ខេត្តកំពង់ធំ ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ជំហានទី២ នៅសាលប្រជុំសាលាក្រុងស្ទឹងសែន បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ កុម្ភៈ ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម លុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសមាជិក ប្រធានមន្ទីរនានាជុំវិញខេត្ត ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ និងប្រជាពលរដ្ឋសរុបចំនួន ១២២នាក់ ស្រី ២៥នាក់។
លោក ឡង គីសឹង នាយករដ្ឋបាលសាលាខេត្ត បានឡើងអានរបាយការណ៍ ស្តីអំពីវេទិកាសាធារណៈនាព្រឹកនេះ មានគោលបំណង រួមមាន ១. ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ ស្តីអំពីសមិទ្ឋិផលនានា ដែលក្រុមប្រឹក្សាខេត្តសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា ២. ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីអទិភាព នៃការអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំខាងមុខ ៣. ផ្តល់ឱកាសដល់ប្រជាពលរដ្ឋមានសិទ្ឋិចូលរួមបញ្ចេញយោបល់ និងអាចលើកឡើងនូវសំណួរពាក់ព័ន្ឋជាបញ្ហានានា ក្នុងមូលដ្ឋានរបស់ខ្លួន ៤. ធានាថាក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត លោកឆ្លើយតបបានតាមតម្រូវការចាំបាច់ និងសំណូមពររបស់ប្រជាពលរដ្ឋទាំងបុរសស្ត្រីបានស្មើៗគ្នា។
បន្ទាប់មក សមាជិកបានសួរសំណួរ រួមជាមួយនិងសំណូមពរ ដែលបានជួបប្រទះកន្លងមក មានដូចជាបញ្ហាដីធ្លី ការកាប់ឈើ ការនេសាទខុសច្បាប់ បរិស្ថាន ប្រព័ន្ឋស្រោចស្រព ការធ្វើទ្វារទឹកបន្ថែម។ល។ ដើម្បីឲ្យស្ថាប័ន មន្ទីរ ដែលពាក់ព័ន្ធធ្វើការដោះស្រាយឆ្លើយបំភ្លឺនូវរាល់បញ្ហា ដែលប្រជាពលរដ្ឋជួបប្រទះ។
ឯកឧត្តម លុក សម្បត្តិ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរខេត្ត សូមជម្រាបជូនអង្គវេទិកាថា យើងទាំងអស់គ្នាចង់បាននូវសេវាសាធាណៈយ៉ាងត្រឹមត្រូវ ស្តីអំពីតម្លៃសេវាត្រូវសរសេរដាក់តាំងជាសាធារណៈ ពីរដ្ឋបាលខេត្ត ក្រុង សង្កាត់ ហាមយកលើសតម្លៃកំណត់ ធ្វើឲ្យមានការប្រសើរឡើង ដូច្នេះ រាល់បញ្ហាអាទិភាព និងការផ្ដល់មតិយោបល់ទាំងអស់ខាងលើនេះ រដ្ឋបាលខេត្តនឹងពិចារណាដាក់បញ្ចូលទៅក្នុងផែនការអភិវឧ្ឍន៍កម្មវិធីវិនិយោគរបស់ខេត្ត ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន របស់យើងឲ្យកាន់តែប្រសើរឡើង កាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន តាមរយៈវេទិកាសាធារណៈនេះ។
ឯកឧត្តម អ៊ុត សំអន បានមានប្រសាសន៍ដោះស្រាយជូននូវរាល់សំណួរ និងសំណូមពរជាច្រើនទៀត ក្នុងនោះ ខេត្តបានខិតខំធ្វើការកែលម្អនូវសោភ័ណភាពខេត្ត ជាពិសេស គឺក្នុងក្រុងស្ទឹងសែន របស់យើងតែម្តង គោលបំណង នៃកិច្ចប្រជុំថ្ងៃនេះ ធ្វើយ៉ាងណារួមគ្នាកែលម្អនូវចំណុចអវិជ្ជមានក្នុងខេត្ត ការជំរិតទារប្រាក់ពីប្រជាពលរដ្ឋ និងដាក់ពិន័យផ្តន្ទាទោសចំពោះមន្រ្តីខិលខូចទៅតាមច្បាប់៕
ចែករំលែកព័តមាននេះ