ខេត្តបន្ទាយមានជ័យ ៖ ពិធីបើកការដ្ឋានកសាងប្រព័ន្ធលូអមសងខាងផ្លូវប្រវែង ២០០០ម៉ែត្រ ដែលជាថវិកា ៥០ បូក ៥០ ពីរភូមិ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៥ កុម្ភៈ ២០១៤ នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនោះ អញ្ជើញជាគណៈអធិបតីមាន លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី លោក ចុង ផែត អភិបាលរងខេត្ត លោក ឈុំ វណ្ណារិទ្ធ អភិបាលរងខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត។
លោកស្រី ចាន់ ថេង អភិបាលក្រុងសិរីសោភ័ណ បានមានមតិថា ក្រុងសិរីសោភ័ណ គឺជាក្រុងមួយនៅទីប្រជុំជនខេត្តបន្ទាយមានជ័យ ហើយដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ជំរុញឲ្យអាជ្ញាធរគ្រប់អាណត្តិកសាងហេដ្ឋារចនាសម្ព័ន្ធមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ជាក់ស្តែង ថ្ងៃនេះ បានកសាងប្រព័ន្ធលូសងខាងផ្លូវប្រវែង ២០០០ម៉ែត្រ ដែលដែលជាថវិកា ៥០ បូក ៥០ របស់ប្រជាពលរដ្ឋឆ្លងកាត់ ២ភូមិ មានភូមិសូភី និងភូមិកំពង់ស្វាយ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកស្រីបានបន្តថា ក្រុងសិរីសោភ័ណ បានជុំវិញកិច្ចអភិវឌ្ឍន៍ និងកែលំអសោភ័ណភាពក្នុងក្រុង ដើម្បីចូលរួមប្រឡងប្រណាំងក្រុងស្អាតក្នុងក្របខណ្ឌទូទាំងប្រទេស។ កាលពីឆ្នាំ២០១៣ ក្រុងសិរីសោភ័ណ ទទួលបានជ័យលាភីផ្ការំដួល ១ទង ហើយឆ្នាំបន្ត នឹងគ្រោងយកជ័យលាភីផ្ការំដួល ៣ទង។
លោក គោ ស៊ុំសារឿត បានលើកឡើងថា នៅខេត្តបន្ទាយមានជ័យ ជាពិសេសនៅក្រុងសិរីសោភ័ណ ដែលជាក្រុងទីរួមខេត្ត គឺសំណង់មួយចំនួនបានធ្វើរំលោភលើចំណីផ្លូវ និងការលក់ដូរលើចិញ្ចើមផ្លូវ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងជាមុខមាត់ខេត្ត។ លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ចូលខេត្តបន្ទាយមានជ័យ គឺត្រូវចូលរួមទាំងអស់គ្នាត្រូវថែរក្សាអ្វីដែលមានហើយ និងបញ្ហាសណ្តាប់ធ្នាប់ សន្តិសុខ បរិស្ថាន សេវាកម្ម ទើបទទួលបានភាពជោគជ័យទាំងជីវភាពបងប្អូន និងជាមុខមាត់ខេត្តផង៕
ចែករំលែកព័តមាននេះ