុល​តាម​ការ​សន្យា​ទេ ថែម​ទាំង​បាត់​ខ្លួន​ពី​ផែន​ដី​រហូត​មក ។ ដោយ​ប្រការ​ភូត​កុហក​យក​ទី​តាំង​លក់​បែប​នេះ​​​ហើយ វា​ក្លាយ​​ជា​គំរូ​អាក្រក់​មួយ ដែល​គេ​លែង​ជឿ​រហូត​មក​ ៕