ខេត្តកំពង់ធំ ៖ ទោះបីជាមានច្បាប់ហាមមិនឲ្យប្រជាពលរដ្ឋចូលទៅកាប់ព្រៃខុសច្បាប់ដោយគ្មានការអនុញ្ញាតិ ក៏ដោយ ក៏សកម្មភាព នៃការចូលកាប់ព្រៃឈើយ៉ាងអនាធិបតេយ្យនៅចំណុចព្រៃអង់តែន ដែលជាតំបន់ព្រៃអភិរក្សរបស់រដ្ឋ និងជាព្រៃដែលប្រទេសជប៉ុន ធ្វើស្ថានីយ៍អង្កេតស្រាវជ្រាវអំពីការរំភាយចំហាយទឹករង្វិលជុំ (វដ្ឋទឹកក្នុង ១ឆ្នាំៗ) និងមានផ្ទៃក្រឡាទំហំ ១០គីឡូម៉ែត្របួនជ្រុង ស្ថិតនៅក្នុងទឹកដីស្រុកសន្ទុក កំពុងតែរងនូវការកាប់ទន្រា្ទនរានយកដី ព្រមទាំងកាប់ឈើធ្វើអាជីវកម្មយ៉ាងពេញទំហឹងពីក្រុមឈ្មួញ។
ជាក់ស្តែង នៅថ្ងៃទី២៤ កុម្ភៈ ២០១៤ ថ្មីៗនេះ អ្នកយកព័ត៌មានយើងបានចូលទៅដល់ចំណុចព្រៃអង់តែនខាងលើ បានលឺសំឡេងរណាយន្ត (ត្រង់ស៊ីន័រ) រំពងពេញក្នុងព្រៃ ប៉ុន្តែ គ្រាន់តែដើរចូលក្នុងព្រៃបានបន្តិចសម្លេងរណាយន្តទាំងអស់នោះ បានបាត់ស្ងាត់ឈឹងភ្លាមៗ មួយរំពេច ដោយសារតែមានអ្នកនៅចាំមើលផ្លូវផ្តល់ដំណឹងទៅជនល្មើសដោយសម្ងាត់ និងទាន់ហេតុកាណ៍បំផុត។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៥ កុម្ភៈ ២០១៤ នេះថា ចំពោះករណីខាងលើ លោកទទួលស្គាល់ថា ពិតជាមានសកម្មភាពចូលលួចកាប់ព្រៃខុសច្បាប់នៅចំណុចព្រៃអង់តែន ពិតប្រាកដមែន បើទោះបីជាសមត្ថកិច្ចយើងខិតខំការពារយ៉ាងណាក៏ដោយ ក៏ជនខិលខូចនៅតែលបលួចឆ្មក់ចូលកាប់បានដែរ។
ម្យ៉ាងវិញទៀត ដោយសារផ្ទៃដីចំណុចព្រៃអង់តែន មានទំហំធំ ចំណែកកម្លាំងសមត្ថកិច្ចយើងមានចំនួនតិចតួចណាស់មិនអាចដាក់ពង្រាយបាននៅគ្រប់ទីកន្លែងនោះឡើយ ទាល់តែមានការចូលរួមចំណែកពីប្រជាពលរដ្ឋផងដែរ ទើបអាចទប់ស្កាត់បទល្មើសទៅបាន។ នៅក្នុងព្រៃអង់តែន ដែលជាតំបន់ព្រៃអភិរក្សរបស់រដ្ឋនេះដែរ ច្បាប់មិនអនុញ្ញាតិឲ្យចូលកាប់ព្រៃនោះឡើយ បើអ្នកណាហ៊ានចូលទៅកាប់ត្រូវមានទោស។
កន្លងមក សមត្ថកិច្ចចាប់បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់បានជាច្រើនករណីមកហើយ ប៉ុន្តែ ជនល្មើសនៅតែប្រព្រឹត្ត ធ្វើឲ្យសមត្ថកិច្ចយើងមានការពិបាកក្នុងការបង្ក្រាប៕
ចែករំលែកព័តមាននេះ